ស្ទឹងត្រែងៈ អ្នកសារព័ត៍មាន “ឥន្ទ្រីផ្លាសញ៊ូ” ដែលមានបណ្តឹងជាង១០នៅតុលាការ លោកអ៊ុក ម៉ៅ ត្រូវបាន​ឃុំខ្លួននៅ​ពន្ធនាគារខេត្តស្ទឹងត្រែង ពីបទ “ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ និង​បទ​បរិហារកេរ្តិ៍​ជា​សាធា​រ​ណៈ​។ នេះបើយោងតាមតុលាការខេត្តស្ទឹងត្រែងនៅថ្ងៃអង្គារ ទី២០ ខែឧសភានេះ។

អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង លោកឈុំ ស៊ាងហាក់​បាន​បញ្ជាក់ថា៖«គាត់ត្រូវ​បានឃុំ​ខ្លួន​ចាប់​តាំងពីថ្ងៃចាប់ខ្លួនទី១៦ ឧសភាមកម៉្លេះ។ ដំណាក់កាលនេះ ជាដំណាក់កាលស៊ើបសួរ អ៊ីចឹងមិ​នទាន់​សម្រេចថាគាត់មានទោសឬអត់ទេ គ្រាន់តែឃុំខ្លួនបណ្តោះអាសន្ន រង់ចាំនិតិវិធីបន្តទៀត»។​ លោក​ក៏បានឱ្យដឹងផងដែរថា ឈ្មោះ អ៊ុក ម៉ៅ ក៏មានបណ្តឹងជាច្រើនករណីទៀតនៅ​សាលាដំបូងផងដែរ។

លោកអ៊ុក ម៉ៅ អាយុ៤៩ឆ្នាំ ដែលសកម្មជនបរិស្ថានផងនោះ ត្រូវបានចាប់ខ្លួន ដោយជន​មិន​ស្គាល់​អត្ត​សញ្ញាណ​ច្បាស់លាស់៣នាក់ នៅផ្ទះរបស់លោក ស្ថិតក្នុងភូមិអន្លង់ភេ ឃុំអន្លង់ភេ ស្រុកថាឡាបរីវ់ាត់ កាល​ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។ នេះបើយោងតាមអង្គការអាដហុកនៅថ្ងៃទី១៩ ខែឧសភា។ 


ជនមិនស្គាល់អត្តសញ្ញាណ៣នាក់ ដែល​​ម្នាក់ស្លៀក​ពាក់​ឯក​សណ្ឋាន​ជា​កងរាជ​អាវុ​ធហ​ត្ថ​បាន​ចាប់​ដាក់​ខ្នោះដៃ​លោក ដឹកតាមរថយន្ត​ម៉ាក្ស​លុច​ស៊ីស (Lexus)មួយគ្រឿង ដោយមិនបានប្រាប់ពីមូលហេតុ ឬ​បង្ហាញ​ដីការអ្វី​ឡើយ។

អង្គការបានបញ្ជាក់ថា៖«៧ម៉ោងក្រោយមក  នៅវេលាម៉ោង៧យប់ថ្ងៃដដែល លោកអ៊ុក ម៉ៅ ត្រូវបាន​បញ្ចូន​ទៅ​ឃុំខ្លួនបណ្តោះអាសន្ននៅពន្ឋនាគារខេត្តស្ទឹងត្រែង ដោយ​ចោទ​ប្រកាន់​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​លេខ​០៨៣ ចុះថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២៥ ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ និង​បទ​បរិហារ​កេរ្តិ៍ជា​សា​ធារណៈ»។


បទល្មើសនេះប្រព្រឹត្តនៅអំឡុងខែឧសភា ឆ្នាំ២០២៤ និង អំឡុងខែកុម្ភៈ ឆ្នាំ ២០២៥​តាមរយៈដី​កាបញ្ជា​ឲ្យចូល​ខ្លួន ចុះថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២៥ របស់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។​ករណីនេះ​មេធាវីរបស់អាដហុកយល់ព្រមទទួលយករឿងក្តីនេះមកការពារតាមសំណើររបស់ប្រពន្ធលោក អ៊ុក ម៉ៅ។

លោកអ៊ុក ម៉ៅ ដែលត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តស្ទឹងត្រែង ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈ។ ក្រៅពីនោះ លោកមានបណ្តឹងជាង១០ទៀតនៅតុលាការផងដែរ។

អាដហុកបានលើកឡើងថា ការចាប់ខ្លួននេះទំនងសង្ស័យថា មកពីលោកបានធ្វើការផ្ដល់​បទ​សម្ភាសន៍​ជាមួយវិទ្យុក្រៅស្រុកបកប្រែជាភាសាខ្មែរល្បីមួយ កាលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។​ នៅក្នុងបទ​សម្ភាសន៍នោះ លោក អ៊ុក ម៉ៅ បានលើកឡើងពីអំពីពុករលួយ ដែលគ្មានយុត្តិធម៍ គ្មានតម្លាភាព ចំ​ពោះរូបលោក។ បន្ថែមពីនោះលោកបាន​និយាយពីមន្រ្តី​បរិស្ថាន​បានឲ្យរូប​លោកធ្វើការ​សូម​ទោស​ជាសាធារណ: តែត្រូវបានរូបលោកបដិសេធ។

លោកអ៊ុក ម៉ៅ មានស្រុកកំណើតនៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ ក្រៅ​ពីការងារជាកសិករ លោក អ៊ុក ម៉ៅ ក៏ជាប្រធានគណ:កម្មាធិការសាខាគណបក្ស”ដើម្បីកម្ពុជា” ប្រ​ចាំ​ខេត្ត​ស្ទឹងត្រែងផងដអាដហុកបានអះអាងថា លោកអ៊ុក ម៉ៅ តែងតែចំណាយពេលវេលា និងថវិកាផ្ទាល់ខ្លួន ដើម្បីចុះ​ល្បាត​តាមតំបន់ព្រៃសហគមន៍ ដើម្បីថតសកម្មភាពរបស់ឈ្មួញកាប់បំផ្លាញព្រៃឈើ និង ដឹក​ជញ្ជូន​ឈើធំៗ​ចេញពីឃ្លាំងរបស់ក្រុមហ៊ុន ដែលលោកអះអាងថា មាន​អ្នក​មាន​អំ​ណាច​នៅ​ពីក្រោយ។

បន្ទាប់មក លោកតែងតែចែកចាយព័ត៍មាន រូបភាពបទល្មើសព្រៃឈើ និងសកម្មភាពកាប់​បំផ្លិច​បំផ្លាញ​ព្រៃឈើ ការជួញដូរព្រៃឈើដោយខុសច្បាប់ និងផ្ដល់បទសម្ភាសន៍ ទៅកាន់ស្ថាប័នសារព័ត៌ក្នុងស្រុក ក្រៅស្រុកល្បីៗ ជាច្រើន រហូតរូបលោកត្រូវបានប្រជាសហគមន៍ផ្សេងៗដាក់ងារឲ្យថា ជា​សកម្ម​ជន​ការ​ពារព្រៃឈើ និងបរិស្ថានដ៍ឆ្លើម ថែមទៀតផង ។

ស្របពេលជាមួយគ្នានឹងភាពសកម្មទាំងនេះ លោក អ៊ុក ម៉ៅ ក៍បានទទួលរង​នូវបណ្តឹង​ចោទ​ប្រកាន់​ពី​មន្ត្រីមួយ​ចំនួននៅក្នុងខេត្តស្ទឹងត្រែងជាង១០ករណី។ ក្នុងនោះភាគច្រើន លោកត្រូវបានចោទពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទកាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកជាកម្មសិទ្ឋិ។ នេះបើយោងតាមប្រភពដដែលនេះ។

មិនត្រឹមតែការទទួលរងនូវពាក្យបណ្តឹងប៉ុណ្ណេះទេ ជារឿយៗលោកក៍តែងតែទទួលរងនូវការសំឡុត គំរាមកំហែងពីសំណាក់អ្នកមានអំណាច និងក្រុមឈ្មួយមួយចំនួនទៀតផងដែរ ។ ​រហូតដល់ផ្ទះ​របស់​លោកត្រូវបានជនមិនស្គាល់មុខចូលមកលួចដុត បណ្ដាលឲ្យផ្ទះ ម៉ូតូម៉ាកហុងដាឌ្រីម និង​របស់​របរ​ក្នុង​ផ្ទះត្រូវបានភ្លើងឆាបឆេះគ្មានសល់  នៅយប់រំលងអធ្រាតថ្ងៃទី ២៤ ខែមិនា ឆ្នាំ ២០២៣ថែមទៀតផង។

គណបក្សដើម្បីកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍មួយពាក់ព័ន្ធទៅនឹងការចាប់ខ្លួនលោក អ៊ុក ម៉ៅផងដែរ កាលពីថ្ងៃទី១៧ ខែឧសភា៕