ភ្នំពេញ៖ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន លោក ទេព អស្នារិទ្ធ បានលើក​​ឡើងពីការ​ផ្សព្វផ្សាយ​ព័ត៌មានខុស​ពីការពិត​អំពីហេតុការណ៍​​រំលោភ​ និងឃាតកម្ម​លើ​កុមារី​វ័យ​១៥​ឆ្នាំ​​​ថា អ្នក​សារព័ត៌មាន​ ជាពិសេសការ​ផ្សាយ​ផ្ទាល់​តាម​អនឡាញ (ហ្វេសប៊ុក) ត្រូវ​ត្រួត​ពិនិត្យ និង​ធ្វើ​ឱ្យ​តុល្យភាព​នៃ​ព័ត៌មាន​។

លោក​បាន​ថ្លែងថា​ ការ​ផលិត​ព័ត៌មាន​មួយ​ត្រូវ​ឆ្លងកាត់​ការ​សម្រិត​សម្រាង​តាំងពីការ​អង្គុយ​សរសេរ និង​រត់​រក​ប្រភព​ផ្សេងៗ​ទៀត​ដើម្បី​ធានា​ថា ព័ត៌មាន​នេះផ្ដល់​នូវ​យុត្ដិធម៌​ បើសិន​ជា​រឿង​នេះ​ពាក់ព័ន្ធ​ការ​ស្វែង​រក​យុត្ដិធម៌​។

លោក អស្នារិទ្ធ​ បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍ពីអ្នកសារព័ត៌មាន​ដក​ស្រង់​ប្រភព​ដែល​អះអាង​ថាជា​សាច់​ញាតិ​ជន​រង​គ្រោះ​ថា​៖ «​ការ​ចូលរួម​របស់​យើង​ វាមាន​កម្រិត​ទៅតាម​ហ្នឹង។ បើ​សិន​យើង​ផ្ដល់​ឱ្យ​ព័ត៌មាន​ស្ទើរ វា​នឹង​ផ្ដល់​ផល​ស្ទើរ ឬបង្ក​បញ្ហា​ផ្សេង ដូចជា ករណី​នេះ ដែល​ធ្វើ​ឱ្យ​មាន​លទ្ធផល​នៃការ​ផ្សព្វផ្សាយ​ខុស​គ្នា​»។


លោក​បាន​បញ្ជាក់ថា​៖ «​យើង​ចាំបាច់​ណាស់ ដែល​ត្រូវ​ផ្ទៀង​ផ្ទាត់ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​​ ជាពិសេស សមត្ថកិច្ច​អនុវត្ដការងារ​នេះ ដោយ​មិន​អាច​រំលង​ពួកគាត់​បាន​ទេ​។ បើសិនជាគាត់​ទាក់ទងទៅ​ស្នងការតែបន្ដិច រឿងនេះ​ត្រូវបាន​បញ្ជាក់​ច្បាស់​បាត់​»។

លោក អស្នារិទ្ធ បាន​ពន្យល់ថា សាច់ញាតិ​គ្រួសារ​ត្រូវ​ផ្ដល់​ទឡ្ហីករណ៍ដែរ បើសិន​ជា​អាជ្ញាធរ​រក​ឃើញ គាត់​មាន​របាយការណ៍​ដែល​កើត​ចេញ​ពី​លទ្ធផល​ការ​ស្រាវជ្រាវ​ពាក់ព័ន្ធករណី​មនុស្ស​ឃាតនេះ​ ពីព្រោះ​អាជ្ញាធរ​បាន​ធ្វើ​ការពេញ​លេញ​ជាង​ការ​​ទៅរក​ព័ត៌មាន​ ដែល​មិន​បាន​ជួប​ភាគី​ផ្សេងៗ​ទៀត។


កាលពីថ្ងៃទី​២១ ខែ​ឧសភា លោក ជួន ណារិន្ទ អគ្គស្នងការរង ស្នងការនគរបាលរាជធានីភ្នំពេញ បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គមរបស់លោកថា ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​អនឡាញមួយ​ដែល​អំពើ​រំលោភ​ផ្លូវភេទ និង​សម្លាប់លើ​កុមារី​អាយុ ១៥​ឆ្នាំ បាន​កើតឡើង​ដោយ​អំពើ​រំលោភ​បូក​ដែល​ជន​ល្មើស ៨​នាក់​។

លោក ណារិន្ទ ទាមទារ​ឱ្យ​អ្នកសារព័ត៌មាន​អនឡាញ​នោះ​កែតម្រូវ​ និង​សុំទោស​ចំពោះ​ការ​ផ្សព្វផ្សាយ​ខុស ដែល​ប្រាក​ច្រាក​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែងរបស់​អាជ្ញាធរ​ និង​អង្គភាព​ការពារកុមារ (CPU) ដែល​រក​ឃើញថា ករណី​នេះពាក់ព័ន្ធ​ជនល្មើស​ ៣​នាក់​។

សារទាមទារ​កែតម្រូវ និង​សុំទោស​នេះ បាន​នាំឱ្យ​អ្នកសារព័ត៌មាន​ចេញមុខ​មក​សុំ​ទោស​ជាសាធារណៈ ដោយ​មាន​ការ​ផ្សព្វផ្សាយ​លើបណ្ដាញ​សង្គម​ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​ថែម​ទៀតផង​។