
អគារអង្គរមានជ័យអាយុ៧៥ឆ្នាំ ដ៏ចាស់ទ្រុឌទ្រោម ស្ថិតក្នុងខណ្ឌ៧មករា ត្រូវបានហ៊ុំព័ទ្ធ ក្នុងការត្រៀមវាយរំលំ ដើម្បីរក្សាសុវត្ថិភាពប្រជាពលរដ្ឋ។ រូបថត ផាក់ ស៊ាងលី
ភ្នំពេញៈ អាជ្ញាធរ កំពុងពិភាក្សា កំណត់កាលបរិច្ចេទ នៃវាយរំលំអគារអង្គរមានជ័យដ៏ចាស់ទ្រុឌទ្រោម ក្រោយពីបានធ្វើការហ៊ុំព័ទ្ធអគារដែលមានអាយុ៧៥ឆ្នាំនេះ ខណៈពេលដែលពលរដ្ឋ៤ ក្នុងចំណោម៦៥គ្រួសារក៏មិនទាន់សម្រេចចិត្តទទួលយកដំណោះស្រាយ ដើម្បីចាកចេញនោះដែរ។
មួយថ្ងៃ ក្រោយផុតពេលកំណត់ នៃការចាកចេញរបស់ពលរដ្ឋដែលនៅសេសសល់ ក្រុមការងាររបស់រដ្ឋបាលខណ្ឌ៧មករា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃពុធ ទី២១ ខែឧសភាបានចាប់ផ្តើមធ្វើការហ៊ុំព័ទ្ធទីតាំងអគារអង្គរមានជ័យ ស្ថិតក្នុងភូមិ១ សង្កាត់មនោរម្យ។ កម្លាំងអាជ្ញាធរបានបញ្ចប់ការធ្វើរបងហ៊ុំព័ទ្ធទីតាំងអគារនេះ នាថ្ងៃទី២២ ខែឧសភា។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី លោកសេង ឡូត បានឱ្យដឹងថា រហូតមកដល់នឹងថ្ងៃទី២២ ខែឧសភានេះ ពលរដ្ឋទាំង៤គ្រួសារនៅមិនទាន់សម្រេចចិត្តទទួលយកការដោះស្រាយ ដើម្បីធ្វើការចាកចេញនៅឡើយនោះទេ។
លោកបញ្ជាក់ថា៖«ពួកគាត់មិនទាន់សម្របសម្រួលចប់សព្វគ្រប់ និងមានដំណោះស្រាយនៅឡើយទេ។ ប៉ុន្តែសភាពអគារហ្នឹងចាស់ទ្រុឌទ្រោមខ្លាំងណាស់។ អ៊ីចឹង ក្រសួងបានសហការជាមួយអាជ្ញាធរដែនដី ហ៊ុំព័ទ្ធ ធ្វើម៉េចកុំឱ្យ មានគ្រោះថ្នាក់ជាយថាហេតុ ដល់ពលរដ្ឋ នៅក្នុងទីតាំងផង អ្នកជាប់ខាងផង ក៏ដូចជាអ្នកធ្វើដំណើរ។ អ៊ីចឹងយើងបានហ៊ុំព័ទ្ធការដ្ឋានហ្នឹងហើយ ដោយផ្អែកទៅតាមការផុតកំណត់នៃឱសានវាទ»។
លោកថ្លែងដូច្នេះថា៖«ក្រុមការងារបច្ចេកទេសដែលទៅពិនិត្យ ធ្វើកោសល្យវិច័យ ឃើញថា អគារហ្នឹងចាស់ទ្រុឌទ្រោមមែនទែន។ សសរប្រេះ ប្លង់សេក៏បែកធ្លាក់ចេញដែកទៅទៀត។ អ៊ីចឹង ហានិភ័យខ្ពស់ណាស់ ដែលអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ នៅពេលណាមួយ យើងថាមិនត្រូវ។ អ៊ីចឹងដើម្បីការពារ ដើម្បីជួយសុខសុវត្ថិភាព ប្រជាពលរដ្ឋ ក្រសួង សហការជាមួយដែនដីផ្អាកការប្រើប្រាស់អគារហ្នឹង»។

អគារអង្គរមានជ័យអាយុ៧៥ឆ្នាំ ដ៏ចាស់ទ្រុឌទ្រោម ស្ថិតក្នុងខណ្ឌ៧មករា ត្រូវបានហ៊ុំព័ទ្ធ ក្នុងការត្រៀមវាយរំលំ ដើម្បីរក្សាសុវត្ថិភាពប្រជាពលរដ្ឋ។ រូបថត ផាក់ ស៊ាងលី
អគារសហកម្មសិទ្ធិនេះ ត្រូវបានសាងសង់ឡើងតាំង ពីអំឡុងឆ្នាំ១៩៥០។ គិតមកដល់បច្ចុប្បន្ន សំណង់អគារនេះមានអាយុ ៧៥ឆ្នាំហើយ។ អគារនេះមានក្រឡាផ្ទៃបាតទំហំសរុប ៥៩០ម៉ែត្រការ៉េ ដែលមានកម្ពស់ ៦ជាន់ ស្មើនឹង ១០៧បន្ទប់ និងមានប្រជាពលរដ្ឋរស់នៅសរុបចំនួន ៦៥គ្រួសារ។
ក្រសួងបានឱ្យដឹងថា ប្រជាពលរដ្ឋចំនួន ៦១ គ្រួសារ ស្មើនឹង៩៤ភាគរយ បានយល់ព្រមទទួលយកដំណោះស្រាយក្រោម ការសម្របសម្រួលរបស់ក្រសួង ហើយបានស្ម័គ្រចិត្តចាកចេញទៅរស់នៅទីតាំងថ្មី ដែលមានសុវត្ថិភាព។
ផ្នែកតាមលទ្ធផល នៃការចុះត្រួតពិនិត្យ និងវាយតម្លៃគុណភាពសំណង់ ការវិភាគលើគុណភាពនិងសុវត្ថិភាព គ្រឿងផ្គុំសំណង់ និងលទ្ធផលនៃការពិសោធន៍លើសម្ភារសំណង់អគារនេះរបស់មន្ទីរពិសោធន៍ជាតិសំណង់ ក្រសួងបានពិនិត្យឃើញថា សំណង់អគារនេះមានសភាពចាស់ទ្រុឌទ្រោមខ្លាំង បាត់បង់តុល្យភាពលំនឹងនៃរចនាសម្ព័ន្ធគ្រឿងផ្គុំសំណង់។ ហេតុនេះ វាប្រឈមមុខនឹងការបាក់រលំជាយថាហេតុ ដោយមិនផ្តល់សញ្ញាណជាមុន ដែលអាចនឹង បង្កគ្រោះថ្នាក់ដល់អាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
ផ្នែកតាមច្បាប់ស្តីពីសំណង់ឆ្នាំ២០១៩ និងដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិត ការបាត់បង់ ទ្រព្យសម្បត្តិនិងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ដោយសារសំណង់អគារអតីតសណ្ឋាគារអង្គរមានជ័យ ក្រសួងបានណែនាំឱ្យពលរដ្ឋ៤គ្រួសារ ដែលកំពុងស្នាក់នៅ ប្រើប្រាស់ និងប្រកបអាជីវកម្មក្នុងអគារនេះ ត្រូវបញ្ឈប់ការរស់នៅ និងការប្រកបអាជីវកម្មជាបន្ទាន់ និងត្រូវធ្វើការចាកចេញពីអគារនេះ ក្នុងរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី៥ ខែឧសភា។
ក្រុមការងារក្រសួង នៅតែបន្តសម្របសម្រួល ដោះស្រាយសំណងជូនប្រជាពលរដ្ឋដែលនៅសល់ចុងក្រោយទាំង៤គ្រួសារ។
ក្រសួងក៏បានណែនាំដល់ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់វិធានការបន្ទាន់ ដូចជា ហ៊ុំព័ទ្ធ ហាមចូល និងហាមប្រើប្រាស់អគារនេះ ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
ក្រសួង នឹងសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីវាយរំលំសំណង់អគារចាស់ទ្រុឌទ្រោមនេះ ក្រោយផុតពេលកំណត់ នៃការចាកចេញរបស់គ្រួសារប្រជាពលរដ្ឋចុងក្រោយចំនួន៤គ្រួសារនេះ។

អគារអង្គរមានជ័យអាយុ៧៥ឆ្នាំ ដ៏ចាស់ទ្រុឌទ្រោម ស្ថិតក្នុងខណ្ឌ៧មករា ត្រូវបានហ៊ុំព័ទ្ធ ក្នុងការត្រៀមវាយរំលំ ដើម្បីរក្សាសុវត្ថិភាពប្រជាពលរដ្ឋ។ រូបថត ផាក់ ស៊ាងលី
ទោះយ៉ាងណា ក្រុមការងារអាជ្ញាធរ មិនទាន់បានកំណត់ពេលនៃការវាយរំលំអគារនេះនៅឡើយទេ។
លោកសេង ឡូតបានលើកឡើងថា៖«ការរុះរើ គឺការងារបន្ត កំពុងតែពិនិត្យ ពិភាក្សា ពិចារណា ព្រោះការរុះរើមិនមែនជាការងាយស្រួលទេ។ ត្រូវមានវិធានការសុវត្ថិភាព ប្រយ័ត្នខ្ពស់ណាស់។ ក្រុមការងារកំពុងតែពិនិត្យលើការងារនេះ។ កាលបរិច្ចេទកំណត់មិនទាន់ដាក់នៅឡើយទេ»។
លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំង៤គ្រួសារធ្វើការចាកចេញ ដូចគ្រួសារភាគច្រើនដែរ ព្រោះថា ចំណាត់ការនេះ គឺដើម្បីសុវត្ថិភាព ក៏ដូចជាជួយពលរដ្ឋ។ ហេតុនេះ ដើម្បីការពារឱ្យបាននូវគោលដៅនេះ អាជ្ញាធរ ត្រូវតែរៀបចំការងារឱ្យបានសមស្រប ហើយទាន់ពេលវេលា។
លោកមានប្រសាសន៍ថា៖«ចំពោះពួកគាត់ ការដោះស្រាយ នៅតែបន្តជាធម្មតា។ អាគារចាស់ទ្រុឌទ្រោមហើយ អ៊ីចឹងការរុះរើ នៅពេលណា មិនអាស្រ័យលើការកំណត់របស់ពលរដ្ឋទេ។បើសិនបើគាត់ចេះតែសុំបន្តរស់នៅ ហើយអាគារហ្នឹងបាក់ដោយប្រការណាមួយ សួរថា គាត់អ្នកទទួលខុសត្រូវ ឬក៏អាជ្ញាធរមានសមត្ថកិច្ចជាអ្នកទទួលខុសត្រូវ?»។
លោកស្រីលីម ពៅ ជាគ្រួសារមួយ ក្នុងចំណោម៤ ដែលនៅសេសសល់ចុងក្រោយ។ បើទោះបីជាកម្លាំងអាជ្ញាធរបានធ្វើរបងហ៊ុំព័ទ្ធ ដើម្បីត្រៀមធ្វើការវាយរំលំយ៉ាងណាក្តី ក៏លោកស្រីនៅតែមិនទាន់សម្រេចចិត្តបោះជំហានចាកចេញពីកន្លែង ដែលគ្រួសារគាត់បានកំពុងតែនៅអស់រយៈពេលប្រមាណជា២០ឆ្នាំមកហើយ។
លោកស្រីបានលើកឡើងថា មូលហេតុដែលពួកគាត់មិនទាន់ចាកចេញ គឺដោយសារតែការផ្តល់សំណង«ធូរថ្លៃពេក»។ លោកស្រីមិនបានបញ្ជាក់ប្រាប់ពីទំហំសំណងនោះទេ។ ទោះយ៉ាងណា គាត់បានឱ្យដឹងថា សំណងដែលអាជ្ញាធរផ្តល់ឱ្យមានជម្រើសជាទឹកប្រាក់ និងផ្ទះ ដែលនៅឆ្ងាយ។ លោកស្រីសុំមិននិយាយលំអិតបន្ថែមពីបញ្ហានេះទេ។
លោកស្រីបានអះអាងដោយខ្លីថា៖«ខ្ញុំគិតថា នៅបន្តឱ្យបាន២ ទៅ៣ថ្ងៃទៀត តែព្រឹកមិញនេះ ទឹកត្រូវបានផ្តាច់ទៅហើយ»។
ចំណែកឯ លោកសេង ឡូត ក៏សុំមិនធ្វើអត្ថាធិប្បាយបន្ថែមពីការផ្តល់សំណង និងគោលដៅអនាគតនៃការប្រើប្រាស់ទីតាំងអគារនោះ ក្រោយពីការវាយរំលំ។ លោកថា គោលដៅនៃការប្រើប្រាស់អគារនេះ ក្រុមការងារនឹងធ្វើការពិនិត្យ និងពិភាក្សានូវជំហានបន្ទាប់ទៀត។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ គោលដៅចំបង គឺរក្សាសុវត្ថិភាពចំពោះអ្នកនៅក្នុងអគារ អ្នកជិតខាង និងអ្នកធ្វើដំណើរ ព្រោះពួកគាត់ គឺសុទ្ធតែមានហានិភ័យ៕