ភ្នំពេញ៖ កម្ពុជា និង​ឥណ្ឌូណេស៊ី​បាន​អះអាង​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​រួមគ្នា​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បន្ទាប់ពី​កិច្ចប្រជុំ​កម្រិត​ខ្ពស់​ជា​បន្តបន្ទាប់​រវាង​គណៈ​ប្រតិភូ​អនុវត្ត​ច្បាប់​ឥណ្ឌូនេស៊ី និង​ស្ថាប័ន​សំខាន់ៗ​របស់​កម្ពុជា​កាលពី​ថ្ងៃ​ទី២០ ឧសភា​។

​ស្ថានទូត​ឥណ្ឌូណេស៊ី​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹងថា៖ «​គណៈប្រតិភូ​ឥណ្ឌូណេស៊ី ដែលមាន​សមាជិក​ចំនួន ៤០ នាក់ ដែល​បច្ចុប្បន្ន​នៅ​កម្ពុជា ជា​ផ្នែក​នៃ​កម្មវិធី​បណ្តុះបណ្តាល​ជាន់ខ្ពស់ ស្វែង​យល់​​ជា​អន្តរជាតិ​លើ​ការការពារ​ឧក្រិដ្ឋកម្ម ធ្វើទំនើបកម្ម​ដល់​កងកម្លាំង​ប៉ូលិស និង​ការការពារ​ជនជាតិ​ឥណ្ឌូនេស៊ី​នៅក្រៅ​ប្រទេស​»។​

កម្មវិធី​នេះ​គឺជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ដ៏​ទូលំទូលាយ​​​ដើម្បី​ផ្ដល់​​នូវ​ភាពជា​អ្នកដឹកនាំ​នាពេល​អនាគត​របស់​ភ្នាក់ងារ​អនុវត្ត​ច្បាប់​ឥណ្ឌូនេស៊ី​ជាមួយនឹង​ទស្សនវិស័យ​សកល​។​


ស្ថានទូត​បានបន្ដ​ថា៖ «​​ក្នុងអំឡុងពេល​ទស្សន​កិច្ចសិក្សា​​របស់​ពួកគេ គណៈប្រតិភូ​បាន​ពិភាក្សា​ដាច់ដោយឡែក​ជាមួយ​នគរបាលជាតិ​កម្ពុជា (CNP) គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ការជួញដូរ (NCCT) និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន (NACD)»។​

កិច្ចសន្ទនា​ទាំងនេះ​ផ្តោតលើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដើម្បី​ដោះស្រាយ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ជាច្រើន រួមទាំង​ការបោកប្រាស់​តាម​អ៊ីនធឺណិត បទល្មើស​ទាក់ទង​នឹង​បច្ចេកវិទ្យា ការជួញដូរ​មនុស្ស ការជួញដូរ​គ្រឿងញៀន និង​ការលាង​លុយកខ្វក់​។​


ការជួញដូរ​មនុស្ស​ជា​ចំណុច​ស្នូល​នៃ​កិច្ចប្រជុំ​ជាមួយ NCCT​។​

លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ NCCT បាន​ផ្តល់នូវ​ទិដ្ឋភាព​ជាក់ស្តែង​អំពី​បញ្ហា​ប្រឈម​របស់​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន ជាពិសេស​ការកេងប្រវ័ញ្ច​លើ​ប្លេតហ្វម​​ឌីជីថល​សម្រាប់​គោលបំណង​ជួញដូរ​។​

ក្រសួងមហាផ្ទៃ​កម្ពុជា​បាន​ដកស្រង់​សម្ដី​​លោកស្រី​ ប៊ុន​អេង ថា​៖ «​កម្ពុជា គឺ​ទទួលស្គាល់ថា ចំពោះ​បទល្មើស​អំពើ​ជួញដូរ​មនុស្ស គឺ​ធ្លាប់​កើតមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ប៉ុន្តែ​ក៏​កម្ពុជា​មិនដែល​ព្រងើយកន្ដើយ​នោះឡើយ គឺ​តែងតែ​ចង់​បង្ក្រាប និង​ជួយសង្គ្រោះ​ជនរងគ្រោះ​ជានិច្ច ឱ្យតែ​ទទួលបាន​នូវ​ព័ត៌មាន ជាមួយនឹង​វិធានការ​អនុវត្ត​យ៉ាង​តឹងរឹង​នូវ​ច្បាប់​ដែលមាន​»។​

លោកស្រីស្វាគមន៍​ចំពោះ​សំណើ​របស់​ភាគី​ឥណ្ឌូនេស៊ី ដែល​ចង់ដឹង​ពីបទ​ពិសោធន៍ នៃ​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នេះ រួម​ជាមួយនឹង​ការ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ឥណ្ឌូនេស៊ី លើ​ការងារ​ទប់ស្កាត់​អំពើ​ឆ្លងដែន​ខុសច្បាប់ ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​បទល្មើស​ជាច្រើន​ទៀត​។​

ភាគី​ទាំងពីរ​បានទទួល​ស្គាល់​ពី​ការកើនឡើង​នៃ​ភាពស្មុគស្មាញ​នៃ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ហើយ​បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដ៏​រឹងមាំ ការផ្លាស់ប្តូរ​ចំណេះដឹង និង​គំនិត​ផ្តួចផ្តើម​កសាង​សមត្ថភាព ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការគំរាមកំហែង​ទាំងនេះ​ប្រកបដោយ​ប្រសិទ្ធភាព​។​

គណៈប្រតិភូ​បាន​ពិភាក្សា​អំពី​យុទ្ធសាស្ត្រ​រួមបញ្ចូល​គ្នា ដូចជា​ប្រតិបត្តិ​ការអនុវត្ត​ច្បាប់​ដែល​បាន​សម្របសម្រួល យុទ្ធនា​ការអប់រំ​សាធារណៈ កម្មវិធី​ស្តារនីតិសម្បទា​អ្នកញៀន និង​កិច្ចសហប្រតិបត្តិការ​ឆ្លង​ដែន​លើ​ការលុបបំបាត់​គ្រឿងញៀន​។​

ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា លោក Santo Darmosumarto តំណាង​គណៈប្រតិភូ​ឥណ្ឌូណេស៊ី បានលើកឡើង​ពី​ភាព​បន្ទាន់​នៃ​ការអនុវត្ត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែល​បាន​ចុះហត្ថលេខា​ដោយ​ប្រទេស​ទាំងពីរ​ក្នុង​ឆ្នាំ ២០២៣​។​

លោក​បាន​ក្រើន​រំឭកថា៖ «​​ជាមួយនឹង​ជនជាតិ​ឥណ្ឌូនេស៊ី​ដែល​កំពុង​រស់នៅ និង​ធ្វើការ​ក្នុងប្រទេស​កម្ពុជា​កាន់តែ​ច្រើន ហានិភ័យ​នៃ​ពួកគេ​ចូលរួម​ក្នុង​ឧក្រិដ្ឋកម្ម ឬ​ក្លាយជា​ជនរងគ្រោះ​នៃ​ការជួញដូរ​មនុស្ស និង​ការប្រើប្រាស់​គ្រឿងញៀន​បាន​កើនឡើង​យ៉ាងខ្លាំង»​។

យោងតាម​ក្រសួង​ការងារ​របស់​កម្ពុជា ជនជាតិ​ឥណ្ឌូនេស៊ី​ជាង ១៣១០០០នាក់​ត្រូវ​បានផ្តល់​ការងារ​នៅក្នុង​ប្រទេស​គិត​ត្រឹម​ឆ្នាំ ២០២៤ ដោយមាន​ប្រហែល​មួយ​ភាគបី​រស់នៅក្នុង​ខេត្ត​ព្រះសីហនុ ​ជា​សហគម​ន៍​ឥណ្ឌូនេស៊ី​ដ៏​ធំ​បំផុត​របស់​កម្ពុជា​។​

គណៈប្រតិភូ​ឥណ្ឌូណេស៊ី គ្រោង​​បន្តដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​ខេត្ត​ព្រះសីហនុ ​ដែល​ពួកគេ​​ជួប​ជាមួយ​មន្ត្រី​អនុវត្ត​ច្បាប់​ក្នុងស្រុក និង​មន្ត្រី​រដ្ឋាភិបាល ដើម្បី​ស្វែងយល់​បន្ថែម​អំពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ និង​ការការពារ​ប្រជាពលរដ្ឋ​៕