អាជ្ញាធរជាតិអប្សរា​បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈ​ពេល ៣០​ឆ្នាំ អាជ្ញាធរជាតិ​អប្សរា សម្រេច​បាន​នូវ​សមិទ្ធផល​សំខាន់ៗ​ជាច្រើន​ក្នុង​កិច្ច​អភិរក្ស​ប្រាសាទ​អង្គរ និង​ប្រាសាទ​នានា​នៅ​តំបន់​អង្គរ​ ហើយ​គ្មាន​ពេល​ណា​មួយ​ដែល​អង្គរ​ត្រូវ​បាន​បោះ​បង់​ចោល​នោះ​ឡើយ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី «សមិទ្ធផល និងភារកិច្ចរយៈពេល៣០ឆ្នាំ របស់​អាជ្ញាធរ​ជាតិ​អប្សរា» នៅ​លើ​ទឹក​ដី​សៀមរាប​អង្គរ​ នៅ​ថ្ងៃ​ទី២៧ ឧសភា លោក ឡុង កុសល អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​អាជ្ញាធរជាតិ​អប្សរា បាន​ឱ្យ​ដឹង​ថា សមិទ្ធផល​ដ៏​ធំធេង​ក្នុង​រយៈ​ពេល​៣០ឆ្នាំ ដែល​អាជ្ញាធរជាតិ​អប្សរា​សម្រេច​បាន គឺ​ការ​កិច្ច​អភិរក្ស​ និង​អភិវឌ្ឍន​ដោយ​ចីរភាព​រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត​អង្គរ។

លោក​ថា សមិទ្ធផល​សំខាន់ៗ​ទាំង​នោះ​មាន​ដូច​ជា​ កិច្ចការ​អភិរក្ស​ប្រាសាទ​បុរាណ ការងារ​ស្រាវជ្រាវ​ផ្នែក​បុរាណ​វិទ្យា និង​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​ អន្តរជាតិ​សម្រាប់​តំបន់​អង្គរ ការងារ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​អង្គរ និង​វប្បធម៌ ការងារ​គ្រប់​គ្រង​ទឹក ព្រៃ​ឈើ និង​ហេដ្ឋារចនាសម្ព័ន្ធ ការងារ​គ្រប់គ្រង​ដី​ធ្លី​ក្នុង​ឧទ្យាន និង​បេតិកភណ្ឌ​ក្រុង ការងារ​អភិវឌ្ឍ​ភូមិធម្មជាតិ​រុនតាឯក និង​កិច្ច​គាំពារ​និងអភិរក្ស​បុរាណដ្ឋាន​ផ្សេង​ទៀត​ក្នុង​ខេត្ត​សៀមរាប​ជាដើម។


អគ្គនាយករង​រូប​នេះ​បាន​ឱ្យ​ដឹង​បន្ថែម​ថា អង្គរ​មិន​ដែល​ត្រូវ​បាន​ទុក​ចោល​មួយ​ពេល​ណា​នោះ​ទេ ដោយ​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ក៏​ដូចជា​អាជ្ញាធរ​ជាតិ​អប្សរា បាន​ខំប្រឹង​ប្រែង​ថែរក្សា​ប្រាសាទ​មរតក​ដូនតា​ដ៏​អស្ចារ្យ​មួយ​នេះ។

លោកឡុង កុសល៖ «គ្មានពេល​ណាមួយ ដែល​អង្គរត្រូវ​បាន​បោះបង់ចោល​ក្នុង​បេះ​ដូង​ខ្មែរ​ទេ អង្គរ​ត្រូវ​បាន​ទទួល​ការ​ថែរក្សា​គ្រប់ៗ​ជំនាន់»។


បង្កើត​ឡើង​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​១៩៩៥ អាជ្ញាធរជាតិ​អប្សរា បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​គ្រប់​គ្រង ការពារ ​និង​អភិរក្ស​រមណីយដ្ឋាន​អង្គរ ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំមក​នេះ។ ភាព​ល្បីល្បាញ​នៃ​រមណីយដ្ឋាន​អង្គរ​បាន​ទាក់​ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​រាប់​លាន​នាក់​មក​ទស្សនា​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​ដ៏​ល្បី​ល្បាញ​នេះ​ជា​រៀង​រាល់​ឆ្នាំ៕