
អាកាសដ្ឋានអន្តរជាតិតេជោ ដែលនឹងបើកដំណើរការនៅថ្ងៃទី៩ ខែ៩ ឆ្នាំ២០២៥។ SSCA
រដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី៩ ខែ៩ ឆ្នាំ២០២៥ ជាការចាប់ផ្តើមបើកឱ្យមានប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដើម្បីជំនួសឱ្យអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលមានអាយុកាលប្រើប្រាស់ជិត ៧០ឆ្នាំកន្លងមក។ ជាមួយគ្នានេះនៅដើមសប្តាហ៍ក្រោម ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia ក៏នឹងធ្វើពិធីទទួលស្វាគមន៍នូវយន្តហោះថ្មី ATR 72-600 ផងដែរ។
សេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល(SSCA) ដែលចុះហត្ថលេខាដោយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នាថ្ងៃទី២៣ ខែឧសភា នេះ បានឱ្យដឹងថា យោងតាមចំណាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ គឺបានកំណត់យកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ជាកាលបរិច្ឆេទបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ និងកំណត់យកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្រាប់រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាគម្រោងវិនិយោគគ្នារវាងរដ្ឋ និងឯកជន ដោយក្រុមហ៊ុនឯកជន OCIC មានភាគហ៊ុន ៩០ ភាគរយ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល(SSCA) ១០ ភាគរយ។ អាកាសយានដ្ឋាននេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ លើផ្ទៃដីទំហំ ២ ៦០០ ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រភាគខាងត្បូងរាជធានីភ្នំពេញជាមួយនឹងទុនវិនិយោគប្រមាណ ១,៥ពាន់លានដុល្លារ(មិនគិតបញ្ចូលតម្លៃដី)។
អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាប្រភេទអាកាសយានដ្ឋាន Greenfield ដែលមានខ្នាតធំលំដាប់ 4F និងអាចអនុញ្ញាតឱ្យយន្តហោះប្រភេទធុនធំៗដូចជា Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ អាកាសយានដ្ឋាននេះរចនាឡើងជា ៣ ដំណាក់កាល ដោយដំណាក់កាល១ ពីឆ្នាំ២០២០ ដល់២០៣០ អាចទទួលភ្ញៀវបានចំនួន ១៥ លាននាក់, ដំណាក់កាលទី ២ ឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ ទទួលភ្ញៀវបាន ៣០ លាននាក់ និងដំណាក់កាលពី ៣ ចាប់ពីឆ្នាំ២០៥០ អាចទទួលភ្ញៀវបាន ៤៥ លាននាក់។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២៣ ខែឧសភា ថា ក្រៅពីដំណឹងនៃការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជា គឺនៅសប្តាហ៍ក្រោយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia ក៏នឹងធ្វើពិធីទទួលស្វាគមន៍នូវយន្តហោះថ្មី ATR 72-600 ផងដែរ។
លោកបានថ្លែងថា៖«វិស័យអាកាសចរណ៍កម្ពុជាកំពុងបង្ហាញពីភាពវិជ្ជមានជាបន្តបន្ទាប់ ដោយនៅថ្ងៃទី២៦ ខែឧសភា នេះក្រុមហ៊ុន Air Cambodia ក៏នឹងធ្វើពិធីស្វាគមន៍ការមកដល់នៃយន្តហោះថ្មី ATR 72-600 ដែលផលិតនៅប្រទេសបារាំងផងដែរ»។
របាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ឱ្យដឹងថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់អាកាសយានដ្ឋានអន្តរជាតិទាំង ៣ នៅកម្ពុជា(អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ) កាលពីឆ្នាំ ២០២៤ បានកើនឡើងគួរឱ្យកត់សម្គាល់ ដោយទទួលបានជើងហោះហើរចេញ-ចូល(ទ្វេទិស) សរុប ៥៨ ៣៥៤ កើនឡើង ១៤ ភាគរយបើធៀបនឹងឆ្នាំ ២០២៣ និងអ្នកដំណើរឆ្លងកាត់ចេញ-ចូល(ទ្វេទិស) មានចំនួន ៦ ២៤១ ៨៤២ នាក់ កើនឡើង ២២ ភាគរយ។ ចំណែកទំនិញដឹកជញ្ជូនតាមផ្លូវអាកាសចេញ-ចូល(ទ្វេទិស) មានចំនួន ៧៧ ៧៥២តោន កើនឡើង ៤០ ភាគរយ។
កន្លងមកថ្នាក់ដឹកនាំរដ្ឋាភិបាល និងតំណាងក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិតេជោ ធ្លាប់បានប្រាប់បណ្តាញសារព័ត៌មានថា នៅពេលអាកាសយានដ្ឋានអន្តរជាតិតេជោបើកដំណើរការ គឺគ្រប់ប្រតិបត្តិការទាំងអស់នៅអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង នឹងត្រូវបិទបញ្ចប់។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៦ ខែឧសភា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា បានថ្លែងថា បន្ទាប់ពីបញ្ចប់ប្រតិបត្តិការ ទីតាំង(ដី)អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងត្រូវប្រគល់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាអ្នកគ្រប់គ្រង និងឱ្យសមត្ថកិច្ចជួយថែរក្សាទ្រព្យសម្បត្តិនានា។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវរក្សាឱ្យបាននូវតម្លៃប្រវត្តិសាស្ត្រ ឱ្យពលរដ្ឋប្រើប្រាស់ជាអតិបរមា និងប្រើប្រាស់ឱ្យមានចីរភាព ហើយនៅតែជាសម្បត្តិរបស់រដ្ឋ។
លោកបញ្ជាក់ថា៖«ព្រលានយន្តហោះពោធិ៍ចិនតុង ប៉ុន្មានថ្ងៃនេះឃើញមានការនិយាយផុសផុលអំពីការលក់ព្រលានយន្តហោះនេះ។ ខ្ញុំឃើញអ្នកខ្លះថា ច្បាស់ណាស់រាជរដ្ឋាភិបាលលក់ព្រលានយន្តហោះនេះឱ្យវិស័យឯកជន ១៥ឆ្នាំមុន។ តើបានមកពីណា? ១៥ឆ្នាំមុន យើងមិនទាន់គ្រោងធ្វើព្រលានយន្តហោះថ្មីផង»។ លោកបន្តថា៖«បើមានសូមឱ្យឯកសារហ្នឹងមកក្រែងខ្ញុំមិនដឹង ព្រោះមានតែ ២នាក់ទេដែលមានសិទ្ធិក្នុងការសម្រេចដោះដូរ គឺសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីនៅអាណត្តិមុន និងរូបខ្ញុំជានាយករដ្ឋមន្ត្រីក្នុងអាណត្តិនេះ។ យើងទាំង ២ នាក់អត់ដែលបានដឹងពីគម្រោងនៅក្នុងការលក់ព្រលានយន្តហោះពោធិ៍ចិនតុង។ អឺចឹងអ្នកដែលនិយាយជជែកគ្នាខ្ញុំសុំឱ្យបញ្ចប់។ ម៉ោងនេះ ពេលនេះ គឺគ្មានគោលការណ៍ ហើយពីមុនមក គឺគ្មានគោលការណ៍ ដែលថាកន្លែងណាដែលសម្រេចលក់ព្រលានយន្តហោះនេះទេ»។