កំពង់ស្ពឺៈ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតបានព្រមានដកមន្រ្តីបរិស្ថានចេញពីមុខតំណែង ប្រសិនបើមានការកាប់ឈើយកទៅសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ខ្នងផ្សារ ហើយបានជំរុញឱ្យប្រជាសហគមន៍ចូលរួមអភិរក្ស និងដាំដើមឈើ សម្រាប់គោលដៅលម្ហែបៃតង។

ការព្រមាននេះធ្វើឡើងនាថ្ងៃសុក្រ ទី១៦ ខែឧសភានេះ ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវចូលទៅតំបន់ភ្នំខ្នងផ្សារ និង​ហេដ្ឋារចនា​សម្ព័​ន្ធប​ម្រើ​ឱ្យគោ​លដៅ​លំហែបៃតងតំបន់ភ្នំខ្នងផ្សារ នៅបរិវេណវត្តតាំងបំពង់ ស្ថិតក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

លោករដ្ឋមន្រ្តីបានណែនាំមន្រ្តីបរិស្ថាន ដែលចូលរួមក្នុងពិធីនោះ ឱ្យប្រើប្រាស់ឈើ ដែលត្រូវបានគេកាប់រំលំរួចហើយ ដើម្បី ធ្វើគន្លងផ្លូវអូសខ្សែអគ្គិសនីនាពេលកន្លងមកនោះ យកទៅប្រើប្រាស់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ មណ្ឌលនានា និងផ្លូវឡើងទៅលើភ្នំ ដោយមិនឱ្យមានការដឹកឈើទាំងនោះចេញ និងកាប់ថ្មីនោះទេ។


លោករដ្ឋមន្រ្តី សុផល្លែតបានបញ្ជាក់ថា៖«ហាម ដាច់ខាតមិនឱ្យកាប់ឈើ យកមកប្រើប្រាស់សម្រាប់ ការសាងសង់អ្វីទាំងអស់នៅទីនេះ។ សម្តេចធិបតីឡើងភ្នំខ្នងផ្សារ ទៅដល់លើ គាត់សួររកចៅហ្វាយស្រុក គាត់សួររកប្រធានដែន[ជម្រកសត្វព្រៃ] ប្រធានការិយាល័យ។ គាត់ថាបើបាត់ដើមឈើមួយដើម បាត់ប្រធានការិយាល័យដែរ។ រាប់ដាក់ដ្រូនរាប់។ បើបាត់ដើម​ឈើ គឺបាត់ប្រធានការិយាល័យដែរ។ មន្ទីរបរិស្ថានស្តាប់ អត់និយាយលេងទេ។ ខ្ញុំចាត់ការ តាមអនុសាសន៍របស់សម្តេចធិបតី»។

លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែតបានដឹកនាំ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្ត ចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅតំបន់ខ្នងផ្សារ និងភ្នំសំពៅកាលពីខែមីនាកន្លងមក។ ក្រោយមក ក៏មានការដកហូតដីពីក្រុមហ៊ុនចំនួន៤ផងដែរ ដើម្បីយកមកអភិវឌ្ឍ ឱ្យប្រជាសហគមន៍រលាក់កងជើងគ្រប់គ្រងវិញ។


ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវចូលទៅតំបន់ភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅលំហែបៃតងតំបន់ភ្នំខ្នងផ្សារ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានព្រមានដកមន្រ្តីបរិស្ថាន ប្រសិនបើការកាប់ឈើយកទៅសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ខ្នងផ្សារ។ រូបថត ក្រសួងបរិស្ថាន

ផ្លូវចូលទៅតំបន់ភ្នំខ្នងផ្សារ ដែលត្រូវបានបើកការដ្ឋានសាងសង់នេះ មានប្រវែងជាង៧គីឡូម៉ែត្រ និងទទឹង៨ម៉ែត្រ ដែលគិតចាប់ពីចំណុចមុខវត្តតាំងបំពង់ ទៅដល់ចង្កេះភ្នំដំណាក់ដំរី ស្ថិតក្នុងភូមិតាំងបំពង់ ឃុំតាសាល។ ផ្លូវ ដែលតភ្ជាប់ពី​ ផ្លូវជាតិ៤៨.៤នេះ សាងសង់ឡើងដោយចាក់គ្រួសក្រហម និងក្រាលថ្មផេះ(ថ្មមិច)។

ចំណែកឯចាប់ពីចង្កេះភ្នំដំណាក់ដំរី ឡើងទៅចំណុចដានព្រះនៅលើភ្នំខ្នងផ្សារ គឺនឹងត្រូវសាងសង់ផ្លូវចំនួន២ផ្សេងគ្នា គឺផ្លូវបេតុង និងផ្លូវសម្រាប់ថ្មើរជើងចម្ងាយ៤គីឡូម៉ែត្រ។ នៅត្រង់ចំណុចជើងភ្នំដំណាក់ដំរីនេះ នឹងមានសាងសង់មណ្ឌលព័ត៌មានមួយ មណ្ឌលសង្គ្រោះបឋមមួយ បន្ទប់ទឹក ចំណតឡាន-ម៉ូតូ និងហាងកាហ្វេជាដើម។ ហេដ្ឋារចនាសម្ព័ន្ធទាំងនេះនឹងចាប់ផ្តើមសាងសង់ស្របពេលជាមួយនឹងផ្លូវចូលនេះផងដែរ ហើយនឹងត្រូវប្រគល់ជូនសហគមន៍មូលដ្ឋាន ដើម្បីធ្វើជាម្ចាស់ គ្រប់​គ្រង ដោយមានការបណ្តុះបណ្តាលត្រឹមត្រូវ។

លោកមានប្រសាសន៍ថា៖«ខ្ញុំទិញម៉ាស៊ីនឆុងកាហ្វេជូន ហើយរកលុយចុះ។ បង្រៀនទៀត ហើយធ្វើថៅកែខ្លួនឯង។ សហគមន៍ និងប្រជាពលរដ្ឋ ជាថៅកែ។ មិនចាំបាច់ពឹងគេទេ គ្រាន់តែឆុងកាហ្វេលក់ហ្នឹង។ ចំណតឡានម៉ូតូ ធ្វើហើយគ្រាន់តែដាក់សំបុត្រយកលុយបំរើសហគមន៍ហ្នឹង»។ ប៉ុន្តែអ្វីដែលក្រសួងចង់បាន គឺសំណូមពរឱ្យសហគមន៍ចូលរួមថែរក្សាព្រៃឈើ ដោយក្រសួង និងមន្ទីរបរិស្ថានខេត្តជាអ្នកផ្តល់កូនឈើជូន។

លោករដ្ឋមន្រ្តីក៏បានឱ្យដឹងផងដែរថា នៅតាមផ្លូវថ្មើរជើង និងមានការធ្វើកន្លែងសម្រាកសម្រាប់ភ្ញៀងទេសចរជាដំណាក់ៗ ដោយយកថ្មដែលមានស្រាប់យកទៅរៀបចំ។ បន្ថែមពីនោះ ក៏នឹងមានការផ្តល់ទឹកស្អាត ឱ្យភ្ញៀវបរិភោគផងដែរ ដោយមិនចាំបាច់ប្រើដបប្លាស្ទិក ដាក់ទឹកទៅតាមខ្លួននោះទេ ដែលនាំឱ្យមានការបំពុលបរិស្ថាន។

មន្រ្តីបរិស្ថាន និងអ្នកចូលរួម ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវចូលទៅតំបន់ភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅលំហែបៃតងតំបន់ភ្នំខ្នងផ្សារ នាថ្ងៃសុក្រ ទី១៦ ឧសភា។ រូបថត ផាក់ ស៊ាងលី

ក្រៅពីនោះ លោករដ្ឋមន្រ្តីក៏បានណែនាំឱ្យប្រជាសហគមន៍នាំគ្នាដាំដើមឈើហូបផ្លែ និងប្រភេទផ្កាលម្អចម្រុះនៅកន្លែងសម្រាកនៅតាមផ្លូវថ្មើរជើងនេះផងដែរ។

លោករដ្ឋមន្ត្រីថ្លែងថា៖«សូមសហគមន៍នំាគ្នាដាំទៅ។ ដាំនៅពេលនេះ នៅ៥ឆ្នាំក្រោយបានផល ហើយយើងនឹងមានមោទនភាព...យើងគិតឱ្យវែងឆ្ងាយ យើងបន្សល់ទុកសម្រាប់ក្មេងជំនាន់ក្រោយៗទៀត។ បើអស់ព្រៃត្រងោល ក្មេងជំនាន់ក្រោយអាចមិនមិនសរសើរ តែអាចបណ្តាសារក៏មិនដឹង»។

លើសពីនោះ ក៏មានការស្ថាបនាប្រព័ន្ធទឹកស្អាត និងឡដុតសំរាម ដែលដំណើរការដោយសូឡាពន្លឺព្រះអាទិត្យផងដែរ។

ចំពោះការស្ថាបនាផ្លូវបេតុងនោះវិញ ក្រសួងកំពុងតែធ្វើការសិក្សាបន្ថែម ព្រោះថាក្នុងរដូវវស្សានេះ ក៏មានការលំបាកសម្រាប់ការសាងសង់នៅតំបន់នោះផងដែរ។ ប៉ុ​ន្តែប្លង់បានចេញ និងប្រមុខរដ្ឋាភិបាលក៏បានឯកភាព លើគម្រោងគោលដៅលម្ហែបៃតងមួយនេះផងដែរ។

គម្រោងនេះធ្វើឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់ តាមរយៈគម្រោងលម្ហែបៃតង។ ការបើកការដ្ឋានសាង់សង់នេះ ក៏ជាឱកាសដ៏មានអត្ថន័យយ៉ាង ជ្រាលជ្រៅ និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ សម្រាប់ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងពិសេសសម្រាប់ ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ភ្នំខ្នងផ្សារ។

លោកស្រីសៅ ស៊ីនតំណាងសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើងថ្លែងថា សមិទ្ធផលទាំងនេះនឹងក្លាយជាចំណងដៃថ្មី និងពិតជាបានចូលរួមចំណែកក្នុងការជួយលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។

លោកស្រីលើកឡើងថា៖«ហេដ្ឋារចនាសម្ព័ន្ធ ដែលគាំទ្រ និងផ្តល់ជំនួយដល់ទេសចរណ៍ធម្មជាតិ នៃតំបន់ភ្នំខ្នងផ្សារ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋផ្ទាល់ ជាពិសេសតាមរយៈការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ ក៏ដូចជាការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិផងដែរ»។

តំបន់ភ្នំខ្នងផ្សារ ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ដែលមានផ្ទៃដី ៩២៦ ១២៣ ហិកតា គ្រប​ដណ្តប់​លើភូមិ​សាស្ត្រ​ខេត្តចំនួន៥។ ក្នុងនោះ រួមមាន ខេត្តកោះកុង ពោធិ៍សាត់ កំពង់ស្ពឺ ព្រះសីហនុ និងខេត្តបាត់ដំបង ដែល​មាន​សក្តានុ​ពល​យ៉ាង​ខ្ពស់សម្រាប់ការអភិវឌ្ឍជាគោលដៅលម្ហែបៃតង និងទេសចរណ៍ធម្មជាតិ។ តំបន់នេះសម្បូរទៅដោយធនធានជីវៈចម្រុះ ដែលរួមមានរុក្ខជាតិចំនួន ២២១ ប្រភេទ និងសត្វព្រៃ ៣៦៩ ប្រភេទ ដូចជា សត្វដំរីអាស៊ី ខ្លាឃ្មុំ ខ្លាពពក ទន្សោង និងសត្វកម្រជាសកលផ្សេងៗទៀត ដែលជា ចំណែកមួយស្ថិតក្នុងបញ្ជីក្រហម របស់អង្គការIUCN​។ លើសពីនេះ ព្រៃឈើ វាលស្មៅ បឹង ទឹកធ្លាក់ និងជ្រលងធម្មជាតិ ក្នុងតំបន់ បង្កើត​បានជា​ទេស​ភាព​ធម្មជាតិដ៏​ស្រស់​ស្អាតគ្រប់រដូវ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងអភិវឌ្ឍជាដែនដីបៃតងមានសក្តានុពល៕