ទាហាន​ខ្មែរ​ត្រូវ​បាន​គេ​ឃើញ ​ចាក​ចេញ​ពី​បន្ទាយ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ព្រំដែន​នៅ​ខេត្ត​ព្រះ​វិហារ ក្រោយ​ពេល​ទាហាន​ការពារ​ព្រំដែន​កម្ពុជា​ និង​ថៃ​ បាន​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ នៅ​ចំណុចភូមិតេជោមរកត ឃុំមរកត ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ ដែល​បណ្ដាល​ឲ្យ​ទាហាន​ខ្មែរ​ម្នាក់​បាន​បាត់​បង់​ជីវិត។

ការ​ចាក​ចេញ​ទៅ​ព្រំដែន​នេះ​មាន​រួម​ទាំង​លោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរៈ​ភូមិន្ទ និង​ជា​មេ​បញ្ជាការដ្ឋាន​កង​អង្គរក្ស និង​ទាហាន​នៅ​ខេត្ត​សៀមរាប​មួយ​ចំនួន។

ការ​ប៉ះ​ទង្គិច​នា​ព្រឹក​មិញ​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រង់​ចាំ​ការ​បំភ្លឺ​ពី​ក្រសួង​ការពារ​ជាតិ អំពី​ការ​ចោទ​ប្រកាន់​នានា​ពី​ភាគី​ថៃ ដូចជា​ថា ការ​ប៉ះទង្គិច​នេះ​បង្ក​ឡើង​ដោយ​ភាគី​កម្ពុជា​ជា​ដើម។​


ទើប​តែ​នៅ​រសៀល​ថ្ងៃ​នេះ ក្រសួងការពារជាតិ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​បញ្ជាក់​ថា ការ​ប៉ះទង្គិច​រវាងកងទ័ព​កម្ពុជា និង​កងទ័ពថៃ ដែល​បាន​កើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា នេះ​ កើត​ឡើង​«ដោយ​កងទ័ពថៃ​បាន​ធ្វើ​ការ​បាញ់​ប្រហារ​មុន​មក​លើ​លេណដ្ឋាន​ ដែល​ជាទីតាំង​ឈរ​ជើង​របស់​កងទ័ព​កម្ពុជា​ ជាយូរ​លង់​ណាស់មក​ហើយ​ បណ្តាល​ឱ្យ​បាត់​បង់​ជីវិត​កង​ទ័ព​យើង​ម្នាក់»។

ក្រសួង​ការពារ​ជាតិ​បញ្ជាក់​ថា៖ «ការប៉ះទង្គិចគ្នានេះមិន​មែនជាជម្រើសដែលកម្ពុជាចង់បាន​នោះទេ ហើយយើង​នឹងបន្តពិភាក្សាជាមួយ​ក្រសួងការពារជាតិថៃ ដើម្បីស្វែងរក​ដំណោះស្រាយរួមមួយ ក្នុងការ​ធ្វើ​ឱ្យស្ថានភាព​វិលត្រឡប់​ទៅដូចដើម​វិញឱ្យ​បាន​ឆាប់​រហ័ស និង​បង្ការ​កុំ​ឱ្យ​ស្ថានភាព​នេះ​កើត​ឡើង​សាជាថ្មី​ម្តង​ទៀត»។


ក្រសួង​ការពារជាតិ​បញ្ជាក់​ថា កម្ពុជាប្រកាន់​ខ្ជាប់​នូវមធ្យោបាយ​ការទូត និងការ​ដោះស្រាយ​បញ្ហាដោយ​សន្តិវិធី ព្រមទាំងការ​រក្សាព្រំដែន​របស់​ខ្លួនជាមួយ​ប្រទេសជិតខាង​ជាព្រំដែន​សន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ឱ្យ គ្នាទៅវិញទៅមក។ កម្ពុជា​ប្តេជ្ញាចិត្ត​ក្នុង​ការការពារ​បូរណភាពទឹក​ដី​ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ»។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន ទាហាន​ខ្មែរ​ដែល​បាត់​បង់​ជីវិត មាន​ឈ្មោះ​ថា សួន រោន អាយុ ៤៨​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​កំពេញ ឃុំយាង ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះ​វិហារ៕