​ភ្នំពេញ​៖ កម្ពុជា​បាន​សម្រិត​សម្រាំង​បេក្ខជន​ ផ្នែក​សន្តិសុខ​សាយ​ប័​រ ចំនួន ៥រូប ពី​បេក្ខភាព​សរុប​ ១០០​នាក់ ដើម្បី​បន្ដ​ពង្រឹង​សមត្ថភាព​ប្រកួត​ប្រជែង​ជាមួយ​ក្រុម​សន្តិសុខ​សាយ​ប័​រថ្នាក់​អាស៊ី​នៅខែ​តុលា​ខាង​មុខ។

ក្រោយ​ឆ្លងកាត់​ការប្រកួតប្រជែង រយៈពេល ៨​ម៉ោង កម្មវិធី​ប្រកួត​ថ្នាក់ជាតិ ផ្នែក​សន្តិសុខ​សាយ​ប័​រ ប្រចាំឆ្នាំ​២០២៥ បាន​រកឃើញ​បេក្ខជន​ឆ្នើម ដែលមាន​សមត្ថភាព និង​​អាច​តំណាងឱ្យ​ប្រទេស​កម្ពុជា​ចេញទៅ​ប្រកួត​ថ្នាក់​តំបន់ ដែល​នឹង​រៀបចំឡើង​នៅ​ប្រទេស​ថៃ​។​

ពិធី​ប្រគល់​ពានរង្វាន់​កម្មវិធី​ប្រកួតប្រជែង​ថ្នាក់ជាតិ ផ្នែក សន្តិសុខ​សាយ​ប័​រ ប្រចាំឆ្នាំ ២០២៥ “Cambodia National Cybersecurity Competition 2025” បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៨ ខែឧសភា នា​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល កម្ពុជា (CADT) ក្រោម​វត្តមានលោក​ ជុន វ៉ាត រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។


យោងតាម​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​បង្ហាញថា៖ «​​បន្ថែមពី​បេក្ខជន​ឆ្នើម ៥​រូបនេះ កម្មវិធី​ក៏បាន​ជ្រើសរើស​បេក្ខជន​បេ​ក្ខ​នារី​ឆ្នើម​ចំនួន ១៥​រូប​បន្ថែម​ទៀត ដើម្បី​ទទួលបាន​ការបណ្ដុះបណ្ដាល និង​ពង្រឹង​ជំនាញ បច្ចេកទេស ផ្នែក​សន្តិសុខ​សាយ​ប័​រ ពី​គ្រូ​បង្គោល រយៈពេល ៤ ខែ»។

ក្រសួងបានបន្ដថា​៖ «​​ក្នុងចំណោម បេក្ខជន​ទាំង ២០​រូបនេះ នឹង​ជម្រុះ​យកតែ ៤​នាក់ ដើម្បី​តំណាង ប្រទេស​​កម្ពុជា ចេញទៅ​ចូលរួម​ប្រកួតប្រជែង វគ្គ​តំបន់​អាស៊ាន (ASEAN ROUND) និង​វគ្គ​អាស៊ាន​សាយ​ប័​រ​ស៊ី​ហ្គេម (ASEAN Cyber SEA Game) ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​អាស៊ាន​-​ជប៉ុន សម្រាប់​កសាង​សមត្ថភាព​សន្តិសុខ​សាយ​ប័​រ ASEAN- Japan Cybersecurity Capacity Building Centre (AJCCBC) នៅ​ប្រទេស​ថៃ​អំឡុង​ខែតុលា​ខាងមុខនេះ​»។​


ក្រៅពីការលើកទឹកចិត្ដ​ឱ្យ​បេក្ខភាព​កម្ពុជា ២០រូប​ខិតខំប្រឹងប្រែង​ពង្រឹង​សមត្ថភាព លោក វ៉ាត បាន​​​បញ្ជាក់ថា កម្មវិធី​ប្រកួត​ថ្នាក់ជាតិ​សន្តិសុខ​សាយ​ប័​រ​ប្រចាំឆ្នាំ ២០២៥ បង្ហាញ​ពី​ការចូលរួម​យ៉ាងសកម្ម​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្នុងការ​ការលើកកម្ពស់​មូលធន​ឌីជីថល នៅក្នុង​វិស័យ​សន្តិសុខ​សាយ​ប័​រ និង​ការប្រកួតប្រជែង​ក្នុង​វិស័យ​សន្តិសុខ​សាយ​ប័​រ​នៅ​ប្រទេស​កម្ពុជា និង​ក្នុង​តំបន់​។​

ជ័យលាភី​ទាំង ៥​រូប ដែល​បានឈ្នះ​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ថ្នាក់ជាតិ​ផ្នែក សន្តិសុខ​សាយ​ប័​រ ប្រចាំឆ្នាំ ២០២៥ រួមមាន​៖

ជ័យលាភី​លេខ ១ លោក ប៉ាន់ វិច្ឆិកា ទទួលបាន​ប្រាក់រង្វាន់​ចំនួន ២​លាន​រៀល​ ​​លេខ ២ លោក ស៊ុន គីម​ស្រួល ទទួលបាន​ប្រាក់រង្វាន់​ចំនួន ១.៥លាន​រៀល​ ​​លេខ ៣ លោក ហាក់ វិទូ ទទួលបាន​ប្រាក់រង្វាន់​ចំនួន ១លាន​រៀល​ ​​លេខ ៤ លោក ប៊ុន​ចំណាន ទទួលបាន​ប្រាក់រង្វាន់​ចំនួន ៥០ម៉ឺន​រៀល និង​​​លេខ ៥ លោក ម៉េង រដ្ឋា​រី ទទួលបាន​ប្រាក់រង្វាន់​ចំនួន ៥០ម៉ឺន​រៀល​៕