ភ្នំពេញៈ ផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិត(AI) ការបង្កកជំនួយរបស់សហរដ្ឋអាមេរិក និង​ការ​ធ្លាក់​ចុះ​ចំណាត់ ថ្នាក់​ជាពី​១៥១ ទៅ១៦១ គឺជាប្រធានបទ ដែលត្រូវបានជជែកច្រើនជាងគេ ក្នុង​ទិវា​សេរី​ភា​ពសារ​ព័ត៌​មា​ន​ពិ​ភពលោក លើកទី៣២ នៅថ្ងៃទី៣ ខែឧសភាឆ្នាំ២០២៥នេះ។

ថ្លែងក្នុងពិធីបើកសន្និសីទសារព័ត៌មានស្តីពី ការការពារប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា ដែលរៀបចំដោយ ក្រុម​សង្គមស៊ីវិលជាង១០នា រសៀលថ្ងៃសុក្រ ទី២ ខែឧសភានេះ លោកហ្សាក់ បឺឡេ (Pellet Jacques) ឯក​អគ្គ​រដ្ឋ​ទូត​បារាំង​ប្រចាំកម្ពុជា បានលើកឡើងថា បញ្ញាសិប្បនិមិត្ត កំពុងផ្លាស់ប្តូរការផលិត និងការផ្សព្វផ្សាយព័ត៌មានយ៉ាងខ្លាំង។

លោកបញ្ជាក់ថា៖«វាផ្តល់នូវ ឱកាស ប៉ុន្តែក៏មានហានិភ័យថ្មីផងដែរ៖ ការរីកសាយភាពនៃព័ត៌មានបំភ្លៃ ភាព​ទុក​ចិត្តបាននៃប្រភព ការផុយស្រួយ នៃសេដ្ឋកិច្ចរបស់ប្រព័ន្ធផ្សព្វផ្សាយ។ បញ្ហាប្រឈមទាំងនេះកើតមានជាសកល ហើយទាមទារការឆ្លើយតបរួម»។


ក្រៅពីនោះ លោកកត់សម្គាល់ផងដែរថា ការសម្រេចចិត្តនាពេលថ្មីៗនេះរបស់សហរដ្ឋអា​មេរិក​ក្នុង​ការ​ផ្អាក​កម្ម​វិធី​អភិវឌ្ឍន៍ជាច្រើន រួមទាំងការគាំទ្រដល់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនជាភាសាខ្មែរ បាន​ធ្វើឱ្យប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ​កាន់​តែ​ចុះខ្សោយ។

សន្និសីទសារព័ត៌មាននេះ ក៏បានសង្កេតឃើញផងដែរថា​ ការ​សម្រេចចិត្តភ្លាមៗ​ក្នុង​ការ​បង្កក​ជំនួយ​អភិវឌ្ឍន៍​បរទេស​ដល់​កម្ពុជារបស់សហរដ្ឋអាមេរិកនេះ បាន​កំពុងតែ​ដាក់​ស្ថាប័នសារ​ព័ត៌មាន​ឯករាជ្យ​ដែល​នៅ​សេសស​ល់ក្នុ​ងប្រ​ទេស​ឱ្យ​ស្ថិត​ក្នុងហានិភ័យកាន់តែខ្លាំង។ នេះដោយសារតែ ការបាត់បង់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងធន​ធាន​បាន​គំរាម​កំ​ហែង​ដល់​ការរស់រាននៃសារព័ត៌មានឯករាជ្យ។


សម្រាប់ទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ ឆ្នាំនេះ អង្គការយូណេស្កូបានជ្រើសរើស​ប្រធានបទ “ការផ្តល់ព័ត៌មាននៅក្នុង ពិភពលោកដ៏​ស្មុគ​ស្មាញ​មួយ- ផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតលើសេរីភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ”។

ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោកហ្សាក់ បឺឡេ (Jacques Pellet) ថ្លែងក្នុងពិធីបើកសន្និសីទសារព័ត៌មានស្តីពី ការការពារប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា នារសៀលថ្ងៃសុក្រនេះ។ រូបថត ផាក់ ស៊ាងលី

នៅក្នុងឱកាសទិវានេះ លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែតបានលើក ក្នុងសារលិខិតថា​ បរិវិត្តកម្ម​នៃ​បញ្ញាសិប្បនិម្មិត​ទៅ​​ក្នុង​វិស័យ​ព័ត៌មាន​និងសោតទស្សន៍ បាននាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើន។ ក្នុងនោះ រួម​មាន​ការ​ប្រើ​ប្រាស់​ច្រើន​ភាសា និងការវិភាគទិន្នន័យ សម្រាប់ការផលិត ផ្សព្វផ្សាយ និងចែកចាយបានរហ័ស និងចំគោលដៅ។

ប្រមុខរដ្ឋាភិបាលបញ្ជាក់ថា៖«ទោះជាយ៉ាងណាក៏ដោយ ភាពជឿនលឿនទាំងនេះ ក៏បាន​នាំមក​នូវ​ហានិភ័យនៃ​ព័ត៌​មាន​ក្លែងក្លាយ ដែលបង្កើតដោយបច្ចេកវិទ្យា។ ជាងនេះទៅទៀត បរិវិត្តកម្មនេះ​ក៏នឹងជះ​ឥទ្ធិពលទាំង​វិជ្ជមាន​និង​អវិជ្ជ​មានដល់អាជីពសារព័ត៌មានផងដែរ»។

លោកនាយករដ្ឋមន្រ្តីក៏បានណែនាំឱ្យក្រសួងព័ត៌មានកំណត់គោលការណ៍ណែនាំ នៃ​ក្រមសីលធម៌​ស្តីពីការ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត ក្នុងការ ប្រមូលព័ត៌មាន ផលិត ផ្សព្វផ្សាយ និងចែកចាយបន្ត ដើម្បីរក្សានិងបង្កើនទំនុកចិត្តលើ ព័ត៌​មានដែលបានផលិតនិងផ្សព្វផ្សាយ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ។

ចំណុចចុងក្រោយ ដែលត្រូវបានលើកយកមកជជែក ពិភាក្សានោះ គឺការវាយតម្លៃ​ របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (RSF)ចំពោះកម្ពុជា ដែលស្ថិតនៅចំណាត់ថ្នាក់១៦១ ក្នុងចំណោម១៨០ប្រទេសក្នុងពិភពលោក។ នេះបាន​ធ្វើ​ឱ្យ​កម្ពុជាធ្លាក់ចុះចំនួន១០ចំណាត់ថ្នាក់ ពី១៥១ កាលពីឆ្នាំ២០២៤។

ទាក់ទងនឹងចំណាត់ថ្នាក់នេះ អនុរដ្ឋលេខាធិកា និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លោកទេព អស្នារិទ្ធបានថ្លែងថា ការ​វាយតម្លៃពីអ្នកនៅក្រៅប្រទេស ដែលប្រមូលព័ត៌មានពីក្រុមតូចមួយ ដែលជាអង្គការសមាគមន៍ គឺ​មិន​អាច​ឆ្លុះ​បញ្ចាំង​ពី​ស្ថាន​ភាពពិតប្រាកដ នៃសេរីភាពសារព័ត៌មាននៅកម្ពុជានោះទេ។

លោកមានប្រសាសន៍ថា៖«ចំនួនធាតុចូលតិចតួចនេះ គឺមិនអាចឆ្លុះបញ្ចាំង តំណាងឱ្យវិស័យព័ត៌មាន សំ​លេង​នៅ​ក្នង​វិស័យ​ព័ត៌មាន និងសោតទស្សន៍នៅក្នុងប្រទេសកម្ពុជានោះឡើយ»។

អ្នកចូលរួមប្រារព្ឋទិវាសេរីភាពសារព័ត៌មានស្តីពី ការការពារប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា នារសៀលថ្ងៃសុក្រនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ក្នុងរាជធានីភ្នំពេញ។ រូបថត ផាក់ ស៊ាងលី

ក្រសួងព័ត៌មាន កាល​ពីថ្ងៃ​ទី​៣០ មេសាបានចេញរបាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌​មាន​នៅ​កម្ពុជា​ឆ្នាំ​២០២៥» ដែលជាការវាស់ស្ទង់ និង​វាយតម្លៃ​លើស្ថាន​ភាព​សេរី​ភាព​សារព័ត៌មាននៅកម្ពុជា។ លទ្ធផល នៃការ​ស្ទង់​មតិ​បានបង្ហាញថា ៨១,៤ភាគរយ នៃអ្នកសារព័ត៌មាន ដែលត្រូវបានជ្រើសរើសដោយចៃដនយចំនួន៥០០នាក់​មក​ពី​បណ្តារាជ​ធានី​ខេត្តទាំង២៥នោះ បាន​បញ្ជាក់ថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា «មានភាពល្អប្រសើរ»។

មន្ត្រីក្រសួងព័ត៌មាន លោកនេត្រ ភក្ត្រាបានមានប្រសាសន៍ ក្នុងសន្និសីទប្រកាសលទ្ធផល នៃរបាយការណ៍នេះ​ថា​៖«បើ​សិនជាយើងប្រៀបធៀបទៅនឹងឆ្នាំ២០២៤កន្លងទៅ ដែលមាន៧៩,៨ភាគរយ ហើយ​នៅ​ឆ្នាំ​២០២៥​នេះ គឺ​យើង​ឃើញមាន៨១,៤ភាគរយ គឺកម្រិតនៃសេរីភាពសារព័ត៌មានរបស់ហើយ គឺមាន​ភាពល្អ​ប្រសើរ​កើន​ឡើង​»។ ភាព​ល្អប្រសើរនេះ គឺដោយសារតែមានការផ្តល់ជូន នូវការបណ្តុះបណ្តាល ការបញ្រ្ជាបនូវចំណេះដឹង តាម​រយៈ​វ​គ្គ​ខ្លីៗ​ពីប​ច្ចេកទេសនៃការសរសរ និងការប្រមូលព័ត៌មាន ក៏ដូចជាក្រមសីលធម៌វិជ្ជាជីវៈ។ លើសពីនោះ ក្រសួងក៏​បាន​ប្រ​កាស​ដាក់​ឱ្យប្រើប្រាស់ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» កាលពីសីហា ២០២៤ផងដែរ។

លោករដ្ឋមន្រ្តីថ្លែងថា៖«នេះជារបាយការណ៍មួយដ៏មានសារៈសំខាន់ ដែល​ពាក់​ព័ន្ធ​ជាមួយ​នឹង​ការ​វាស់​ស្ទង់​សេរី​ភាព​សារព័ត៌មាននៅកម្ពុជា ដែលធ្វើឡើងដោយកម្ពូជា ជាម្ចាស់ប្រទេស នៅក្នុងកិច្ចការងារ​ដែល​យើង​បាន​ដឹង​ដោយ​​ផ្ទាល់ ​និងបានជួយដោយផ្ទាល់ លើកិច្ចការងារនេះ»។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា ស្ថានភាពសារព័ត៌មានរបស់កម្ពុជា មិនស្ថិតលើ«បបូរមាត់» ឬការវាយតម្លៃ ដែលទំនងជាគ្មានឯកសារ និងភស្តុតាងមកបញ្ជាក់ឱ្យបានច្បាស់លាស់នោះទេ។

របាយការណ៍នេះ ក៏នឹងត្រូវបោះពុម្ពជាង២ពាន់ច្បាប់ ដើម្បីធ្វើការចែកចាយដល់អង្គភាពពាក់ព័ន្ធយកទៅប្រើប្រាស់​ផង​ដែរ៕