រដ្ឋាភិបាល​នឹង​ធ្វើ​បច្ចុប្បន្នភាព​រចនាសម្ព័ន្ធ ​និង​ជំរឿន​មន្ត្រី​ជាក់​ស្តែង​នៅ​តាម​ក្រសួង ​ស្ថាប័ន​ចំណុះ​អង្គការ​នីតិប្រតិបត្តិ ​បុគ្គលិក​ក្នុង​គ្រឹះស្ថាន​អប់រំ​សាធារណៈ ​និង​មន្ត្រី​សុខាភិបាល​ទូទាំង​ប្រទេស​ ក្នុង​គោល​ដៅ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​គ្រប់​គ្រង​និង​ការ​អនុវត្ត​ការងារ។ នាយក​រដ្ឋមន្ត្រី​ក៏​បាន​ព្រមាន​មិន​ឲ្យ​មានការ​ក្លែង​ឯកសារ ឬ​ការ​ផ្លាស់​ប្ដូរ​អង្គភាព​ក្នុង​យុទ្ធនាការ​នេះ។​

ការ​ធ្វើ​បច្ចុប្បន្នភាព​រចនាសម្ព័ន្ធ និង​ជំរឿន​មន្ត្រី​ជាក់​ស្តែង​ នេះ​ត្រូវ​បាន​ប្រកាស​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ក្នុង​សារាចរ​ ៣ ដាច់​ដោយ​ឡែក​ពី​គ្នា​ចុះ​ថ្ងៃ​ទី២០ ខែ​ឧសភា។ យ៉ាង​ណា​ក៏​ដោយ​មិន​មាន​ការ​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ពេល​វេលា​ដែល​ការ​ធ្វើ​បច្ចុប្បន្នភាព​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នោះ​ទេ។

យោង​តាម​សារាចរ​ទាំង៣ ​ការ​ធ្វើ​ជំរឿន​មន្ត្រី​រាជការ​ស៊ីវិល​ធ្លាប់​ត្រូវ​បាន​ធ្វើ​ឡើង​ ៣ ដង​រួច​ហើយ នៅ​ឆ្នាំ​ ១៩៩៥, ២០០១ និង​ឆ្នាំ​២០១០ ដែល​ជំរឿន​ទាំង​នេះ​បាន​កសាង​មូលដ្ឋាន​ទិន្នន័យ​មន្ត្រី​រាជការ​ស៊ីវិល​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​ពង្រឹង ​និង​ការ​គ្រប់​គ្រង​មន្ត្រី​រាជការ​រហូត​មក​ដល់​បច្ចុប្បន្ន។


ជំរឿន​មន្ត្រី​ថ្នាក់​ជាតិ​នេះ​ ត្រូវ​បាន​លើក​លែង​ចំពោះ​មន្ត្រី និង​ស្ថាប័ន​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ជាតិ ​ក្រសួង​ការពារ​ជាតិ និង​ពន្ធនាគារ។​

សម្រាប់​មន្ត្រី​ទាំង​នៅ​ថ្នាក់​ជាតិ មន្ត្រី​អប់រំ​ដែល​ចាប់​ពី​មត្តេយ្យសិក្សា​ ដល់​វិទ្យាល័យ​ និង​មន្ត្រី​សុខាភិបាល​ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្ទេរ ឬ​ផ្លាស់ប្ដូរ​អង្គភាព​បំពេញ​ការងារ និង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​កែ​ប្រែ​ទិន្នន័យ​ឬ​កែ​ប្រែ​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​ស្ថានភាព​មន្ត្រី​ឡើយ។​


សារាចរ​អំពី​ការ​ជំរឿន​នៅ​ថ្នាក់​ជាតិ​រំលេច​ថា៖ «ថ្នាក់​ដឹកនាំ​និង​មន្ត្រី​ពាក់​ព័ន្ធ​ក្នុង​យុទ្ធនាការ​នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​រចនាសម្ព័ន្ធ​ និង​ជំរឿន​មន្ត្រី​ជាក់​ស្តែង​នៅ​តាម​រចនាសម្ព័ន្ធ​របស់​ក្រសួង ​ស្ថាប័ន​ចំណុះ​អង្គការ​នីតិប្រតិបត្តិ ដែល​ត្រូវ​បាន​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត​កំហុស ​ជាអាទិ៍​ការ​ក្លែង​ឬ​បន្លំ​ឯកសារ ឬ ព័ត៌មាន​ នឹង​ត្រូវ​បណ្ដេញ​ចេញ​ ដោយ​មិន​គិត​ដល់​ទណ្ឌកម្ម​ផ្នែក​ព្រហ្មទណ្ឌ​ផ្សេង​ទៀត»។

សម្រាប់​មន្ត្រី​អង្គភាព​សុខាភិបាល​មូលដ្ឋាន ជំរឿន​នឹង​ធ្វើ​ឡើង​លើ​មន្ទីរពេទ្យ​បង្អែក​ដែល​អនុវត្ត​សំណុំ​សកម្មភាព​បង្គ្រប់​កម្រិត២​ រហូត​ដល់​ប៉ុស្តិ៍​សុខភាព។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ថ្លែង​ថា ការ​ធ្វើ​ជំរឿន​របស់​រដ្ឋាភិបាល​គឺ​ដើម្បី​ធានា​ប្រសិទ្ធភាព​អភិបាលកិច្ច​ ការ​ប្រើ​ប្រាស់​ធនធាន​សាធារណៈ​ប្រកប​ដោយ​តម្លាភាព, ប្រសិទ្ធផល និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​គុណភាព​នៃ​ការ​ផ្ដល់​សេវា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ។​

លោក​បន្ត​ថា ការ​ធ្វើ​ជំរឿន​នេះ​នឹង​លុប​បំផុត​ការ​ខាត​បង​ថវិកា​រដ្ឋ​ដែល​ត្រូវ​បើក​ទៅ​ឲ្យ​មន្ត្រី​ខ្មោច​ដែល​មាន​តែ​ឈ្មោះ​តែ​មិន​មក​ធ្វើ​ការ ឬ​មក​ធ្វើ​ការ​មិន​ទៀត​ទាត់។

លោក​បន្ត​ថា ការ​ធ្វើ​ជំរឿន​នេះ​នឹង​ជួយ​ឲ្យ​រដ្ឋាភិបាល​ដឹង​ពី​សមត្ថភាព​របស់​មន្ត្រី និង​ចំណុច​ខ្វះ​ខាត​ដែល​ត្រូវ​បំពេញ​បន្ថែម តើ​ពួក​គេ​មាន​ជំនាញ​អ្វី ឬ​ខ្វះ​ជំនាញ​អ្វី។ ​លើស​ពី​នេះ វា​ជួយ​ឲ្យ​ផ្នែក​ធនធាន​មនុស្ស​​ដឹង​ពី​ស្ថានភាព​ថា​តើ​ត្រូវ​ជ្រើស​រើស​មន្ត្រី​រាជការ​បន្ថែម ឬ ត្រូវ​បណ្ដុះ​បណ្ដាញ​ជំនាញ​បន្ថែម​ និង​ដឹង​ថា​តើ​មន្ត្រី​ប៉ុន្មាន​នឹង​ត្រូវ​ចូល​និវត្តន៍។​

លោក​ថា សម័យ​ទំនើប​នេះ ក្រសួង​ស្ថាប័ន​គួរ​តែ​មាន​ប្រព័ន្ធ​ទិន្នន័យ (database) ហើយ​លែង​កត់​ត្រា​នៅ​លើ​ក្រដាស​ទៀត ដែល​ប្រព័ន្ធ​នេះ​ងាយស្រួល​ក្នុង​ការ​គ្រប់​គ្រង ទាំង​ការ​ចេញ​ចូល និង​ដឹង​ថា​មន្ត្រី​ណា​ម្នាក់​ត្រូវ​ដល់​ពេល​ចូល​និវត្តន៍ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ជ្រើស​រើស​មន្ត្រី​មក​ជំនួស ឬ ត្រូវ​បន្ថែម។

លោក​ថ្លែង​ថា៖ «ដូច្នេះ នា​ពេល​បច្ចុប្បន្ន​នេះ ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​វា​ជួយ​បាន​ច្រើន ដែល​ធ្វើ​ឲ្យ​អភិបាល​កិច្ច​ក្នុង​ការ​គ្រប់​គ្រង​ធនធាន​មនុស្ស​ក្នុង​ស្ថាប័ន​សាធារណៈ​​មាន​ភាព​ប្រសើរ​ជាង​មុន»៕