អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ប្រាប់​ឲ្យ​ស្ថាប័ន​គយ​ទាំង​អស់​ចាត់វិធានការតាមដាន​ទប់ស្កាត់ការ​លួច​នាំចូល​ដោយ​ខុស​ច្បាប់​ផ្លែទុរេនស្រស់​តាមច្រក​របៀងក្នុងភូមិសាស្ត្រដែល​ស្ថាប័ន​គ្រប់គ្រង។

នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី១៣ ខែឧសភា អគ្គនាយកដ្ឋាន​គយ បាន​ប្រាប់​ឲ្យ​ស្ថាប័ន​គយ​ធ្វើ​ការ​ដក​យក​សំណាក​ផ្លែ​ទុរេន​គំរូ​នៅ​តាមគោលការណ៍ហានិភ័យ ឬតាមរូបភាពចោះៗ ដើម្បី​ធ្វើ​ការ​វិភាគ​ដែល​ធ្វើ​ឡើង​ដោយ​អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»។

អគ្គនាយកដ្ឋន​គយបន្ត​ថា៖ «ក្នុងករណីលទ្ធផលនៃការវិភាគបង្ហាញថា ផលិតផលមានសារធាតុប៉ះពាល់ដល់សុខភាព ឬ ខូចគុណភាព ត្រូវចាត់ចែងប្រមូលឬឃាត់ទុកទំនិញទាំងនោះ និងធ្វើរបាយការណ៍ស្នើសុំការ ចាត់វិធានការបន្តពី​អគ្គនាយកដ្ឋាន​គយ»។ 


វិធានការ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​មាន​ការ​បារម្ភ​ថា ទុរេនស្រស់ ឬ ត្រី​សាច់​បន្លែ​ផ្សេងៗ​ដែល​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង អាច​​ត្រូវ​បាន​ប្រើប្រាស់​សារធាតុ​គីមី ដូចជា​ក្នុង​ករណី​ធ្វើ​ឲ្យ​ផ្លែឈើ​​ឬ​បន្លែ​នៅ​ស្រល់​បាន​យូរ ឬ ឆាប់​ទុក។

កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត Dak Lak ដែល​ជា​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ខេត្ត​មណ្ឌល​គិរី​របស់​កម្ពុជា បានបង្ក្រាក​ករណី​ប្រើប្រាស់​សារធាតុ​គីមី ដែល​ធ្វើ​ឲ្យ​ផ្លែ​ទុរេន​ឆាប់​ទុំ ដែល​សារធាតុ​គីមី​នោះ មាន​តម្លៃ​រហូត​ដល់​ទៅ​ជិត ៤​​លាន​ដុល្លារ។ អាជ្ញាធរ​បាន​ចោទ​ប្រកាន់​មនុស្ស​ ២​នាក់ ដែល​រង​ការ​ចោទ​ប្រកាន់​ថា បាន​នាំ​សារធាតុ​គីមី​ដើម្បី​បន្ទុំ​ទុរេន ពី​ប្រទេស​ថៃ៕