
ការបញ្ចេញសំណល់រាវរបស់រោងចក្រដំណាប់ស្វាយ ដែលបានបង្កផលប៉ះពាល់ដល់ប្រភពទឹកសាធារណៈ និងពលរដ្ឋរាប់រយគ្រួសារ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ រូបថត ក្រសួងបរិស្ថាន
ភ្នំពេញៈ យ៉ាងហោចណាស់ក្រុមហ៊ុននិងរោងចក្រចំនួន៣១ត្រូវបានរកឃើញថា បានបញ្ចេញសំណល់រាវមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថានដែលល្មើសនឹងក្រមបរិស្ថាននិងធនធានធម្មជាតិក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥នេះ។
ក្រសួងបរិស្ថានបានឱ្យដឹងថា ក្រុមហ៊ុននិងរោងចក្រទាំងនោះមិនបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យនិងមិនទាន់មានប្រព័ន្ធអាងប្រព្រឹត្តកម្មសំណល់រាវស្របតាមស្តង់ដារដែលធានាលើការបញ្ចេញសំណល់រាវឱ្យស្អាតមុនពេលបញ្ចេញទៅក្រៅទីតាំងរបស់ខ្លួន។
ក្នុងចំណោមក្រុមហ៊ុននិងរោងចក្រទាំងនោះក្រុមហ៊ុនចំនួន១បានអនុវត្តច្បាប់តាមលិខិតបញ្ជាកែប្រែរបស់ក្រសួងបរិស្ថានបានរួចរាល់។ រីឯ រោងចក្រនិងក្រុមហ៊ុនចំនួន១៧អនុវត្តបានចំនុចមួយចំនួននិងកំពុងស្ថិតក្នុងនីតិវិធីតាមដាននៃត្រួតពិនិត្យការអនុវត្តច្បាប់និងបញ្ជាកែប្រែពីក្រសួងបរិស្ថានស្របតាមនីតិវិធីច្បាប់និងកាលបរិច្ឆេទកំណត់។ ចំណែកឯ រោងចក្រនិងក្រុមហ៊ុនចំនួន១៣បាននិងកំពុងរៀបចំឯកសារបញ្ជាកែប្រែដាក់ឱ្យអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវនិងបញ្ឈប់ការបញ្ចេញសំណល់រាវបំពុលដល់ប្រភពទឹកសាធារណៈ។

ការបញ្ចេញសំណល់រាវរបស់រោងចក្រដំណាប់ស្វាយ ដែលបានបង្កផលប៉ះពាល់ដល់ប្រភពទឹកសាធារណៈ និងពលរដ្ឋរាប់រយគ្រួសារ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ រូបថត ក្រសួងបរិស្ថាន
ក្រុមការងារសុក្រឹត្យកម្មបរិស្ថានកិច្ចនៃអគ្គនាយដ្ឋានគាំពារបរិស្ថានក្រសួងបរិស្ថាននៅថ្ងៃទី២២ខែឧសភានេះបានរកឃើញបញ្ហាបំពុលបរិស្ថានរបស់ក្រុមហ៊ុនចំនួន២បន្ថែមទៀត។ ក្នុងនោះមានក្រុមហ៊ុនBoeungKet Planting & Industrial Co., Ltd.និងក្រុមហ៊ុនFOUR SEASONS FOOD TASTE Co., Ltd ។ក្រុមហ៊ុនទាំង២ផលិតដំណាប់ស្វាយដែលមានទីតាំងនៅក្នុងឃុំត្រែងត្រយឹងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្រសួងបរិស្ថានបញ្ជាក់ថា៖«ក្រុមការងារបានរកឃើញថាក្រុមហ៊ុនBoeungKet Planting & Industrial Co., Ltd.បានធ្វើការបង្ហូរសំណល់រាវមិនបានសម្អាតត្រឹមត្រូវចូលអូរពាមទុងដោយផ្ទាល់ដែលបានបង្កឱ្យមានបញ្ហាក្លិនស្អុយធ្វើឲ្យខូចប្រភពទឹកប៉ះពាល់ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាង១០០គ្រួសារ»។
ដោយឡែកក្រុមហ៊ុនFOUR SEASONS FOOD TASTE Co., Ltd ត្រូវបានក្រុមការងាររកឃើញថាបានបង្ហៀរសំណល់រាវមិនបានសម្អាតចេញពីស្រះស្តុកចូលទៅតាមទីវាលទំនាបស្ថិតនៅចំហៀងផ្នែកខាងកើតទីតាំងក្រុមហ៊ុន។ បន្ទាប់មកបានហូរបន្តចូលប្រឡាយសាធារណៈ រួចហូរធ្លាក់ចូលក្នុងអូរធម្មជាតិឆ្ពោះទៅទំនប់ទឹកពាមទុងផងដែរ។បញ្ហានេះបានបង្កឲ្យមានបញ្ហាក្លិនស្អុយប៉ះពាល់ដល់ប្រភពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងតំបន់។

ការបញ្ចេញសំណល់រាវរបស់រោងចក្រដំណាប់ស្វាយ ដែលបានបង្កផលប៉ះពាល់ដល់ប្រភពទឹកសាធារណៈ និងពលរដ្ឋរាប់រយគ្រួសារ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ រូបថត ក្រសួងបរិស្ថាន
ក្រុមហ៊ុនទាំង២នេះបានប្រព្រឹត្តល្មើសនឹងមាត្រា១៥៦មាត្រា១៧៣មាត្រា១៧៦មាត្រា២៨៦មាត្រា២៨៧មាត្រា៦៤៤និងមាត្រា៨២៦នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ក្រសួងបានកំពុងតែអនុវត្តវិធានច្បាប់ចំពោះក្រុមហ៊ុនទាំង២នេះ។
ក្រសួងបានអំពាវនាវដល់ម្ចាស់រោងចក្រនិងក្រុមហ៊ុនទាំងអស់កុំបញ្ចេញសំណល់រាវដោយមិនមានប្រព័ន្ធចម្រោះទឹកកខ្វក់ត្រឹមត្រូវដែលនាំឱ្យប៉ះពាល់ដល់ជីវភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋប៉ះពាល់ដល់សុខភាពសាធារណៈនិងបរិស្ថាននិងភាពសុខដុមរមនារបស់មនុស្សនិងធម្មជាតិជាពិសេសកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់រោងចក្រនិងក្រុមហ៊ុននានាដែលកំពុងអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា៕


