ភ្នំពេញៈ តាមការសម្របសម្រួលរបស់ក្រសួងការងារ នាថ្ងៃអង្គារ ទី២០ ខែឧសភានេះ រោងចក្រក្រុមហ៊ុន គល័រស្តារ (ខេមបូឌា) ប្រដាក់ ខូអិលធីឌី ​បាន​សន្យា​ទូទាត់​ផ្តាច់​កិច្ច​សន្យា​ការ​ងារ​ដល់​បងប្អូនកម្មករនិយោជិត ដែលមិនស្ម័គ្រចិត្តទៅធ្វើការបន្តនៅទីតាំងថ្មី ដើម្បីបញ្ចប់ការតវ៉ាបិទផ្លូវ។

កម្មកររោងចក្រនេះប្រមាណជាង៥០០នាក់​បានផ្ទុះការតវ៉ា បិទផ្លូវ២៧២ ស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ កាលពីថ្ងៃទី១៩ ខែឧសភា ដោយសារតែក្រុមហ៊ុន បានប្រកាសជូនដំណឹង ស្តីពីការដូរទីតាំង ដោយលើកហេតុផលថា ម្ចាស់ដីរោងចក្រ ឈប់បន្តកិច្ចសន្យាជួលដី។

ក្រោយពីទទួលបានដំណឹងអំពីការតវ៉ារបស់បងប្អូនកម្មករនិយោជិត ចំពោះការប្តូរទីតាំងថ្មី របស់ក្រុមហ៊ុននេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះសម្របសម្រួលករណីនេះ ដោយបាន​សម្រេច​កិច្ច​ព្រម​ព្រៀង​មួយ។


ក្រសួងបានបញ្ជាក់ថា ក្រុមហ៊ុននឹងធ្វើ ការទូទាត់​ផ្តាច់កិច្ចសន្យា​ការងារ​ដល់បង​ប្អូនកម្មករនិយោជិត​ដែល​មិនស្ម័គ្រចិត្តទៅធ្វើការបន្តនៅទីតាំងថ្មី។ ក្រុមហ៊ុនបានឯកភាព ទូទាត់ចំនួន ៤ចំណុច ស្របទៅតាមច្បាប់។ ក្នុងនោះ រួមមាន៖ (១)ប្រាក់ឈ្នួលដែលមិនទាន់បានបើក, ​(២)ប្រាក់បំណាច់​ទូ​ទាត់​ជួស​ការ​ឈប់​សម្រាក​ប្រ​ចាំឆ្នាំ ដែលនៅសល់, (៣) ប្រាក់បំណាច់ជួសការជូនដំណឹងមុន និង(៤)​ប្រាក់បំណាច់​អតី​តភា​ព​កា​រ​ងារ។

កម្មកររោងចក្រ គល័រស្តារ (ខេមបូឌា) ប្រដាក់ ខូអិលធីឌី ប្រមាណ៥០០នាក់បានតវ៉ាបិទផ្លូវ បន្ទាប់ពីក្រុមហ៊ុនប្រកាសផ្លាស់ប្តូរទីតាំង។ រូបថត អង្គការសង់ត្រាល់


ក្រសួងបានអំពាវនាវដល់បងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន គល័រ ស្តារ (ខេមបូឌា) ប្រដាក់ (COLOR STAR (CAMBODIA) PRODUCT CO., LTD) ឱ្យជឿជាក់ និងរង់ចាំការដោះស្រាយរបស់ ក្រសួង ចៀស​វាងការយកជម្រើសតវ៉ាដោយការបិទផ្លូវសាធារណៈដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងអាចឈានដល់ការប្រព្រឹត្តល្មើសច្បាប់ដែលជាបទល្មើសព្រហ្មទណ្ឌ។

ក្រុមហ៊ុនបានប្រកាសពី ពេលវេលាផ្លាស់ប្តូរទីតាំង និងថ្ងៃធ្វើការចុងក្រោយរបស់រោងចក្រចាស់ គឺថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥។ កាលបរិច្ឆេទបើកដំណើរការ តាមផ្នែក ជាផ្លូវការនៃរោងចក្រថ្មី គឺចាប់ផ្តើមពីថ្ងៃទី ២៦ ឧសភា ឆ្នាំ ២០២៥។ អាសយដ្ឋានរោងចក្រថ្មី គឺមានចម្ងាយ៣៥គីឡូម៉ែត្រ ស្ថិតនៅផ្លូវជាតិលេខ២ ភូមិ ក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុក បាទី ខេត្តតាកែវ។ នេះបើយោងតាមអង្គការសង់ត្រាល់៕

កម្មកររោងចក្រ គល័រស្តារ (ខេមបូឌា) ប្រដាក់ ខូអិលធីឌី ប្រមាណ៥០០នាក់បានតវ៉ាបិទផ្លូវ បន្ទាប់ពីក្រុមហ៊ុនប្រកាសផ្លាស់ប្តូរទីតាំង។ រូបថត អង្គការសង់ត្រាល់