ភ្នំពេញៈ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិការងារអន្តរជាតិជប៉ុន (JILAF) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នាថ្ងៃចន្ទ ទី២៦ ខែឧសភា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្រោម គម្រោងគាំទ្រសកម្មភាពថ្នាក់មូលដ្ឋាន តាមរយៈបណ្ដាញនិយោជក និងកម្មករនិយោជិតអន្ដរជាតិ។

រដ្ឋមន្រ្តីក្រសួងការងារ លោកហេង សួរ បានដឹកនាំគណៈប្រតិភូកម្ពុជា ធ្វើជាអធិបតីនៃពិធីចុះMoU ដែលធ្វើនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងគោលបំណងជំរុញការងារសមរម្យ និងការធ្វើឱ្យកាន់តែប្រសើរឡើងនូវជីវភាពរបស់អ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា តាមរយៈការបណ្តុះបណ្ដាលវិជ្ជាជីវៈ ការរៀបចំសិក្ខាសាលាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា។ នេះបើយោងតាមក្រសួងការងារ។

MoUនេះ បង្ហាញពីការប្តេជ្ញាចិត្តរួម ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការត្រីភាគី ដែលស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់អ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្នុងនោះរួមមាន អ្នកបម្រើការងារក្នុងសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលមិនបានចុះបញ្ចិការផ្លូវការ, អ្នកបម្រើក្នុងផ្ទះ, បុគ្គលស្វ័យនិយោជន៍ ដូចជា អ្នកបើកបររ៉ឺម៉កកង់ប៣, អាជីវករលក់ដូរតាមផ្លូវ, កសិករខ្នាតតូច, អ្នកធ្វើការដោយប្រើថ្នាលបច្ចេកវិទ្យា និងបុគ្គលដទៃទៀតដែលបំពេញការងារដោយគ្មានកិច្ចសន្យាការងារផ្លូវការ គ្មានប្រាក់ចំណូលច្បាស់​លាស់ ឬពុំទាន់ទទួលបានអត្ថប្រយោជន៍របបសន្ដិសុខសង្គមជាមូលដ្ឋាន។


មូលនិធិ JILAFបានចូលរួមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើគម្រោងនេះ ចាប់តាំងពីឆ្នាំ២០១៩មក។ ពិសេសដោយផ្ដោតសំខាន់លើអ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីធានាថាមិនមានកម្មករនិយោជិតណាម្នាក់ត្រូវបានទុកចោលឡើយ សូម្បីតែអ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ក្រសួងបានលើកឡើងថា MoUនេះបានបញ្ចប់ដោយភាតរភាព ជាមួយនឹងការសន្យារបស់មូលនិធិរបស់ JILAF និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន និងការិយាល័យអង្គការអន្ដរជាតិខាងការងារប្រចាំប្រទេសជប៉ុន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់កម្ពុជា ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។


ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនេះផងដែរ លោករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាទ្វេភាគីជាមួយលោក KOBAYASHI Hiroyuki អនុប្រធានទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)នាថ្ងៃអង្គារនេះ ដើម្បី​ជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងលទ្ធភាពក្នុងការអភិវឌ្ឍ​ជំនាញ​ដល់កម្មសិក្សាការីកម្ពុជាដែលមានបំណងចង់ធ្វើការនៅប្រទេសជប៉ុននាពេលអនាគត។

ជំនួបពិភាក្សាការងារទ្វេភាគីនេះ បានផ្តោតលើ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យ  TVET, គម្រោងវេទិកាជប៉ុនសម្រាប់ពលករទេសន្ដរប្រវេសន៍ឆ្ពោះទៅសង្គមប្រកបដោយបរិយាបន្ន និងទំនួលខុសត្រូវ (Japan Platform for Migrant Workers toward Responsible and Inclusive Society ហៅកាត់ JP-MIRAI) និងចុងក្រោយគឺ គំរូខេត្តណាហ្កាណុ នៃប្រទេសជប៉ុន ព័ត៌មាន និងការអភិវឌ្ឍសមត្ថភាព។

បន្ថែមពីនោះ ក្នុងជំនួបនេះ ភាគីទាំង២បានឯកភាព​លើសារ:សំខាន់នៃគម្រោង JP-MIRAI ដែលជួយការពារសិទ្ធិ និងសុខុមាលភាព​របស់កម្មសិក្សាការីកម្ពុជា។ លោករដ្ឋមន្ត្រី​បានស្វាគមន៍ការពង្រីកគំរូកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា និងខេត្តណាហ្កាណុ ដែលផ្តោតសំខាន់លើការអភិវឌ្ឍធនធានមនុស្ស ការផ្លាស់ប្តូរវប្បធម៌ និងការផ្ទេរជំនាញ​ក្រោយ​កម្មសិក្សាការីចប់អាណត្ដិការងារពីប្រទេសជប៉ុន។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ក៏បាន​ស្នើសុំការគាំទ្របន្ថែមក្នុងការធ្វើឱ្យទំនើបនូវឧបករណ៍បណ្តុះបណ្តាល និងការបង្កើនសមត្ថភាពគ្រូបង្រៀនជំនាញ ជាពិសេសវិស័យអេឡិចត្រូនិក រថយន្ត និងថាមពលដើមថ្មី។

លោករដ្ឋមន្ត្រី ហេង សួរ ក៏បានស្នើដល់ទីភ្នាក់ងារ JICA ជួយគាំទ្រលើការបង្កើតមាតិកាផ្សព្វផ្សាយដែលសាមញ្ញនិងងាយស្រួលដូចជា វីដេអូ ឯកសារ ឬសៀវភៅសង្ខេប ដែលផ្តល់ព័ត៌មានអំពីសិទ្ធិ តួនាទី និងមធ្យោបាយទទួលជំនួយសម្រាប់កម្មសិក្សាការីកម្ពុជា ដែលចង់ធ្វើការនៅប្រទេសជប៉ុន៕