​ភ្នំពេញ៖ អាជ្ញាធរ​បាន​ចាប់ខ្លួន​ជនសង្ស័យ​បីនាក់​បាន​យ៉ាង​ឆាប់រហ័ស​កាលពី​ថ្ងៃទី ២១ ខែ​ឧសភា បន្ទាប់ពី​មាន​ករណី​ឃោរឃៅ​មួយ​ពាក់ព័ន្ធ​ករណី​ចាប់រំលោភ សម្លាប់ និង​ប្លន់លើ​​​ក្មេងស្រី​អាយុ ១៥ ឆ្នាំ ដែល​បាន​កើតឡើង​ក្នុង​​បន្ទប់ទឹក​នៅ​សាលាបឋមសិក្សា​វត្ត​គ្រួស​ ស្ថិត​ក្នុង​ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ។​

ការរកឃើញ​សាកសព​ត្រូវបាន​រាយការណ៍​ទៅ​ប៉ូលិស និង​អង្គភាព​ការពារ​កុមារ (CPU)​។​

អង្គភាព​ការពារ​កុមារ (CPU) និង​មន្ត្រី​មូលដ្ឋាន​បានធ្វើ​ការពិនិត្យ​កន្លែងកើតហេតុ​យ៉ាង​ម៉ត់ចត់ និង​បានធ្វើការ​ស៊ើបអង្កេត​ក្រោយ​ការធ្វើ​កោសល្យវិច័យ ដើម្បី​កំណត់​វិសាលភាព​ពេញលេញ​នៃ​អ្វីដែល​បានកើត​ឡើង​ក្នុងអំឡុងពេល​ករណី​ឃាតកម្មដ៏​ឃោរឃៅ​​។​


យោងតាម CPU បានឱ្យដឹងថា៖ «ក្រុមការងារ​ស៊ើបអង្កេត​ឈានដល់​ការកំណត់​មូលហេតុ​នៃ​ការស្លាប់ ថែមទាំង​ទិដ្ឋភាព​សកម្មភាព​ដែល​បាន​កើតឡើង​ទៅលើ​កុមារ​រងគ្រោះ​នៅពេល​វេលា​កើតហេតុ​។ សមត្ថកិច្ច​បាន​យក​ចម្លើយ​បំភ្លឺ​ពីសា​ក្សី​ជាច្រើន​នាក់ ហើយ​ឈានដល់​ការកំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ពីរ​នាក់ ដែល​ត្រូវបាន​ឃាត់ខ្លួន​ត្រឹម​ប៉ុន្មាន​ម៉ោង​ក្រោយ»​។

ជនសង្ស័យ​ត្រូវបាន​​សាក​​សួរ និង​បាន​ឆ្លើយ​​សារភាព​ពីបទ​ល្មើស​ព្រមទាំង​ជាប់​ពាក់ព័ន្ធ​នឹង​ជនសង្ស័យ​ទី​៣​។​ ​ការ​សារភាព​​រប​ស់ជន​សង្ស័យ​បញ្ជាក់​ពី​វត្ថុតាង​ដែល​រកឃើញ​លើ​សព និង​នៅ​កន្លែងកើតហេតុ​។​


ការតាមប្រមាញ់​ជនសង្ស័យ​ទី​៣​បានចាប់ផ្តើម​ភ្លាមៗ​។ ប៉ុន្មាន​ម៉ោង​ក្រោយមក ជនសង្ស័យ​ទី​៣ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​។​

អ្នកនាំពាក្យ​ស្នងការ​នគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បាន​ឱ្យ​ដឹងថា យុវជន សុខ ច័ន្ទ​សុវណ្ណ​សេង ភេទ​ អាយុ​១៨​ឆ្នាំ គ្មាន​មុខ​របរ​​ពិតប្រាកដ ធ្លាប់ស្គាល់​គ្នា​ជា​អ្នក​​ជិត​ខាង​ ក្នុង​ភូមិ​ដួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ។

លោក​បាន​ថ្លែង​តាមខ្សែ​អាត់​សំឡេង​ថា​៖ «​ជន​សង្ស័យ ច័ន្ទ​សុវណ្ណ​សេង បាន​ទាក់ទងកុមារីរងគ្រោះ​ និងបាន​ដាក់​ថ្នាំ​ងងុយ​ដេក​ក្នុង​ភេសជ្ជៈ​​រំលោភ​សេពសន្ថវៈ និង​សម្លាប់​ក្នុង​បន្ទប់​សាលាបឋមសិក្សា​វត្ត​គ្រួស ស្ថិតនៅក្នុង​វត្ដ​ជេស​ដ្ឋា​ឧ​ត្ត​ម ហៅ​វត្ត​គ្រួស ផ្លូវជាតិ​លេខ​៥ ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ»។

ហេតុការណ៍នេះបាន​កើតឡើង​​កាលពី​វេលា​ម៉ោង​០១​និង​២៧​នាទី​យប់​អធ្រាត្រ ឈានចូល​ថ្ងៃទី​២១ ខែឧសភា។

ជន​សង្ស័យ​ពីរ​នាក់​ ឈ្មោះ ទៀន ផា​រ៉ែត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ និង​ឈ្មោះ បូ ឧ​ត្ត​ម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ  ត្រូវបាន​​ឃាត់ខ្លួន​ពីបទ​​រួមគំនិត​ស​ម្លាប់​។​

មន្ដ្រីអង្គភាពការពារកុមារ (CPU) បានធ្វើកោសល្យវិច័យនៅគោលដៅឃាតកម្ម។ រូបថត CPU

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កម្លាំង​ជំនាញ​អធិការដ្ឋាន​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​ដើម្បី​​ចាត់​ការបន្ត​តាម​នីតិវិធី​ច្បាប់​។

អង្គភាព​ការពារ​កុមារ (CPU) គឺជា​ផ្នែក​ឯកទេស​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​តាមរយៈ​ភាពជា​ដៃគូ​រវាង​នគរបាលជាតិ​កម្ពុជា និង​មូលនិធិ​កុមារ​កម្ពុជា​។​

ចាប់តាំងពី​ការបង្កើតឡើង​ក្នុង​ឆ្នាំ ២០១៣​ មក CPU ​បានធ្វើ​ការរួម​ជាមួយនឹង​ការអនុវត្ត​ច្បាប់ ដើម្បី​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ប្រឆាំងនឹង​កុមារ រួមទាំង​ការរំលោភ និង​ឃាតកម្ម ដោយ​ផ្តល់​ការគាំទ្រ​ផ្នែក​កោសល្យ​វិ​ច្ច័​យ​ពី​អ្នកជំនាញ ក្រុម​ឆ្លើយតប​រហ័ស និង​ជំនួយ​ជនរងគ្រោះ​៕