ភ្នំពេញៈ កម្ពុជា និងថៃបានពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានឯកភាពគ្នាធ្វើការអនុវត្តទៅលើការងារសំខាន់ៗចំនួន៥ចំនុច ដើម្បីលើកកម្ពស់ប្រសិទ្ធភាពដោះស្រាយបញ្ហាគ្រឿងញៀន។

ការឯកភាពគ្នានេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគីលើកទី១៥ ស្ដីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តក្រាប៊ី ប្រទេសថៃ នាថ្ងៃទី១៤  ខែឧសភា ឆ្នាំ២០២៥។ 

ក្រោយពីបានធ្វើការពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ រវាងគ្នានឹងគ្នា ភាគីទាំង២ បានឯកភាពគ្នាទៅលើការងារចំនួន៥។ ក្នុងនោះរួមមាន ការត្រួតពិនិត្យគ្រឿងញៀន សារធាតុគីមីផ្សំ និង សារធាតុគីមី, ការវិភាគគ្រឿងញៀន និងការចងក្រងឯកសារ អត្តសញ្ញាណ។ ក្រៅពីនោះ ក៏មានការអប់រំ បង្ការ ការប្រើបំពានគ្រឿងញៀន,ការព្យាបាល ស្តារនីតិសម្បទានិង ចុងក្រោយគឺ កិច្ចសហការក្នុងការលើកកម្ពស់សមត្ថភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន 


កិច្ចប្រជុំនេះ ភាគគីកម្ពុជាដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងភាគីថៃដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ផានុរក្ស លក្ខបុណ្យ អគ្គលេខាធិការក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ។ 

លោកឧត្តមសេនីយ៍ឯក ផានុរក្ស លក្ខបុណ្យ បានលើកឡើងពីកិច្ចសហប្រតិបត្តិការការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនថៃ កម្ពុជា ក្រោមស្មារតីរួមគ្នាពិភាក្សាលើកកម្ពស់ប្រសិទ្ធភាពដោះស្រាយបញ្ហាគ្រឿងញៀន។ 


លោកក៏បានថ្លែងអរគុណដល់ភាគីកម្ពុជា ដែលតែងតែរួមសហការគ្នាយ៉ាងល្អសំដៅអនុវត្តឲ្យបាននូវខ្លឹមសារនៃកិច្ចប្រជុំទ្វេភាគីថៃ កម្ពុជា ដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង២ប្រទេស នូវសន្តិសុខ ភាពសុខសាន្តនិងការអភិវឌ្ឍ។ 

ក្នុងឱកាសនោះដែរ លោកនាយឧត្តមសេនីយ៍ មាស វីរិទ្ធ ក៏បានថ្លែងអំណរគុណដល់ភាគីថៃដែលតែងតែឧបត្ថម្ភគាំទ្រ ក្នុងគោលបំណងរួមគ្នាបង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀនឆ្លងកាត់ព្រំដែន។ បន្ថែមពីនោះ ក៏មាន ការបង្ការទប់ស្កាត់ការប្រើប្រាស់ និងព្យាបាលអ្នកញៀនគ្រឿងញៀន ការលួចបង្វែរសាធាតុគីមីផ្សំទៅធ្វើជាគ្រឿងញៀន តាមរយៈយន្តការទ្វេភាគី ដោយផ្ដោតទៅលើការងារពង្រឹងសមត្ថភាពមន្ត្រី ការងារស្រាវជ្រាវនានា ការផ្លាស់ប្ដូរព័ត៌មាន ដែលបម្រើដល់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ភាគីទាំង២ គឺសុទ្ធតែបានចាត់ទុកស្មារតី នៃកិច្ចប្រជុំនេះ ថាបានមកពីកិច្ចពិភាក្សាទូលំទូលាយ និងស៊ីជម្រៅប្រកបដោយស្មារតីមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក ដែលបង្ហាញលទ្ធផលប្រកបដោយផ្លែផ្កា និងជាផែនទីនាំផ្លូវក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសទាំង២ក៏ដូចជាការចូលរួមក្នុងយន្តការតំបន់ទាំងមូលឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមមួយកម្រឹតទៀត៕