​ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ច្រានចោល​របាយការណ៍​អន្តរជាតិមួយ​​នាពេល​ថ្មីៗ​នេះ​ដែល​ចោទប្រកាន់ថា ​កម្ពុជា​គឺ​​ជា​ប្រភព​​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ឆ្លងដែន ដោយ​ហៅ​វា​ជា​សេនារីយូ​​នយោបាយ និង​ខ្វះ​ភាពជឿជាក់​ខាង​វិទ្យាសាស្ត្រ​។​

​របាយការណ៍​ដែលមាន​ចំណងជើង​ថា «​គោលនយោបាយ និង​លំនាំ​៖ ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដែល​ប្រព្រឹត្ត​ដោយ​រដ្ឋ​នៅ​កម្ពុជា ជាការ​គំរាមកំហែង​សន្តិសុខ​សកល» និពន្ធ​ដោយ​លោក Jacob Sims និង​បោះពុម្ព​កាលពី​ដើមខែ​នេះ បាន​ឱ្យ​ដឹង​ថា គណបក្សកាន់អំណាចរ​បស់​កម្ពុជា គឺ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ទទួល​ប្រយោជន៍​​ពី​ប្រតិបត្តិ​ការបោកប្រាស់​យ៉ាង​ធំ​សម្បើម​នេះ​​។​

​របាយការណ៍​នេះ​បាន​បង្ហាញ​ថា៖ «​​ការបោកប្រាស់​បានក្លាយ​ជា​ឧស្សាហកម្ម​ក្នុងស្រុក​ដែល​រកប្រាក់​ចំណេញ​យ៉ាង​សម្បើម។​ ​ការប៉ាន់ប្រមាណ​ជា​ផ្លូវការ​មាន​ចាប់ពី ១២,៥​ ដល់ ១៩ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ស្មើនឹង ៦០​% នៃ​ផលិតផល​ក្នុងស្រុក​សរុប ហើយ​កំពុង​ធ្លាក់ចុះ​យ៉ាងខ្លាំង​នូវ​វិស័យ​ផ្លូវការ​ដ៏​ធំ​បំផុត​របស់​ប្រទេស គឺ​ឧស្សាហកម្ម​កាត់ដេរ និង​វាយ​ន​ភណ្ឌ​»។​​


របាយការណ៍​​បាន​បន្ដ​ថា ទោះបីជា​មានការ​តវ៉ា​ពី​អន្តរជាតិ​ក៏ដោយ កំណែទម្រង់​នៅតែ​មិន​ទំនង​កើតមាន​ដោយសារ​ការសហការ​គ្នា​រវាង​ការគាបសង្កត់​ជា​ប្រព័ន្ធ និង​ភូមិសាស្ត្រ​នយោបាយ ជាពិសេស​ពាក់ព័ន្ធ​នឹង​ប្រទេស​ចិន​។​

ជាការ​ឆ្លើយតប អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ទូច សុខៈ​ បាន​ច្រានចោល​ការរកឃើញ​នេះ ដោយ​ហៅ​ចំណងជើង​នៃ​របាយការណ៍​នេះ​ថា «​គួរឱ្យ​អស់សំណើច​» ហើយ​អះអាងថា វា​ជា «សេណា​រី​យ៉ូ​សម្រាប់​ប្រើ​ជា​ឧបករណ៍​ដើម្បី​បន្ទោស​ប្រទេស​តូចតាច​​ ដែល​ខ្សោយ​ខាង​បច្ចេកវិទ្យា​»។​


លោក សុខៈ បាន​ថ្លែង​នៅ​ថ្ងៃទី ២០ ខែឧសភា​ថា​​៖ «​សំណួរ​សួរ​ថា តើ​ប្រទេស​កម្ពុជា​ជា​ប្រទេស​មហាអំណាច​ ឬជា​ប្រទេស​ជឿន​លឿន​ផ្នែក​បច្ចេកវិទ្យា​? ចម្លើយ​គឺ​ មិន​មែន​! ជា​រួម កម្ពុជា​ ក៏ដូចជា​ប្រទេស​មួយ​ចំនួន រងគ្រោះដោយសារ​បណ្ដា​ប្រទេស​មហាអំណាច​ បណ្ដា​ប្រទេស​ជឿនលឿន​បច្ចេកវិទ្យា ដែល​មាន​បទល្មើស​បច្ចេកវិទ្យា​កើត​ឡើង​នៅ​ទីនោះ ហើយ​បទ​ល្មើស​រាល​ដាល​ដល់​ប្រទេស​តូច​តាច»​។

លោកបន្ដថា៖ «​ប៉ុន្ដែ​គេ​បាន​ប្រើ​ឧបករណ៍ក្រុម​ណាមួយ ឬអង្គការ​អន្ដរជាតិ​​ណាមួយ​ធ្វើ​របាយការណ៍​បំភាន់​ដើម្បី​ទម្លាក់​កំហុស​លើ​ប្រទេស​តូច​តាច ​បិទបាំង​កំហុស​ឆ្គងរបស់​ពួកគេ​ ឬបទល្មើស​កើតឡើង​ពោល​ពាស​នៅ​ប្រទេស​ពួកគេ​ទៅវិញ​»។

លោក សុខៈ បាន​លើក​យក​ឧទាហរណ៍​ជាក់ស្ដែងនៅសហរដ្ឋ​អាមេរិក​​អំពី​អំពើឆបោកពី​បណ្ដាញ​អនឡាញ​​ចំពោះ​ជន​ចូលនិវត្ដន៍លើ​ប្រាក់​សោធននិវត្ដន៍​​ដែល​កើតមាន​ឡើង​រៀង​រាល់​ថ្ងៃ។

លោក​ចាត់​ទុក​របាយការណ៍​នេះជា​ឧបករណ៍​នយោបាយ​ដើម្បី​ទម្លាក់​កំហុស​លើ​កម្ពុជា និង​បិទបាំង​ទង្វើ​របស់ខ្លួន​។

លោក សុខៈ បាន​បញ្ជាក់ថា​៖ «​វាជា​ចេតនា​ទុច្ចរឹត​ដែល​ចង់​ធ្វើ​ឱ្យ​ប្រទេស​តូច​តាច គឺ​រង​គ្រោះ ក្រោម​ក្រប​ខណ្ឌ​ភូមិសាស្ដ្រ​នយោបាយ​ ឬក៏ជា​ប្រធាន​បទ​ឆ្ពោះទៅរក​ការ​បោះ​ឆ្នោត​ ពីព្រោះ​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា​ក៏​កាន់តែកៀក​ខិត​ជិត​ដែរ​។ ដូច្នេះ ប្រធាន​បទ​នយោបាយ​នឹង​មាន​ជាបន្ដបន្ទាប់​»។

លោក​បាន​អះអាងថា របាយការណ៍​នេះ​មិនមែនជាការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ដ្រ​ ដោយដក​ស្រង់​ពី​ប្រភព​ពាស​វាល​ពាស​កាល​ដោយ​ក្រុម​ណាមួយ តែ​ដាក់​ទង់​ជាតិ​សហរដ្ឋ​អាមេរិក លើក្រប​របាយការណ៍​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រទេស​មហាអំណាច​ ជា​រដ្ឋ​គំរូ​។

យោងតាម​របាយការណ៍ ចំណុចកណ្តាល​នៃ​ឧស្សាហកម្ម​ឆបោក​តាម​បច្ចេកវិទ្យា​អ៊ីនធឺណិត​នេះ​គឺ​អាស៊ីអាគ្នេយ៍ ជាពិសេស​ប្រទេស​កម្ពុជា មី​យ៉ាន់​ម៉ា និង​ឡាវ​។​

គ្រាន់តែ ៣​ប្រទេសនេះ​ កម្លាំង​ពលកម្ម​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​មាន​លើសពី ៣៥​ម៉ឺន​នាក់​យ៉ាង​ងាយស្រួល​។ ការប៉ាន់ប្រមាណ​ប្រាក់ចំណូល​ប្រចាំឆ្នាំ ​បង្កើត​ដោយ​ក្រុម​បោកប្រាស់ មាននៅ​​ចន្លោះ​ពី ៥០ ទៅ ៧៥ ពាន់​លាន​ដុល្លារ​៕