
ក្រុមការងារក្រសួងបរិស្ថាន និងអង្គការNLCជាដៃគូ បង្ហាញទីតាំង ដែលគម្រោងនឹងដាំស្តារព្រៃឈើឡើងវិញ។ រូបថតអង្គការ NLC
មណ្ឌលគិរីៈ ផ្ទៃដីទំហំជាង១ ៧០០ហិកតា ដែលត្រូវបានដកហូតពីការទន្រ្ទានយកដោយខុសច្បាប់ នាពេលកន្លងមក នឹងត្រូវដាំស្តារព្រៃឈើឡើងវិញ តាមរយៈថវិកាគាំទ្រពីគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ដែលអនុវត្តដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា។
ប្រធានអង្គការជីវិតធម្មជាតិនៅកម្ពុជា(NLC) លោក ប៊ូ វរសក្សបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កូនឈើដែលនឹងត្រូវយកទៅដាំឡើងវិញនោះ គឺមានដូចជាកូនឈើធ្នង់ បេង កកោះ និងច្រេះ ជាដើម ដើម្បីការពារគម្របព្រៃឈើឡើងវិញ។
លោកបានបញ្ជាក់ថា៖«គោលបំណង នៃការដាំស្តារព្រៃឡើងវិញនេះ គឺដើម្បីការពារបាត់បង់ផ្ទៃដីព្រៃ ពីសំណាក់ជនឆ្លៀតឱកាសធ្វើជាគម្របព្រៃឈើឡើងវិញ និងកាត់បន្ថយកំដៅ ការហូរច្រោះ និងបម្រែបម្រួល អាកាសធាតុ»។
រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាមន្ត្រីបង្គោលរេដបូកជាតិនៃក្រសួងបរិស្ថាន លោកជួប ប៉ារីស៍បានចុះពិនិត្យស្នាក់ការកណ្តាលរយ៉លើ និងថ្នាលបណ្ដុះកូនឈើនៃដែនជម្រកសត្វព្រៃលំផាត់នៃខេត្តមណ្ឌលគិរីកាលពីចុងខែមករាកន្លងមក។
អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងថា ទស្សនកិច្ចនេះ ធ្វើឡើងមានគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននៅស្នាក់ការរយ៉លើ ក៏ដូចជារៀបចំការសម្ភោធគម្រោងដាំស្តារកូនឈើ ដែលទទួលបានថវិកាគាំទ្រ ពីគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ ដែលអនុវត្តដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា។
គម្រោងនៃការដាំស្ដាត្រូវធ្វើនៅលើទីតាំង ដែលមានទំហំសរុប ១៧៦២,៩០ហិកតា ដែលជាទីតាំងដកហូតពីការទន្រ្ទានខុសច្បាប់។ ក្នុងជំហានទី១ ភាគីទាំង២គ្រោងនឹងដាំសាកល្បងចំនួន ១០ហិកតា ដោយនឹងផ្តោតទៅលើការដាំប្រភេទកូនឈើទាំងឡាយណា ដែលមានស្រាប់នៅក្នុងតំបន់ នៅក្នុងរដូវភ្លៀងធ្លាក់នេះ។

ដែនជម្រកសត្វព្រៃលំផាត់ មានផ្ទៃដីសរុបចំនួន៣៥៦ ០៨៧ហិកតា ដែលស្ថិតក្នុងខេត្តចំនួន៤គឺខេត្ត រតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង។ ដែនជម្រកសត្វព្រៃនេះមានប្រជាជនរស់នៅក្នុង និងជុំវិញ ដែលភាគច្រើនជាជនជាតិដើមភាគតិច ដែលពឹងអាស្រ័យទៅលើអនុផលព្រៃឈើ។
ដែនជម្រកសត្វព្រៃនេះគ្របដណ្តប់ដោយព្រៃស្រោង ពាក់កណ្តាលស្រោង និងវាលស្មៅ ដែលជាទីជម្រកដ៏សំខាន់ដល់សត្វព្រៃជាច្រើនប្រភេទ រួមមាន ថនិកសត្វចំនួន២៣ប្រភេទ សត្វស្លាប ១៩៤ប្រភេទ ឧរង្គសត្វ៥ប្រភេទ។ ក្នុងនោះមានសត្វព្រៃកម្រជិតផុតពូជជាច្រើនប្រភេទដូចជា រមាំង សត្វកន្ទុយស ខ្លាឃ្មុំ សត្វត្រយងយក្ស និងត្មាត ជាដើម។
ទោះយ៉ាងណា ផ្ទៃដី ដែលអាចអនុវត្តគម្រោងរេដបូកបានមានត្រឹមប្រមាណជាជាង១៣ម៉ឺនហិកតាប៉ុណ្ណោះ នៅក្នុងស្រុកកោះញែក នៃខេត្តមណ្ឌលគិរី និងស្រុកកូនមុំ និងស្រុកលំផាត់ នៃខេត្តរតនគិរី។
អង្គការជីវិតធម្មជាតិនៅកម្ពុជាបានកំពុង សហការជាមួយក្រសួងបរិស្ថាន មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី និងរតនគិរី ដើម្បីអនុវត្តគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់។ គម្រោងផ្តោតលើ ពង្រឹងការអនុវត្តច្បាប់ ការស្រាវជ្រាវជីវៈចម្រុះ និងការលើកកម្ពស់ការចូលរួម និងជីវភាពសហគមន៍ដែលមានទីតាំងក្នុងនិងជុំវិញដែនជម្រកសត្វព្រៃលំផាត់នេះ។គម្រោងនេះ ត្រូវបានអនុវត្ត ចាប់ពីចុងឆ្នាំ២០២៣លើផ្ទៃដី ជាង១៣ម៉ឺនហិកតានោះ។
លោក ប៊ូ វរសក្សក៏បានឱ្យដឹងផងដែរថា នាពេលបច្ចុប្បន្ននេះ ចំពោះគម្រោងរេដបូកនេះគឺកំពុងតែស្ថិតក្នុងដំណាក់កាលធ្វើសវនកម្មក្នុងជំហានចុងក្រោយ ដោយក្រុមហ៊ុនសវនកម្មឯករាជ្យមួយឈ្មោះថា SCS Global Services។ក្រោយពីធ្វើសវនកម្មរួច ក្រុមហ៊ុននេះ នឹងដាក់របាយការណ៍ជូនទៅភ្នាក់ងារឥណទានកាបូន VERRA។ VERRA គឺជាជាភ្នាក់អន្តរជាតិឯករាជ្យ ដែលមានសិទ្ធិក្នុងការចុះបញ្ជី (Registry) ផ្តល់សុពលភាព (Validation) ផ្តល់ការផ្ទៀងផ្ទាត់ (Verification) និងផ្តល់ការបញ្ចេញឥណទានកាបូនសម្រាប់លក់នៅទីផ្សារអន្តរជាតិ។

សហគមន៍ និងក្រុមអភិរក្សជីវ:ចម្រុះ ចុះល្បាតព្រៃឈើ នៃដែនជម្រកសត្វព្រៃលំផាត់ នាពេលកន្លងមក ដើម្បី ទប់ស្កាត់បទល្មើសព្រៃឈើ។ រូបថត អង្គការ NLC
លោកបញ្ជាក់ថា៖«ប្រសិនបើការធ្វើសវនកម្មនេះទទួលបានជោគជ័យ នោះនឹងមានកាចុះមកផ្ទៀងផ្ទាត់។ នៅឆ្នាំ២០២៦ ហើយបើគ្មានអ្វីប្រែប្រួលទេនោះ យើងនឹងបញ្ចេញកាបូនជាលើកទី១»។
លើសពីនេះទៅទៀត គម្រោងរេដបូកនៃដែនជម្រកសត្វព្រៃលំផាត់បានជួយគាំទ្រទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅស្នាក់ការកណ្តាលរយ៉លើដូចជាសាលប្រជុំ ការិយាល័យធ្វើសម្រាប់ធ្វើការ កន្លែងបោះតង់ បន្ទប់ទឹក ថ្លាលបណ្តុះកូនឈើ និងការកែសម្រួលអគារស្នាក់នៅរបស់មន្ត្រីដែនជម្រកផងដែរ៕