
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកឈាង រ៉ា ជួបពិភាក្សាការងារ ជាមួយអគ្គនាយកអង្គការWHO លោកTedros Adhanom Ghebreyesus ក្នុងពេលចូលរួម មហាសន្និបាតអង្គការសុខភាពពិភពលោកលើកទី៧៨ ក្នុងក្រុងហ្សឺណែវ សហព័ន្ធស្វីស។ រូបថត ក្រសួងសុខាភិបាល
ភ្នំពេញៈ កម្ពុជាបានគូសបញ្ជាក់អំពីអនុលោមភាពរបស់ខ្លួនជាមួយបេសកម្មរបស់ អង្គការសុខភាពពិភពលោក និងភាពជាដៃគូយុទ្ធសាស្ត្រ ដោយទទួលបានជោគជ័យដ៏ធំធេងលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កន្លងមក។
ការគូសបញ្ជាក់នេះធ្វើឡើង នៅក្នុងជំនួបអាទិភាពទ្វេភាគី រវាងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកឈាង រ៉ា និងអគ្គនាយកអង្គការសុខភាពពិភពលោក លោកTedros Adhanom Ghebreyesus ក្នុងវេលាដ៏មមាញឹក នៃមហាសន្និបាតអង្គការសុខភាពពិភពលោកលើកទី៧៨ ដែលរដ្ឋជាសមាជិក ១៩៤ ប្រទេស បានចូលរួម នាថ្ងៃចន្ទ ទី២៦ ខែឧសភា នៅក្នុងក្រុងហ្សឺណែវ សហព័ន្ធស្វីស។
ក្នុងជំនួបនេះ លោករដ្ឋមន្រ្តី បានលើកឡើងពីការគាំទ្ររបស់អង្គការសុខភាពពិភពលោក មកដល់សុខាភិបាលកម្ពុជា ហើយលោកក៏បានបានបញ្ជាក់អំពីអនុលោមភាពរបស់កម្ពុជា ជាមួយបេសកម្មរបស់អង្គការសុខភាពពិភពលោកផងដែរ។ នេះបើយោងតាមក្រសួងសុខាភិបាល។
លោករដ្ឋមន្ត្រីក៏បានរំលឹកដល់អនុស្សាវរីយ៍ដ៏អស្ចារ្យជាប្រវត្តិសាស្ត្រ ដែលបានចារឹកក្នងបេះដូងកម្ពុជា និងពិភពលោក នោះគឺ ការសម្រេចចិត្តរបស់ អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន សែន ក្នុងការអនុញ្ញាត និងចេញទៅទទួល ដោយខ្លួនលោកផ្ទាល់ នូវអ្នកធ្វើដំណើរតាមនាវា អឹមអេស វេស្ទើរដាមចំនួន ២២៥៧រូប។ ខណៈពេលដែល ជំងឺកូវីដ១៩ ដ៏កាចសាហាវកំពុងយកជីវិតមនុស្សលោក នាវានេះត្រូវបានអនុញ្ញាតឱ្យចូលចត និងសង្គ្រោះនៅកម្ពុជា ដែលចំថ្ងៃទិវា នៃក្តីស្រឡាញ់ (Valentine’s Day)។

នាវានេះ ត្រូវបានបដិសេធន៍មិនឱ្យចូលចតនៅបណ្តាប្រទេសមួយចំនួន។ ការសម្រេចចិត្តប្រកបដោយមនុស្សធម៌ បានបង្ហាញនូវអត្ថន័យដ៏ជ្រាលជ្រៅគឺ សេចក្តីក្លាហាន (courage), ការឆ្លើយតបទាន់ពេលវេលា (timely reactive), អត្ថន័យនៃអាទិភាពលើអាទិភាព (sense of priorities), ដំណោះស្រាយសុខភាពសាធារណៈ ដែលចាប់ផ្តើមមានបញ្ហា (public health problems solving) និង សិទ្ធិដែលត្រូវរស់រានមានជីវិតរបស់អ្នកដំណើរ ដែលជាប់គាំងលើនាវា (Right to live and humanity)។
ក្រសួងសុខាភិបាលបានលើកឡើងថា លោកអគ្គនាយកអង្គការសុខភាពពិភពលោក បានសំដែងនូវការកោតសរសើរ ចំពោះសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងភាពជាដៃគូយុទ្ធសាស្ត្រ របស់អង្គការសុខភាពពិភពលោក ដោយទទួលបានជោគជ័យដ៏ធំធេងលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កន្លងមក។
លោកមានប្រសាសន៍៖«យើងត្រូវរំលឹកដល់គ្រប់ៗគ្នា និងរំលឹកដល់ពិភពលោក អំពីបទពិសោធន៍នៃនាវា អឹមអេស វេស្ទើរដាម៖ កម្ពុជាប្រទេសតូច បេះដូងធំ»។
លោករដ្ឋមន្រ្តី បានជម្រាបជូនអំពីចំណុចសំខាន់ៗ នៃវឌ្ឍនភាពសុខាភិបាលកម្ពុជាផងដែរ។ ក្នុងនោះរួមមាន ការលើកកម្ពស់សុខភាព សុខមាភាពសហគមន៍ (PHC, Primary Health Care) តាមរយៈការដាក់ចេញយុទ្ធនាការអប់រំសុខភាពបឋម ការពង្រីកការចាក់វ៉ាក់សាំង និងការពង្រីកការថែទាំព្យាបាលនិង ផ្តល់លទ្ធភាពឱសថអំពីជំងឺមិនឆ្លងក្នុងសហគមន៍។

ក្រៅពីនោះ មានការប្រកាសដាក់ឱ្យដំណើរការផែនការសកម្មភាពបង្ការ និងគ្រប់គ្រងជំងឺមហារីក ២០២៥-២០៣៣, ឥរិយាបទបុរេសកម្មលើការតាមដាន ត្រួតពិនិត្យជំងឺឆ្លងគ្រប់ប្រភេទដោយក្រុមការងារជំនាញឆ្លើយតបបន្ទាន់ និងការរៀបចំ និងដាក់ដំណើរការផែនការយុទ្ធសាស្រ្តសុខាភិបាលដំណាក់កាលទី៤ (HSP4) ២០២៥-២០៣៣ ដែលជាក្របខ័ណ្ឌយុទ្ធសាស្រ្តរយៈពេលវែង ដ៏ទូលំទូលាយដែលស្របតាម SDGs និងចក្ខុវិស័យនៃការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។
ផែនការនេះបង្ហាញទិសដៅយុទ្ធសាស្ត្រចំនួន៥។ ក្នុងនោះរួមមាន ការពង្រឹងការថែទាំសុខភាពបឋម និងសេវាសំខាន់ៗ, ការលើកកម្ពស់ធនធានមនុស្សសម្រាប់សុខភាព, ការលើកកម្ពស់ការផ្តល់ហិរញ្ញប្បទាន និងអភិបាលកិច្ចសុខាភិបាល, ពង្រីកប្រព័ន្ធសុខភាពឌីជីថល និងព័ត៌មាន និង ការកសាងភាពធន់នឹងប្រព័ន្ធសុខភាព និងការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់។
លោកអគ្គនាយកអង្គការសុខភាពពិភពលោក ក៏បានបញ្ជាក់ការគាំទ្ររបស់លោកលើអទិភាពសំខាន់ៗរបស់សុខាភិបាលកម្ពុជា៕

