
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដឹកនាំមន្រ្តីពាក់ព័ន្ធចុះពិនិត្យ តំបន់ខ្នងផ្សារកាលពីខែមីនាកន្លងមក។ រូបថត ក្រសួងបរិស្ថាន
កំពង់ស្ពឺៈ ក្រសួងបរិស្ថានបានសម្ពោធបើកការដ្ឋានសាងសង់ផ្លូវចូលទៅតំបន់ភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅលំហែបៃតងតំបន់ភ្នំខ្នងផ្សារនាព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ។
ពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវនេះ ធ្វើឡើងក្រោមអធិបតីភាព រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតនៅបរិវេណវត្តតាំងបំពង់ ស្ថិតក្នុងភូមិសាស្រ្ដភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ផ្លូវចូលនេះមានប្រវែងជាង៧គីឡូម៉ែត្រ។
ក្រសួងបរិស្ថានបានលើកឡើងថា ពិធីសម្ពោធការដ្ឋានសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធភ្នំខ្នងផ្សារ ជាការបញ្ជាក់យ៉ាងច្បាស់ពី ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ ក្នុងការបង្កើនល្បឿនអភិវឌ្ឍន៍ជនបទ ការតភ្ជាប់ដែនដី សេដ្ឋកិច្ចបៃតង និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ គម្រោងដែលត្រូវបានសម្ពោធនេះ គឺវាមានន័យលើសការពីសាងសង់ផ្លូវ ឬសំណង់ ស្ថាបត្យកម្ម។ វាគឺជារូបសញ្ញានៃក្តីសង្ឃឹម និងការចូលរួមសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាល សហគមន៍ ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋ ដើម្បីបញ្ចេញសក្តានុពលដ៏សម្ងាត់របស់តំបន់មួយ ដែលត្រូវបានបំភ្លេច អស់រយៈពេលយ៉ាងយូរមកហើយ។
លើសពីនេះ គម្រោងនេះ ជាការបើកទ្វារឱ្យប្រជាពលរដ្ឋអាចរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង មានឱកាសក្នុងវិស័យលម្ហែបៃតង និងអភិវឌ្ឍសហគមន៍ ពោលគឺ ការរួម បញ្ចូលរវាងការអភិរក្ស និងជីវភាពសហគមន៍មូលដ្ឋាន ដែលនឹងមានការរៀបចំជាគោលដៅលំហែបៃតងថ្មីមួយ ដែលមានលក្ខណៈស្តង់ដាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាធម្មជាតិ ដ៏ស្រស់ត្រកាល នៅទីនេះ សំដៅលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។
គម្រោងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាមានផ្លូវ ទីតាំងចតរថយន្ត បន្ទប់ទឹក និងកន្លែងងូតទឹក មជ្ឈមណ្ឌលព័ត៌មាន មជ្ឈមណ្ឌលសង្គ្រោះបឋម អាហារដ្ឋាន និងការអភិវឌ្ឍទីតាំងសម្រាប់បោះតង់ជាដើម។ គម្រោងសាងសង់នេះមានការរចនាគិតគូរបញ្ចូលស្ថាបត្យកម្មខ្មែរ និងនឹងប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជាពន្លឺព្រះអាទិត្យ ជំនួសឱ្យថាមពលអគ្គិសនីផងដែរ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត និងមន្រ្តីពីស្ថាប័នពាក់ព័ន្ធចុះពិនិត្យតំបន់ខ្នងផ្សារ ដើម្បីរៀបចំធ្វើការអភិវឌ្ឍបៃតងនាពេលថ្មីៗនេះ។ រូបថត ក្រសួងបរិស្ថាន
តំបន់ភ្នំខ្នងផ្សារ ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ដែលមានផ្ទៃដី ៩២៦ ១២៣ ហិកតា គ្របដណ្តប់លើភូមិសាស្ត្រខេត្តចំនួន៥។ ក្នុងនោះ រួមមាន ខេត្តកោះកុង ពោធិ៍សាត់ កំពង់ស្ពឺ ព្រះសីហនុ និងខេត្តបាត់ដំបង ដែលមានសក្តានុពលយ៉ាងខ្ពស់សម្រាប់ការអភិវឌ្ឍជាគោលដៅលម្ហែបៃតង និងទេសចរណ៍ធម្មជាតិ។
តំបន់នេះសម្បូរទៅដោយធនធានជីវៈចម្រុះ ដែលរួមមានរុក្ខជាតិចំនួន ២២១ ប្រភេទ និងសត្វព្រៃ ៣៦៩ ប្រភេទ ដូចជា សត្វដំរីអាស៊ី ខ្លាឃ្មុំ ខ្លាពពក ទន្សោង និងសត្វកម្រជាសកលផ្សេងៗទៀត ដែលជា ចំណែកមួយស្ថិតក្នុងបញ្ជីក្រហម របស់អង្គការIUCN។
លើសពីនេះ ព្រៃឈើ វាលស្មៅ បឹង ទឹកធ្លាក់ និងជ្រលងធម្មជាតិ ក្នុងតំបន់ បង្កើតបានជាទេសភាពធម្មជាតិដ៏ស្រស់ស្អាតគ្រប់រដូវ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងអភិវឌ្ឍជាដែនដីបៃតងមានសក្តានុពល។
ក្រៅពីនេះ តំបន់ភ្នំខ្នងផ្សារក៏ជាទីតាំង ដែលអាចតភ្ជាប់គ្នាជាមួយតំបន់សក្តានុពល និងតំបន់ គោលដៅលម្ហែបៃតង ផ្សេងទៀតនៅក្នុងតំបន់ ដើម្បីបង្កើតជារបៀងទេសចរណ៍ធម្មជាតិ។ ក្នុងនោះមានដូចជា សហគមន៍ទេសចរណ៍ ធម្មជាតិចំបក់ ឧទ្យានជាតិគិរីរម្យ តំបន់ទេទឹកពុះ ដែលជាប្រភពទឹកក្តៅធម្មជាតិ តែមួយគត់នៅកម្ពុជា សហគមន៍ទេសចរណ៍ធម្មជាតិស្រែកិន ការឡើងកំពូលភ្នំឱរ៉ាល់ ការតភ្ជាប់ពីតំបន់ ខ្នងផ្សារទៅគោលដៅ លម្ហែបៃតងផ្សេងទៀតនៅខេត្តកោះកុង និងខេត្តពោធិ៍សាត់ជាដើម ដែលអាចផ្តល់ ជាជម្រើស និងគោលដៅទស្សនាដ៏សម្បូរបែប ប្លែកៗគ្នា បំពេញឱ្យគ្នាទៅវិញទៅមក ចូលរួមបង្កើនចំណូល សម្រាប់សហគមន៍ និងការអភិវឌ្ឍនសេដ្ឋកិច្ចមូលដ្ឋាន។
ដើម្បីរៀបចំគោលដៅលម្ហែបៃតងមួយនេះ ឱ្យកាន់តែមានភាពទាក់ទាញ ប្រកួតប្រជែង និងការអភិវឌ្ឍ ផលិតផល និងសេវាកម្មទេសចរណ៍ធម្មជាតិប្រកបដោយគុណភាព ស្តង់ដា ទទួលខុសត្រូវ និងមានចីរភាព ជាការចាំបាច់ណាស់ដែលរាជរដ្ឋាភិបាលត្រូវរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវខ្លោងទ្វារចូលក្នុង ឧទ្យានចំណតយានយន្ត ប្រព័ន្ធបំភ្លឺដោយប្រព័ន្ធព្រះអាទិត្យ ទឹកស្អាត ទីកន្លែងបោះតង់ ផ្លូវថ្មើជើងក្នុងព្រៃ ស្លាកសញ្ញា កន្លែងសង្គ្រោះបឋម កន្លែងបោះតង់ អាហារដ្ឋាន និងការទុកដាក់សំរាម។
ហើយទាំងអស់នេះ នឹងត្រូវសាងសង់តាមរចនាបទខ្មែរ និងមានមេត្រីភាពជាមួយនឹងបរិស្ថាននៅទីនេះផ្ទាល់ នឹងត្រូវផ្តល់ជូន សហគមន៍មូលដ្ឋានធ្វើការគ្រប់គ្រង ប្រើប្រាស់ ថែរក្សា ប្រកបដោយនិរន្តរភាព ក្នុងគោលដៅលើកកម្ពស់ ជីវភាពគ្រួសារ ប្រែក្លាយសហគមន៍ឱ្យទៅជាសហគ្រិនប្រកបដោយភាពជាម្ចាស់ ដែលជាការប្តូរពីការពឹងផ្អែក លើការកាប់ឈើ និងបរបាញ់សត្វព្រៃដោយខុសច្បាប់មកចូលរួមចំណែកក្នុងការការពារ អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ៕