
ដើម្បីជំរុញវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឱ្យកាន់តែមាននិរន្តរភាព ប្រតិបត្តិករទេសចរណ៍ ចាំបាច់ត្រូវតែបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត។ នេះជាការលើកឡើងរបស់លោក កៅ ហ្វីលីព ប្រធានសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប។
ក្នុងជំនួបជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី២៧ ខែឧសភា លោក កៅ ហ្វីលីព បានចាត់ទុកថា ផលិតផលទេសចរណ៍ មិនខុសពីការវិវឌ្ឍរបស់មនុស្សឡើយ ដ្បិតមនុស្សតែងត្រូវការអ្វីដែលថ្មីប្លែកខុសពីមុន។ ដូច្នេះប្រតិបត្តិករទេសចរណ៍ ត្រូវកែច្នៃផលិតផលទេសចរណ៍បន្ថែមទៀត ដើម្បីទាក់ទាញអារម្មណ៍ និងបង្កើនចំនួនភ្ញៀវទេសចរមកលេងឱ្យបានច្រើន និងមកស្នាក់នៅឱ្យបានយូរ។
លោកបញ្ជាក់ដូច្នេះថា៖ «ពីមុនភ្ញៀវមកលេងសៀមរាប ស្នាក់នៅ ២ ឬ ៣ យប់ យើងអាចពង្រីកដល់ ៣ ទៅ ៥យប់។ ដូចនៅតំបន់ភ្នំគូលែន និងតំបន់កំពង់ភ្លុក មកដល់ពេលនេះ មិនទាន់អភិវឌ្ឍន៍ឱ្យអ្នកទេសចរនៅបានមួយថ្ងៃពេញ ឬក៏មួយយប់។ គាត់គ្រាន់ទៅដល់ហើយគាត់មកវិញ ប៉ុន្តែសក្កានុពលនៅទីនោះពិតជាទាក់ទាញខ្លាំង។ អ៊ីចឹងការអភិវឌ្ឍនេះ យើងត្រូវឱ្យភ្ញៀវទេសចរចំណាយពេលឱ្យបានច្រើន»។
លោក កៅ ហ្វីលីព បានជួបជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិមកពីជាង១០ស្ថាប័ន ដែលកំពុងបំពេញទស្សនកិច្ចនៅខេត្តសៀមរាបដើម្បីស្វែងយល់បន្ថែមអំពីបេតិកភណ្ឌនៅខេត្តដែលសម្បូរដោយសម្បត្តិវប្បធម៌ និងប្រាង្គប្រាសាទបុរាណ រយៈពេល៣យប់៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែឧសភា។

ទន្ទឹមនឹងនេះ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាបរូបនេះក៏មើលឃើញទៀតថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៅក្នុងខេត្តសៀមរាប ក៏ជាផ្នែកមួយជួយជំរុញកំណើនទេសចរផងដែរ។
លោកហ្វីលីព៖ «នៅសម័យកូវីដ រាជរដ្ឋាភិបាលបានអភិវឌ្ឍផ្លូវ ៣៨ខ្សែ ហើយភ្ញៀវទេសចរដែលគាត់ត្រឡប់មកវិញ គាត់ស្ងើចសរសើរ ព្រោះវាផ្តល់ភាពងាយស្រួល និងមិនបារម្ភពីគ្រោះថ្នាក់។ ឥឡូវយើងដឹងទៀតថា រដ្ឋាភិបាលនឹងអភិវឌ្ឍបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធភ្ជាប់ទៅព្រលានយន្តហោះថ្មី ដែលនេះជាតម្រូវការមួយ ដែលយើងត្រូវការលឿនតែម្តង ព្រោះវានឹងជួយសម្រួលការធ្វើដំណើរទៅមកពីខេត្តសៀមរាបទៅព្រលាន នេះក៏ជាការទាក់ទាញដែរ ជាពិសេសអ្នកដំណើរតាមយន្តហោះ»។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ដសៀមរាបបានឱ្យដឹងថា ក្នុងរយៈពេល៣ខែ ក្នុងឆ្នាំ២០២៥នេះ ខេត្ដសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៨០៦ ៦៣១ នាក់ បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានការថយចុះប្រមាណ ១៤.១៦ភាគរយ ដោយក្នុងឆ្នាំ២០២៤ មានចំនួន ៩៣៩ ៧៣៤នាក់។ ក្នុងចំណោមភ្ញៀវទេសចរណ៍សរុប ភ្ញៀវទេសចរជាតិមានចំនួន ៤០៨ ១០០ នាក់ ភ្ញៀវទេសចរអន្ដរជាតិមានចំនួន ៣៩៨ ៥៣១ នាក់៕
