ទោះ​បីជា​ករណី​ភាគច្រើន​​ត្រូវ​បាន​អះអាង​ថា​ជា​រឿង​អត្ថឃាត​ក៏​ដោយ ការ​ធ្លាក់​ពី​លើ​អគារ ដែល​ជន​រងគ្រោះ​​មាន​ទាំងជនជាតិ​​ខ្មែរនិងជនជាតិ​​ចិន​ ត្រូវតែ​​​មាន​ការ​ស៊ើប​អង្កេត​​ ដោយ​​​​​«មិនអាចបញ្ចប់ត្រឹមការដុតសពចោល» ​​នោះ​ទេ។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​ឃ្លាំ​មើល​សង្គម។

ជាញឹកញាប់ ករណី​មនុស្ស​ស្លាប់​ដោយ​ហេតុផល​ «អត្តឃាត» ធ្លាក់​​ពី​លើ​អគា​ខ្ពស់ៗ​កើត​ឡើង​ជា​ញឹក​ញាប់ ដែល​ក្នុង​ឆ្នាំ​២០២៥​នេះ កើត​ឡើង​ស្ទើរ​រាល់​ខែ។ ករណី​ចំនួន ២ ចុង​ក្រោយ​កើត​ឡើង​រំលង​ពីគ្នា​​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​គឺ​នៅ​ថ្ងៃ​ទី១៦ និង ទី១៨ ខែ​ឧសភា នៅ​ខណ្ឌ​ចម្ការមន រាជធានី​ភ្នំពេញ។

ករណី​ទី១ គឺ​នារី​​​ដែល​គេ​ស្គាល់​ឈ្មោះថា​ សៀវ តី អាយុ​២០​ឆ្នាំ មុខរបរ​ជា​អ្នក​បក​ប្រែ​ភាសា​ចិន បាន​ធ្លាក់​ពី​អគារ​កម្ពស់ ២០​ជាន់ នៅ​សង្កាត់បឹងត្របែក ខណ្ឌចំការមន។ បើ​តាម CNC នារី​រងគ្រោះ​បាន​ធ្លាក់​ពី​អគារ​ជាន់​ទី២០ ​មក​លើ​រថយន្ត បន្ទាប់​ពី​សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឮ​សំឡេង​ឈ្លោះ​ប្រកែក​គ្នា។ សាក​សព​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅក្រុម​គ្រួសារ​ដើម្បី​ធ្វើ​បុណ្យ។


ករណី​ទី២ គឺ​នារី​ខ្មែរ​ម្នាក់​ដែល​គេ​ស្គាល់​ឈ្មោះ​ថា សាត​ សុជាត អាយុ ២២​ឆ្នាំ មក​ពី​ខេត្ត​តាកែវ បាន​ធ្លាក់​ពី​លើ​អគារ​នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅ​ថ្ងៃ​ទី១៨ ខែឧសភា។ ករណី​នេះ​ត្រូវ​បាន​សង្ស័យ​ថា​ជា​ករណី​អត្តឃាត ដោយសារ​តែ​ជន​រងគ្រោះ​បាន​រៀបរាប់​ពី​ស្ថាន​ភាព​របស់​ខ្លួន​ដែល​បាន​ចាញ់​ល្បែង​អស់​ប្រាក់​ជា​ច្រើន និង​ជំពាក់​លុយ​គេ​ ស្រប​ពេល​ដែល​ប្រពន្ធ​​ដៃគូ​របស់​ខ្លួនដែល​​ជា​ជនជាតិ​ចិន​បាន​មក​កម្ពុជា។

មន្ត្រី​នគរបាល​ខណ្ឌ​ចម្ការ​មន បាន​ឲ្យ​ដឹង​ថា ករណី​ទាំង​ពីរ​នេះ​គឺ​ជា​រឿង​អត្តឃាតកម្ម ដែល​មាន​ន័យ​ថា ទំនង​ជា​មិន​មាន​ការ​ស៊ើប​អង្កេត​តទៅ​ទៀត​ទេ។


នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ ករណី​ធ្លាក់​ពី​លើ​អគារ​ខ្ពស់​ កើត​ឡើង​ស្ទើរ​រាល់​ខែ បើសិន​ជា​មិន​កើត​ឡើង​នៅ​ភ្នំពេញ ក៏​កើត​នៅ​ខេត្ត​ព្រះសីហនុ ឬ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​ករណី​ទាំង​នោះ​ភាគច្រើន​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ជន​ជាតិ​ចិន ហើយ​ជន​រងគ្រោះ​មាន​​ទាំង​បុរស និង​ស្ត្រី។

ទីតាំង​កើត​ហេតុនៃ​ការ​ធ្លាក់​ពី​លើ​អាគារ​នៅ​១៨ ខែឧសភា ឆ្នាំ២០២៥ នៅ​ក្នុង​សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ នគរវត្ត

តើករណី​ទាំង​នេះ​សុទ្ធ​តែ​ជា​ករណី​អត្តឃាត​ឬ​យ៉ាងណា ហើយ​ប៉ះពាល់​ដល​កម្ពុជា​ដូចម្ដេច​ខ្លះ?

អ្នក​វិភាគ​និង​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម លើក​ឡើង​ថា សង្គម​កម្ពុជា និង​​មុខ​មាត់​កម្ពុជា​ក៏​រង​ការ​ខូចខាត​​ដោយ​សារ​ករណី​នេះ​ដែរ។ ហេតុ​នេះ អាជ្ញាធរ​​ត្រូវ​ចាត់​វិធានការ​ស៊ើប​អង្កេត​ឲ្យ​បាន​ដិតដល់​ លើស​ពី​ការ​យក​សាក​សព​ជន​រងគ្រោះ​ទៅ​បូជា​បញ្ចប់​រឿង។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា និង​ជា​អ្នក​ឃ្លាំ​មើល​សង្គម​ ថ្លែង​ថា រឿង​ធ្លាក់​ពីលើ​អគារ​នេះ កើត​មាន​ឡើង​ជា​ហូរ​ហែ។ ដោយសារ​តែ​រឿង​នេះ​ពាក់​ព័ន្ធ​នឹង​ជន​បរទេស​ លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​គ្រង​​ការ​ស្នាក់​នៅ​របស់​ជន​បរទេស​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត មិន​ថា​អ្នក​វិនិយោគ ឬ អ្នក​ស្នាក់​នៅ​ធម្មតា​នោះ​ទេ។

លោក​ថ្លែង​ថា៖ «ករណីឃាតកម្មក្ដី​ ឬ អត្តឃាត​ក្ដី ត្រូវ​តែ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​លាស់ ដោយ​ពិនិត្យ​មើល​ទៅ​លើ​មូលហេតុ អង្គហេតុ ហើយ​អ្នក​ពាក់​ព័ន្ធ​ត្រូវ​តែ​ចាប់​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ដោយ​គ្មាន​ការ​លើកលែង។ ទោះ​បីជា​ករណី​អត្តឃាត​ក៏​ដោយ គឺ​មិន​អាច​បិទ​បញ្ចប់​ជាមួយ​នឹង​ការ​យក​សាក​សព​ទៅ​បូជា​ទេ អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​ស្រាវជ្រាវ​អ្នក​ពាក់​ព័ន្ធ មូលហេតុ​អ្វីបាន​ជា​ឈាន​ទៅ​ដល់​ការ​ធ្វើ​អត្តឃាត​នេះ»។​

លោក​បន្ត​ថា ករណី​លោត​ពី​លើ​អគារ​​​ខ្លះ​ជាប់​ពាក់​ព័ន្ធ​នឹង​ល្បែង​អនឡាញ ឬ​ល្បែង​ស៊ីសង​នានា សមត្ថកិច្ច​ត្រូវ​តែ​អនុវត្ត​ច្បាប់​គ្រប់​គ្រង​ល្បែង​ស៊ីសង​ឲ្យ​បាន​តឹងរ៉ឹង។

លោក​ គិន ភា៖ «យើង​មិន​អាច​ឲ្យ​ប្រទេស​យើង​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល ឬ​ទីតាំង​ប្រព្រឹត្ត​បទល្មើស ល្បែង​ស៊ីសងខុស​ច្បាប់ ឬ​ជា​កន្លែង​លាង​លុយ​កខ្វក់ លាង​លុយ​ខ្មៅ​នោះ​ទេ។ ចង់​មិន​ចង់ ថ្ងៃ​ក្រោយ​ទៅ ប្រទេស​កម្ពុជា​នឹង​ខ្ទេច​ខ្ទី ខូច​មុខ​មាត់​អស់ ហើយ​ក៏​គ្មាន​អ្នក​ណា​ហ៊ាន​មក​រក​ស៊ី​នៅ​ស្រុក​យើង​ទៀត​ដែរ បើ​យើង​បន្ត​ឲ្យ​ស្ថានភាព​បែប​នេះ​កើត​ឡើង​តទៅ​ទៀត»។

ស្រដៀង​គ្នា​នេះ លោក យង់ គឹមអេង នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់​ឃើញ​ថា នៅ​ពេល​មាន​ករណី​អត្តឃាត​ សមត្ថកិច្ច​គួរ​តែ​ដាក់​ការ​សង្ស័យ និង​ស្រាវជ្រាវ​ទៅ​លើ​ប្រវត្តិ​​ជន​រងគ្រោះ​ថា​តើ​ពួក​គេ​ធ្លាប់​​ប៉ុនប៉ង​ធ្វើ​អត្តឃាត​​ដែរ​ឬ​ទេ ឬ​ក៏​គួរ​មាន​ការ​សង្ស័យ​ថា អាច​មាន​ការ​ច្រាន​ទម្លាក់ពី​លើ​អគារ។ លោក​ថា សមត្ថកិច្ច​ត្រូវ​តែ​ធ្វើ​ការ​ឲ្យ​លើស​ពី​ «ឮគេថា»។

លោក​បន្ត​ថា ដោយ​ហេតុ​ថា ករណី​ខ្លះ​កើត​ឡើង​លើ​អ្នក​ដែល​ធ្វើ​ការ​ឲ្យ​ជន​បរទេស​ដូចជាជនជាតិ​ចិន ដូច​ជា​ក្នុង​នាម​អ្នក​បក​ប្រែ អាជ្ញាធរ​ត្រូវ​មាន​វិធានការ​ជួយ​ការពារ​ដល់​ពួក​គេ ចៀសវាង​ការ​បណ្ដែត​បណ្ដោយ​ឲ្យ​ជន​របរទេស​ទាំង​នោះ​ធ្វើ​អ្វី​តាម​អំពើចិត្ត។

លោក យង់ គឹមអេង៖ «មនុស្ស​ម្នាក់ៗ​មិន​ងាយ​នឹងធ្វើ​អត្តឃាត​ដោយ​ខ្លួន​ឯង​ទេ។ ដូច្នេះ រឿង​អស់​នេះ​ត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត​ជា​ចាំ​បាច់ ដើម្បី​បង្ហាញ​ឲ្យ​បាន​ច្បាស់​សម្រាប់​ករណី​នីមួយៗ ហើយ​បើ​ឃើញ​អ្នក​ប្រព្រឹត្ត​មិន​ត្រូវ​ឲ្យ​រួច​ពី​សំណាញ់​ច្បាប់»។

ភ្នំពេញ​ប៉ុស្តិ៍​មិន​ទាន់​អាច​សុំ​ការ​ពន្យល់​ពី​សំណាក់​លោក ទូច សុខៈ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​ទេ​ នៅ​ថ្ងៃ​ទី១៩ ខែ​ឧសភា​នេះ៕