
ផែនទី Google បង្ហាញពីទីតាំងនៃតំបន់ ចុងបក់ (Chong Bok) ដែលថៃអះអាងជាគោលដៅប៉ះទង្គិចគ្នាជាមួយទាហានកម្ពុជា។ រូបថត Google Map
ភ្នំពេញ៖ កងទ័ពកម្ពុជា និងថៃ ត្រូវបានរាយការណ៍ថាបានប៉ះទង្គិចគ្នារយៈពេល១០នាទី នៅពេលវេលាម៉ោង ៥:៤៥ ព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភានេះ នៅស្រុកជាំក្សាន្ត ខេត្ដព្រះវិហាររបស់កម្ពុជា និងចុងបក់ នៃខេត្ដអ៊ូប៊ុ រាជថានី របស់ថៃ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ត្រយងញូវស៍ ដែលបានដកស្រង់សម្ដីឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោក ដោយបានលើកឡើងថា៖ «ការប៉ះទង្គិចរយៈពេលខ្លីគឺមានមែន ហើយភាគីថៃជាអ្នកផ្ដើមផ្ទុះអាវុធមុន»។
ប្រភពដដែលបានបន្ដថា លោក ផល្លា បន្ដប្រមូលព័ត៌មាន និងឆ្លងយោបល់ថ្នាក់ដឹកនាំ មុនពេលបញ្ជាក់បន្ថែមអំពីឧប្បត្ដិហេតុ។
ភ្នំពេញប៉ុស្ដិ៍មិនអាចទាក់ទងសុំការបំភ្លឺអំពីឧប្បត្ដិហេតុប៉ះទង្គិចគ្នាបានឡើយទៅកាន់លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ដោយលោកថ្លែងថ្លាលោកកំពុងនៅទីតាំងបិទសមយុទ្ធយោធានាគមាស រវាងកម្ពុជា-ចិន។
យោងតាមការចុះផ្សាយរបស់ The Nation Thailand បានឱ្យដឹងថា តំបន់ប៉ះទង្គិចដែលមិនមានរាយការណ៍ថាមានមនុស្សស្លាប់ កើតឡើងនៅតែតំបន់ប្រទាញប្រទង់ដែលភាគីទាំងពីរនៅបន្ដទាមទារទឹកដីរៀងៗខ្លួន។
The Nation បានបន្ដថា៖ «ទាំងថៃ និងកម្ពុជា បានព្រមព្រៀងគ្នារក្សា ស្ថានភាព នៅក្នុងតំបន់នេះ ដើម្បីជៀសវាងការធ្វើឱ្យមានអស្ថិរភាពនៅតាមព្រំដែន ហាមឃាត់រាល់សកម្មភាព ដូចជាការសាងសង់ ការចល័តទ័ព ឬការជីកកកាយ ដោយគ្មានការជូនដំណឹងជាមុន»។