កម្ពុជា-ចិន បាន​សន្យា​នឹង​ជំរុញវិស័យទេសចរណ៍​ជាមួយ​គ្នា​តាម​រយៈ​ការ​ផ្សព្វផ្សាយពីសក្តានុពល​នៃ​វិស័យ​ទេសចរណ៍ ព្រម​ទាំង​​ការ​ពង្រីក​ការ​តភ្ជាប់​ជើង​ហោះហើរ​ត្រង់​រវាងកម្ពុជា-ចិន​ឱ្យ​កាន់​តែ​ច្រើន​ថែម​ទៀត ខណៈ​​រយៈ​ពេល ៤ខែ​ ដើម​ឆ្នាំ​២០២៥ ​ភ្ញៀវជនជាតិ​ចិនចូល​មក​កម្ពុជាមាន​ចំនួន​​ជាង ៣៨​ម៉ឺននាក់​។​​

ការ​ប្តេជ្ញា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​នៃ​ជំនួបពិភាក្សា​រវាងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយ​លោក Li Qiang នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ព្រឹក​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៥ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ​នៅ​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី​។

ក្នុង​ជំនួប​នេះ​លោកនាយករដ្ឋមន្ត្រី​ចិន លោក Li Qiang បានសម្តែងនូវ​ក្តី​សោមនស្ស​រីករាយ​ដែល​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ហ៊ុន ម៉ាណែត សារ​ថ្មីម្តងទៀតជា​មួយ​នឹង​​​​​ទំនាក់​ទំនង​ទ្វេភាគីបាន​​បន្ត​​រីក​ចម្រើន​ជាបន្ត​បន្ទាប់ ខណៈទំនាក់ទំនងប្រទេសទាំងពីរ​ក៏​ត្រូវ​បាន​ដំឡើងកម្រិតដល់ «ការ​កសាង​សហគមន៍​វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល​ក្នុងយុគសម័យថ្មី»។


តាម​រយៈ​ជំនួប​ខាង​លើ​ ភាគីទាំង ២ បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមាន សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ, ការពារជាតិ​ និងសន្តិសុខ, អប់រំ, បច្ចេកវិទ្យា, ឧស្សាហកម្ម និង​កសិកម្មតាមរយៈការជំរុញកិច្ចសហប្រតិបត្តិការ «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» និង «ច្រក​របៀង​មច្ឆា​​និងអង្ករ»។

បន្ថែមលើនេះ ថ្នាក់​ដឹកនាំ​ទាំង ២ ក៏​បាន​ឯកភាព​ជំរុញ​បន្ថែម​ទៀត​នូវ​ការ​ផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន ការជំរុញវិស័យទេសចរណ៍ និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-ចិន​ឱ្យ​កាន់​តែ​ច្រើន​ថែម​ទៀត។


ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោក ធួន ស៊ីណាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២៧ ខែ​ឧសភា​ ថា សម្រាប់​ស្ថានភាព​ភ្ញៀវទេសចរចិន​ដែល​ចូល​មក​ប្រទេស​​​កម្ពុជា គឺ​បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​​ចាប់​តាំងពី​ឆ្នាំ​២០២៤ ជា​ពិសេស​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែល​មក​កម្ពុជា​កាល​ពី​ខែ​មេសាកន្លងមក​។

លោក​បាន​ថ្លែង​ថា៖​«​តាម​រយៈ​កំណើន​ភ្ញៀវទេសចរចិន​មក​កម្ពុជានា​រយៈ​ពេល​ចុង​ក្រោយ​នេះ ខ្ញុំ​មាន​ជំនឿថា​ថ្នាក់​ដឹក​នាំ​ចិន គឺ​មាន​ឆន្ទះ​ពិតប្រាកដ​ក្នុង​ការ​ជួយ​ជំរុញ​ភ្ញៀវទេសចររបស់​ខ្លួន​ឱ្យ​ធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា​កាន់​តែ​ច្រើន​បន្ថែម​ទៀត​»។​

ស្ថិតិ​ក្រសួងទេសចរណ៍​ ​ឱ្យ​ដឹង​ថា ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវ​បរទេស​សរុប​ ៦,៧លាននាក់ កើនឡើងប្រមាណ ២៣ ភាគរយ​បើ​ធៀបនឹងឆ្នាំ២០២៣ ក្នុងនោះភ្ញៀវជនជាតិ​ចិនមានប្រមាណ ៨៥ ម៉ឺននាក់ កើនឡើង ៥៥​ភាគរយ​។ សម្រាប់រយៈពេល ៤ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវ​បរទេស​ប្រមាណ ២,៤ លាននាក់ កើនជិត ១៤​ភាគរយ​ ក្នុងនោះ​ភ្ញៀវជនជាតិ​ចិនមាន​ជាង ៣៨​ម៉ឺននាក់ កើន​ឡើងជិត ៤៩​ភាគរយ​៕​