ភាព​ស្រពិចស្រពិល​លើ​ជោគ​វាសនា​អនាគត​របស់​ព្រលាន​យន្តហោះ​ពោធិ៍​ចិនតុង ត្រូវ​បាន​ជម្រះ​ហើយ​ ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់​ថា រូប​លោក ក៏​ដូចជា​អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន មិន​ដែល​មាន​គម្រោង​លក់​ព្រលាន​យន្ត​ហោះ​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទេ គឺ​ទុក​ជា​សម្បត្តិ​រដ្ឋ និង​ជា​ប្រយោជន៍​របស់​ប្រជាជន។

ថ្លែង​ក្នុង​ពិធី​រំឭក​ខួប ៨០​ឆ្នាំ​នៃ​ការ​បង្កើត​កង​កម្លាំង​នគរបាល​ជាតិ នៅ​ព្រឹក​ថ្ងៃទី១៦ ឧសភា​នេះ​ លោក ហ៊ុន ម៉ាណែត បញ្ជាក់​ច្បាស់ៗ​ថា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​ពលរដ្ឋ​ខ្មែរ​ទូទៅ​ស្គាល់​ឈ្មោះ​ព្រលាន​យន្តហោះ​ពោធិ៍​ចិន​តុង នឹង​មិន​មាន​ការ​លក់​ដូរ​នោះ​ទេ ហើយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​នឹង​គ្រប់​គ្រង​លើ​ព្រលាន​នេះ​ទៅ​ថ្ងៃ​អនាគត។

លោក​ថា ការ​រក្សា​ទុក​ទីតាំង​នេះ ព្រោះ​វា​មាន​តម្លៃ​ប្រវត្តិសាស្ត្រ​ ហើយ​វា​ផ្ដល់​ផលប្រយោជន៍​សាធារណៈ​ជាពិសេស​អ្នក​រាជធានី​ភ្នំពេញ។ លោក​ក៏​បញ្ជាក់​ដែរ​ថា ក្រោយ​ពេល​ប្រតិបត្តិការ​ហោះ​ហើរ​នានា​ត្រូវ​ផ្ទេរ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ នៅ​ខែ​កក្កដា​នេះ ទីតាំង​និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់​នេះ​នឹង​ត្រូវ​គ្រប់គ្រង ថែរក្សា និង​ប្រើប្រាស់​ដោយ​ចីរភាព ទៅ​តាម​រូបមន្ត​ឬ​ទម្រង់​ណា​មួយ ​ដោយ​ធានា​រក្សា​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​រដ្ឋ។


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់​នៅ​ថ្ងៃ​ទី១៦ ខែឧសភា​ ថា ព្រលាន​យន្ត​ហោះ​នេះ​នឹង​មិន​លក់​ឲ្យ​ឯកជន​ទេ។ STPM

យោង​តាម​សៀវភៅ «នរោត្តម សីហនុ៖ សង្គមរាស្ត្រនិយម​ ការ​អភិវឌ្ឍ​ទូទៅ​នៅ​ទសវត្សរ៍​១៩៦០» ​បោះពុម្ពផ្សាយ​ឆ្នាំ​១៩៩១ អាកាសចរណ៍​ស៊ីវិល​កម្ពុជា​ចាប់​កំណើត​នៅ​ឆ្នាំ​១៩៥៤ ​មួយ​ឆ្នាំ​ក្រោយ​ពេល​កម្ពុជា​ទទួល​ឯករាជ្យ​ពី​បារាំង។ ពេល​នោះ​មាន​ព្រលាន​យន្តហោះ​តែ​២​ទេ គឺ​ព្រលានយន្តហោះ​ពោធិ៍​ចិនតុង នៅ​ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប។


យោង​តាម​សៀវភៅ​ដដែល​នេះ​ នៅ​ឆ្នាំ​១៩៥៦ ក្រុម​ហ៊ុន Royal Air Cambodge ក៏​ចាប់​កំណើត​ឡើង​ហើយ​ក៏​ដំណើរ​ការ​ហោះ​ហើរ​ទាំង​នៅ​ភ្នំពេញ​និង​សៀមរាប។ ដំបូង​ឡើយ​ ព្រលាន​យន្ត​ហោះ​ពោធិ៍ចិនតុង​មាន​ផ្លូវ​រត់​ចាក់​បេតុង​ប្រវែង​ ១៨០០​មែត្រ មុន​ពេល​ត្រូវ​បាន​ពង្រីក​ជា​បន្ត​បន្ទាប់​ដល់ ៣០០០​ម៉ែត្រ។ នៅ​ឆ្នាំ​១៩៦១ យន្តហោះ​ Boeing និង​ប្រភេទ​យន្តហោះ​ធំៗ​ផ្សេង​ទៀត​​ចាប់​ផ្ដើម​ចុះចត​នៅ​ព្រលាន​នេះ។

យោង​តាម​ឯកសារ​ពី​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ព្រលាន​យន្ត​ហោះ​នេះ​ត្រូវ​បាន​សាង​សង់​ឲ្យ​ទៅ​ជា​កម្រិត​អន្តរជាតិ ដោយ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី៤ ខែ​ធ្នូ ឆ្នាំ​១៩៥៦ ហើយ​រួច​រាល់​ដាក់​ដំណើរ​កា​នៅ​ថ្ងៃ​ទី១៥ ខែមករា ឆ្នាំ​១៩៥៩។ ព្រលាន​យន្ត​ហោះ​នេះ​កសាង​ក្នុង​ថវិកា ១៣៤,៤​លាន​រៀល​នៅ​សម័យ​នោះ ដែល​ក្នុង​នោះ​មាន​ទាំង​ថវិកា​ពី​ភាគី​បារាំង ថវិកា​រដ្ឋាភិបាល និង​ថវិកា​បដិភាគ។

នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរក្រហម​ចាប់​ពី​ថ្ងៃ​១៧ មេសា​ ១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ព្រលាន​យន្ត ហោះ​ពោធិ៍ចិន​តុង ត្រូវ​កម្រិត​ជើង​ហោះ​ហើរ​ ដោយ​មាន​តែ​ជើង​ហោះហើរ​ពី​ទីក្រុង​ប៉េកាំង​ និង​ព្យុងយ៉ាង​ ប៉ុណ្ណោះ ដែល​ការ​ហោះ​ហើយ​ទាំង​នោះ​គឺ​សម្រាប់​ដឹក​ជញ្ជូន​យោធា និង​ជំនួយ​មនុស្សធម៌។

អាកាស​យានដ្ឋាន​អន្តរជាតិ​ពោធិ៍ចិន​តុង ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ២០០៣។

ព្រលាន​យន្តហោះ​ពោធិ៍ចិនតុង​នៅ​សម័យ​ខ្មែរ​ក្រហម។ DC-Cam

លោក​ ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារកម្ពុជា (DC-Cam) ថ្លែង​ថា ព្រលាន​យន្តហោះ​ដែល​មាន​អាយុកាល​ជាង ៧០​ឆ្នាំ​នេះ​គឺ​ជា​​សមិទ្ធផល​របស់​សម័យ​សង្គម​រាស្ត្រនិយម​ និង​ជា​បេតិកភណ្ឌ​ជាតិ។ វា​បាន​ឆ្លង​កាត់​សម័យ​កាល​ជា​ច្រើន តាំង​ពី​សង្គ្រាម សន្តិភាព អំពើ​ប្រល័យ​ពូជសាសន៍ ពោល​គឺ​ទាំង​ជំនាន់​វឹកវរ និង​ជំនាន់​រីក​ចម្រើន​របស់​កម្ពុជា។

លោក​លើក​ឡើង​ថា៖ «ព្រលាន​យន្ត​ហោះ​នេះ​គឺ​ជា​ភស្តុតាង​មួយ​ដែល​គួរ​តែ​ទុក​ជា​ទ្រព្យ​សម្បត្តិ​របស់​ជាតិ ហើយ​គួរ​តែ​មាន​ផ្នែក​ណា​មួយ​នៃ​ទី​នេះ​ មាន​ការ​តាំង​ពិព័រណ៍​នៃ​ប្រវត្តិ​ព្រលាន​យន្តហោះ​មួយ​នេះ​ដែល​ជា​និមិត្តរូប​នៃ​ការ​រើ​បម្រះ​ពី​របប​អាណានិគម ពី​អំពើ​ប្រល័យ​ពូជសាសន៍ និង​បង្ហាញ​ពី​ការ​រស់​ឡើង​វិញ​នៃ​ប្រទេស​កម្ពុជា​របស់​យើង»។

លោក​បន្ត​ថា៖ «ជា​មនោសញ្ចេតនា ទីនេះ ខ្មែរ​រាប់​លាន​នាក់​បាន​ឆ្លង​កាត់ បាន​ស្គាល់ ទោះ​បី​មាន​ការ​ប្រែប្រួល​រូបភាព​មួយ​ចំនួន ក៏​ដូចជា​ឈ្មោះ​ក៏​ដោយ​ ក៏ប៉ុន្តែ​យើង​នៅ​តែ​ហៅ​ទីនេះ​ថា ព្រលាន​យន្តហោះ​ពោធិ៍​ចិនតុង​មក​ទល់​សព្វ​ថ្ងៃ​នេះ»។

លោក​ ឆាំង យុក បន្ត​ថា សមិទ្ធផល​បែប​នេះ​មាន​ប្រយោជន៍​កាន់​តែ​ខ្លាំង​នៅ​ពេល​ប្រទេស​កម្ពុជា​កាន់​តែ​ជឿន​លឿន​ទៅ​មុខ​ ហើយ​វា​គឺ​ជា​សក្ខីកម្ម និង​ជា​អ្វី​ដែល​យុវជន​ជំនាន់​ក្រោយ​ត្រូវ​ការ​ដើម្បី​សបញ្ជាក់​ពី​ការ​រស់​ឡើង​វិញ​របស់​កម្ពុជា។​

លោក​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀបចំ​តាំង​ពិព័រណ៍​រូបថត​អចិន្ត្រៃយ៍​នៅ​ព្រលាន​យន្ត​ហោះ​នេះ ដោយ​មាន​ទាំង​ឯកសារ​ដែល​អាច​រក​បាន និង​សក្ខីកម្ម​ពី​សាក្សី​ដែល​បាន​ដឹង​​ពី​ប្រវត្តិ​ព្រលាន​យន្តហោះ​នេះ​​នៅ​រស់​រាន​មាន​ជីវិត។ ការ​រក្សា​ប្រវត្តិសាស្ត្រ​ព្រលាន​យន្ត​ហោះ​នេះ​គឺ​ជា​ទី​ចាប់​អារម្មណ៍​របស់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ដែល​បន្ត​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទីនេះ​នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត។

រូប​ភាពពី​លើ​អាកាស​នៃ​ព្រលាន​យន្តហោះ​ពោធិ៍ចិនតុង។ FN

លោក​​បន្ត​ថា៖ «បច្ចុប្បន្ន​នេះ ចាស់ៗ​​ដែល​ធ្លាប់​ធ្វើ​ការ​នៅ​ទី​នោះ​ក៏​នៅ​រស់ អ្នក​ឆ្លង​កាត់​ទី​នោះ​ក៏​នៅ​រស់ ទាំង​សមាជិក​ខ្មែរ​ក្រហម​នៅ​រស់។ អីចឹង បើ​យើង​មាន​សាច់​រឿង​អ្នក​ទាំង​អស់​នោះ​ដាក់​តាំង​តាម​ជញ្ជាំង​គឺ​ល្អ​តែ​ម្ដង។ បើ​យើង​ចាំ​បន្តិច​ទៀត គាត់​អាច​ស្លាប់​អស់​ ហើយ​យើង​មិន​ដឹង​ទៅ​សម្ភាស​អ្នក​ណា ព្រោះ​សាក្សី​រស​មាន​សារៈ​សំខាន់​ណាស់»។

តាម​ផែនការ​របស់​រដ្ឋាភិបាល ព្រលាន​យន្ត​ហោះ​នេះ​នឹង​លែង​មាន​យន្ត​ហោះ​ចុះ​ចាប់​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា​ខាង​មុខ​នេះ ដោយ​ការ​ហោះ​ហើរ​ទាំង​អស់​នឹង​ផ្ទេរ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ដែល​នៅ​ឆ្ងាយ​ពី​ទីតាំង​នេះ​ប្រមាណ ៣៥​គីឡូម៉ែត្រ៕