​ភ្នំពេញ៖ ស្ថានទូត​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​បានប្រកាស​ជា​ផ្លូវការ​នូវ សួស្ដី​ឥណ្ឌូនេស៊ី​ ២០២៥ ជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ដ៏​ធំ​​ដែល​លើកកម្ពស់​ពាណិជ្ជកម្ម វប្បធម៌ និង​ការអប់រំ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​កម្ពុជា​។​

គ្រោង​រៀបចំ​ឡើង​នៅ​​ថ្ងៃទី ១៤-១៥​ ខែមិថុនា ឆ្នាំ ២០២៥​ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ ពិព័រណ៍​​សួស្ដី​ឥណ្ឌូនេស៊ី​ ២០២៥ ​នឹងម្ចាស់​អាជីវកម្ម​​​ចំនួន ៥៣ ​ដោយមាន​ក្រុមហ៊ុន​ពី​​ឥណ្ឌូនេស៊ី​ចំនួន ២៩ រួមជាមួយក្រុមហ៊ុន​​កម្ពុជា​ចំនួន ២៤ ដែល​បង្ហាញ​ពី​វិសាល​គម​នៃ​ផលិតផល និង​សេវាកម្ម​ជាច្រើន​។​

ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា លោក Santo Darmosumarto ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​ធ្វើឡើង​នៅ​ស្ថានទូត​ឥណ្ឌូនេស៊ី​នៅថ្ងៃនេះ បានលើកឡើង​ពី​តួនាទី​សំខាន់​របស់​ព្រឹត្តិការណ៍​នេះ ក្នុងការ​ធ្វើឱ្យ​ស៊ីជម្រៅ​នូវ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​វប្បធម៌​ដ៏​រឹងមាំ​រួចទៅហើយ​រវាង​ឥណ្ឌូនេស៊ី និង​កម្ពុជា​។​


លោក​បាន​ថ្លែង​ថា៖ «​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​វប្បធម៌​កាន់​តែមាន​ឥទ្ធិពល​សម្រាប់​ប្រទេស​ទាំងពីរ​ ដោយ​​ទំហំ​ពាណិជ្ជកម្ម​​កាលពី​ឆ្នាំមុន​ដែល​បាន​កើនឡើង​លើសពី ១ ពាន់​លាន​ដុល្លារ​សម្រាប់​រយៈពេល​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា​»។​

សួស្ដី​ឥណ្ឌូនេស៊ី​ ២០២៥ មានបំណង​កសាង​ភាពជោគជ័យ​នៃ​ព្រឹត្តិការណ៍​កាលពី​ឆ្នាំមុន ដែល​បាន​ទាក់ទាញ​អ្នកទស្សនា​ជាង ៤ពាន់​នាក់ និង​បាន​កត់ត្រា​ប្រតិបត្តិការ​លក់រាយ​ដែលមាន​តម្លៃ​ជាង ៤២៧០០​ ដុល្លារ ជាមួយនឹង​កិច្ចព្រមព្រៀង​អាជីវកម្ម​ដែលមាន​សក្តានុពល​លើសពី ២ លាន​ដុល្លារ​។​


ពិព័រណ៍សួស្ដីឥណ្ឌូនេស៊ី ២០២៥ នឹងម្ចាស់អាជីវកម្មចំនួន ៥៣ ដោយមានក្រុមហ៊ុនពីឥណ្ឌូនេស៊ីចំនួន ២៩ រួមជាមួយក្រុមហ៊ុនកម្ពុជាចំនួន ២៤ ដែលបង្ហាញពីវិសាលគមនៃផលិតផល និងសេវាកម្មជាច្រើន។ រូបថត ហុង រស្មី

កម្មវិធី​នៅ​ឆ្នាំនេះ​សន្យាថា​នឹង​ទទួលបាន​នូវ​បទពិសោធន៍​ដ៏​សម្បូរ​បែប ដោយ​រួមបញ្ចូល​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជាមួយ​វិស័យ​ទេសចរណ៍ ការអប់រំ និង​ការ​ប្រារព្ធ​ពិធី​វប្បធម៌​។​

អ្នកទស្សនា​នឹង​រីករាយ​ជាមួយ​ការតាំង​ពិ​ព័រណ៍​​ដ៏​ដែល​បង្ហាញ​ពី​ផលិតផល​ពី​វិស័យ ​ដូចជា ​ម៉ូដ និងសម្ភារៈ​​ប្រើប្រាស់ អាហារ និង​ភេសជ្ជៈ គ្រឿង​សង្ហា​រឹម គ្រឿង​ប្រើប្រាស់​ក្នុងផ្ទះ ឱសថ និង​ការថែទាំ​ផ្ទាល់ខ្លួន​។​

លើសពីនេះ សាកលវិទ្យាល័យ​ដ៏​មាន​កិត្យានុភាព​របស់​ឥណ្ឌូនេស៊ី​ចំនួន​ប្រាំមួយ​នឹងចូលរួម​ក្នុង​ពិព័រណ៍​អប់រំ​ដើម្បី​ផ្តល់ឱកាស​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។​

លោក Santo បាន​បន្ដ​ថា៖ «​​សម្រាប់​អ្នកទស្សនា សួស្ដី​ឥណ្ឌូនេស៊ី​ ផ្តល់ជូន​នូវ​ការតាំង​ពិ​ពណ៌ ពិតណាស់ ផលិតផល​អាច​ទិញ​ដោយផ្ទាល់ ឬ​ផលិតផល​ក៏​អាច​ភ្លក់​ដោយផ្ទាល់​ផងដែរ​»​។​

លោក​បានបន្ដ​ថា៖ «នៅមាន​ការផ្សព្វផ្សាយ​ទេសចរណ៍ នឹងមាន​ពិព័រណ៍​អប់រំ និង​កម្មវិធី​ជជែកដេញដោល​ ហើយ​ជាការ​ពិតណាស់ ការសម្តែងបែប​​វប្បធម៌ រួមទាំង​ការបង្ហាញ​ម៉ូដ​ ​​អាហារ​របស់​ពួកគេ​ដល់​ប្រជាជន និង​ដើម្បី​ឱ្យមាន​ការចូលរួម​យ៉ាងខ្លាំង​នៅក្នុង​នោះ​»​។​

ការសម្តែង​វប្បធម៌ ការបង្ហាញ​ម៉ូដ និង​ពិធីបុណ្យ​ធ្វើ​ម្ហូប​នឹង​ធ្វើឱ្យ​ព្រឹត្តិការណ៍​នេះ​កាន់​តែមាន​ភាពរស់រវើក ដោយ​អបអរសាទរ​នូវ​បេតិកភណ្ឌ និង​ការច្នៃប្រឌិត​ដ៏​សម្បូរបែប​របស់​ប្រទេស​ឥណ្ឌូនេស៊ី​។​

លោក​ឯកអគ្គរដ្ឋទូត Santo ក៏បាន​សម្តែង​ការដឹងគុណ​ចំពោះ​ដៃគូ​សំខាន់ៗ​ដែល​បានធ្វើឱ្យ​ព្រឹត្តិការណ៍​នេះ​អាចធ្វើ​ទៅបាន​។ ការគាំទ្រ​ពី​ក្រសួងពាណិជ្ជកម្ម​របស់​កម្ពុជា និង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក៏ត្រូវ​បានទទួល​ស្គាល់​ថា​មាន​សារៈសំខាន់​ចំពោះ​ព្រឹត្តិការណ៍​នេះ​ផងដែរ​។​

លោក​ឯកអគ្គរដ្ឋទូត​បានបន្ដ​ថា៖ «​សួស្ដី​ឥណ្ឌូនេស៊ី​ ២០២៥ ស្វាគមន៍​មហាជនទាំងអស់​ដោយ​​មិន​គិតថ្លៃ។ ខ្ញុំ​សូម​អញ្ជើញ​ប្រជាជន​កម្ពុជា​ទាំងអស់​មក​ទទួលយក​បទពិសោធន៍​នៃ​ការផ្តល់ជូន​ដ៏​គួរឱ្យ​រំភើប​នៃ​ព្រឹត្តិការណ៍​នេះ»៕