
រថយន្តគេចពន្ធពាក់ផ្លាកលេខ ខ.ម ក្លែងក្លាយ ដែលត្រូវបានបង្ក្រាបកាលពីឆ្នាំ២០២០។ នគរវត្ត
យានយន្តពាក់ផ្លាកលេខ រដ្ឋ, នគរបាល, និង ខ.ម. មិនអាចបង់ពន្ធផ្លូវសម្រាប់ឆ្នាំ២០២៥ បានទេ ដរាបណាម្ចាស់យានយន្តទាំងនោះមិនទាន់បានបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីគយនិងចុះបញ្ជី នៅក្រសួងសាធារណការនិងដឹកជញ្ជូន។
នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ចុះថ្ងៃទី២១ ខែឧសភានេះ ដែលក្រើនរំឭកដល់ម្ចាស់យានយន្តទាំងអស់ឲ្យទៅបង់ពន្ធ ដែលនឹងចាប់អនុវត្តពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។
កាលពីឆ្នាំកន្លងទៅ រថយន្តដែលមានពាក់ផ្លាកលេខ ខ.ម និងនគរបាល ខ្លះត្រូវបានរកឃើញថាជារថយន្តគេចពន្ធ ខណៈខ្លះទៀតត្រូវបានជួលទៅឲ្យឯកជន ឬជនបរទេសដែលក្នុងករណីខ្លះពួកគេបានប្រព្រឹត្តបទល្មើសផ្សេងៗ និងគ្រោះថ្នាក់ចរចរណ៍។ ករណីខ្លះគឺគ្រាន់តែជាផ្លាកលេខក្លែងក្លាយប៉ុណ្ណោះ។ ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិធ្លាប់បានចាត់វិធានការលើករណីទាំងនេះជាបន្តបន្ទាប់។
សម្រាប់ការបង់ពន្ធយានយន្តទូទៅ ម្ចាស់យានយន្តដែលធ្លាប់ចុះបញ្ជីក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយរបស់អគ្គនាយកដ្ឋានពន្ធដារកន្លងមក ទាំងមានបណ្ណសម្គាល់ការបង់ពន្ធ (កាត) និងពុំមានបណ្ណសម្គាល់ការបង់ពន្ធ ត្រូវបានអនុញ្ញាតឱ្យម្ចាស់យានយន្តបង់ពន្ធនេះ ដោយពុំតម្រូវឱ្យបំពេញលិខិតប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននោះទេ។
ម្ចាស់យានយន្តគ្រាន់តែបង្ហាញ ឬភ្ជាប់ មកនូវឯកសារដែលអាចបញ្ជាក់អត្តសញ្ញាណយានយន្តណាមួយ ដូចជា បណ្ណសម្គាល់យានយន្ត ឬបង្កាន់ដៃទទួលប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឬលតាបត្របង់ពន្ធឆ្នាំចាស់ សម្រាប់ឱ្យមន្ត្រីពន្ធដារ ឬបុគ្គលិកធនាគារពាណិជ្ជដៃគូ ធ្វើការផ្ទៀងផ្ទាត់ទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយរបស់អគ្គនាយកដ្ឋានពន្ធដារ។
សម្រាប់យានយន្តថ្មីដែលត្រូវចុះបញ្ជីលើកដំបូង ម្ចាស់យានយន្តត្រូវដាក់លិខិតប្រកាសបង់ពន្ធចំនួន ២ សន្លឹក តាមទម្រង់ VT 001 របស់អគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកជាមួយនូវឯកសាររួមមាន បណ្ណសម្គាល់យានយន្ត អត្តសញ្ញាណបណ្ណផ្ទាល់របស់កម្មសិទ្ធិករ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចំពោះរថយន្តដឹកទំនិញនិងរថយន្តដឹកអ្នកដំណើរ។
ចំពោះយានយន្តប្រើប្រាស់ថាមពលអគ្គិសនីប្រភេទទេសចរណ៍ចាប់ពីឆ្នាំ២០២៥តទៅ ត្រូវបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនតាមកម្លាំងសេះ (HP)៕