
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកម្មវិធីរដ្ឋបាលឌីជីថល (E-Admin) ជំហានទី២ និងកម្មវិធី CHAKRA STEM APP នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភានេះ។ រូបថត ក្រសួងបរិស្ថាន
ភ្នំពេញៈ ក្រសួងបរិស្ថានបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកម្មវិធីរដ្ឋបាលឌីជីថល (E-Admin) ជំហានទី២ និងកម្មវិធី CHAKRA STEM APP នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភានេះ ដើម្បីពន្លឿនការចរាចរណ៍ ឯកសាររដ្ឋបាល ឱ្យកាន់តែលឿនរហ័សក្នុងការចូលរួមដោះស្រាយបញ្ហាបរិស្ថាននៅកម្ពុជា។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ជាច្រើននាក់។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានចាត់ទុក កម្មវិធីនេះថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ នៃការរៀបចំរដ្ឋបាលឌីជីថលរបស់ក្រសួងបរិស្ថាន ដើម្បីពន្លឿន ការចរាចរណ៍ ឯកសាររដ្ឋបាល ឱ្យកាន់តែលឿនរហ័ស និងមានប្រសិទ្ធភាពការងារខ្ពស់ សមស្របតាមគោលនយោបាយយុទ្ធសាស្រ្តអាទិភាពគន្លឹះទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា។
លោករដ្ឋមន្រ្តីបានលើកឡើងថា ការដាក់ចេញរដ្ឋបាលឌីជីថល បាននិងកំពុងរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ការកែលម្អសេវាសាធារណៈ និងការដោះស្រាយបញ្ហាបរិស្ថាន អនុលោមតាមយុទ្ធសាស្រ្តចក្រវិស័យបរិស្ថាន មានមុំយុទ្ធសាស្រ្តស្នូល៣ គឺ រដ្ឋបាល បច្ចេកវិទ្យា និងផ្សព្វផ្សាយ ដែលជំរុញឱ្យកម្ពុជាមានភាពស្អាត បៃតង និងចីរភាព និងឆ្លើយតបនឹងគោលដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបញ្ជាក់ថា៖«ការជំរុញការធ្វើបរិវត្តកម្មឌីជីថល នៅគ្រប់វិស័យរបស់ក្រសួងបរិស្ថាននេះ គឺផ្តើមចេញពីមនុស្សទៅឌីជីថល ហើយឌីជីថលនឹងបង្កើនប្រសិទ្ធភាពការងាររបស់ក្រសួង ដោយសម្រួលការគ្រប់គ្រងឯកសារ និងលំហូរការងារ, ធានាបានតម្លាភាព និងគណនេយ្យភាព ដោយកាត់បន្ថយនីតិវិធីស្មុគស្មាញ និងកត់ត្រារាល់សកម្មភាព, ជួយបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងទិន្នន័យ និងជាមជ្ឈមណ្ឌលកណ្តាល រួមទាំងការបង្កើតបរិយាកាសការងារបែបឌីជីថល ឆ្ពោះទៅរកស្ថាប័នទំនើប»។

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីរដ្ឋបាលឌីជីថលនេះ បានប្រព្រឹត្តទៅជាមួយនឹងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន និងអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា STEM Cambodia លើការរៀបចំ និងដាក់ឱ្យប្រើកម្មវិធី CHAKRA STEM APP។ ក្នុងនោះក្រសួងបរិស្ថានតំណាងដោយលោកម៉ៅ សុវេង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកស្រីអ៊ាង និធិជ្ជនី ដឺណេ (Nithijounie Dene Eang )នាយិកាប្រតិបត្តិនៃអង្គការ STEM Cambodia។
លោកស្រីអ៊ាង និធិជ្ជនី ដឺណេ បានឱ្យដឹងថា អង្គការSTEM បានបង្កើតឡើងអស់រយៈពេល១៨ឆ្នាំកន្លងមកហើយ ដែលផ្តោតលើសសរស្តម្ភសំខាន់៤។ ក្នុងនោះរួមមាន៖ បច្ចេកវិទ្យា, វិស្វកម្ម, វិទ្យាសាស្ត្រ និង គណិតវិទ្យា។
យ៉ាងណាមិញ ការអភិវឌ្ឍផ្នែកបច្ចេកវិទ្យា ជួយដល់វិស័យបរិស្ថាន គឺជាសកម្មភាពអាទិភាពរបស់STEM តាមរយៈការបង្កើតកម្មវិធី CHAKRA STEM APP ។
លោកស្រីបញ្ជាក់ថា៖«កិច្ចសហប្រតិបត្តិការនាពេលនេះ ពិតជាមានអត្ថន័យយ៉ាងធំធេងក្នុងការជំរុញការអនុវត្ត «ភាពស្អាត» «ភាពបៃតង» និង «ចីរភាព» ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាពិសេសក្នុងការបង្កើន ភាពបៃតងរបស់ភពផែនដី និងជាការប្តេជ្ញាចិត្តរួមគ្នា ក្នុងដំណើរផ្លូវឆ្ពោះ ទៅអនាគតរបស់អ្នកជំនាន់ក្រោយ។ កម្មវិធី CHAKRA STEM APP នឹងជួយសម្រួលនិងផ្តល់ភាពងាយស្រួល ដល់ការតាមដាននិងជំរុញការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានប្រកបដោយប្រសិទ្ធភាព»។
លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណអង្គការ STEM Cambodia ដែលបានសហការនិងរួមចំណែកធ្វើឱ្យកម្ពុជាស្អាត មានភាពបៃតង ដោយចីរភាព តាមរយៈបេសកកម្ម ៣ចម្បង។ ក្នុងនោះរួមមាន បណ្តុះគំនិតសាធារណៈនិងយុវជនជំនាន់ក្រោយឱ្យស្រឡាញ់បរិស្ថាន។ ក្រៅពីនោះ កម្មវិធី Chakra STEM App ដែលបង្កើតឡើងដោយកូនខ្មែរ គឺសម្រាប់កំណត់ចំណាំទីតាំងដាំកូនឈើ និងតាមដានការលូតលាស់របស់ដើមឈើ ដែលជាការរួមចំណែកកាត់ បន្ថយឧស្ម័ន កាបូនិកឈានឆ្ពោះទៅប្រទេស អាព្យាក្រឹតកាបូន។
បេសកកម្មចុងក្រោយ គឺការជំរុញដល់ការងារគ្រប់គ្រង និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព និងការច្នៃប្រឌិតខ្ពស់៕
