
កម្លាំងជំនាញអង្គភាពស៊ីម៉ាក់បានរាវរកឃើញ និងកម្ទេចចោល នូវសំណល់យុទ្ធភណ្ឌសង្គ្រាមចំនួន៤៥គ្រាប់ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។រូបថត CMAC
បន្ទាយមានជ័យៈ សំណល់យុទ្ធភណ្ឌសង្គ្រាមកប់លាក់ទុក ក្នុងសម័យសង្គ្រាមចំនួន៤៥គ្រាប់ ត្រូវបានកម្លាំងជំនាញរកឃើញ ក្នុងដីរស្រែរបស់ប្រជាពលរដ្ឋ នៅភូមិទ្រាល ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការកម្ទេចចោល។
ប្រជាពលរដ្ឋម្នាក់បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន១គ្រាប់ នៅពេលដែលគាត់កំពុងតែភ្ជួរស្រែ។ ក្រោយពីបានទទួលសេចក្តីរាយការណ៍ពីការប្រទះឃើញនេះមក កម្លាំងជំនាញចុះទៅរាវរក ប៉ុន្តែបានឃើញរហូតដល់ទៅ២រណ្តៅ ដែលមានចំនួន៤៥គ្រាប់។ ក្នុងនោះមានគ្រាប់B40ចំនួន៣០គ្រាប់ និងគ្រាប់រ៉ុកកែតB62ចំនួន១៥គ្រាប់។ នេះបើយោងតាម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោកហេង រតនា នាថ្ងៃទី២៩ ខែឧសភានេះ។
គ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាមទាំងនេះ ត្រូវបានកម្លាំងជំនាញអង្គភាពស៊ីម៉ាក់ធ្វើការបោសសម្អាត និងកម្ទេចចោលប្រកបដោយសុវត្ថិភាព នាថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ។
កម្លាំងជំនាញ ក៏បានសហការជាមួយកម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋានធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ក្នុងការចូលរួមគ្នា ដើម្បីបង្ការ ការពារគ្រោះថ្នាក់ ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមឱ្យកាន់តែសកម្មថែមទៀតផងដែរ។

កម្លាំងជំនាញអង្គភាពស៊ីម៉ាក់បានរាវរកឃើញ និងកម្ទេចចោល នូវសំណល់យុទ្ធភណ្ឌសង្គ្រាមចំនួន៤៥គ្រាប់ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។រូបថត CMAC
លោកហេង រតនាបានអរគុណសន្តិភាព ដែលបានធ្វើឱ្យគ្រាប់កប់លាក់ទុកទាំងនេះ គ្មានសមរភូមិប្រយុទ្ធរវាងខែ្មរគ្នាឯង និងត្រូវបានបោះបង់ចោលជារៀងរហូតមក។
កាលពីថ្ងៃទី១២ ខែឧសភានេះផងដែរ អ្នកឯកទេសកម្ទេចគ្រឿងផ្ទុះអង្គភាពស៊ីម៉ាក់ ចំណុះកងឯកភាពកំចាត់មីនទី៥ បានកម្ទេចគ្រាប់បែកចង្កោមសំណល់ពីសង្គ្រាម ដែលជាគ្រាប់បែកចង្កោមទម្លាក់ពីលើយន្តហោះ ប្រភេទCBU-25/A។ គ្រាប់នេះមានផ្ទុកកូនគ្រាប់បែកចង្កោម ប្រភេទ BLU-24/B ចំនួន១៣២ គ្រាប់បែក ហើយកូនគ្រាប់បែកដែលនៅសេសសល់ក្នុងបំពង់ប្រហែលចំនួន១២០គ្រាប់ អាចបង្កគ្រោះថ្នាក់។
រណ្តៅដែលរកឃើញគ្រាប់បែកចង្កោមនេះមានជម្រៅកប់ដីប្រហែលមួយម៉ែត្រ នៅក្នុងចម្ការស្វាយចន្ទី ក្នុង ភូមិកាម៉ែនធំ ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។
ស៊ីម៉ាក់បានរំលឹកថា កម្ពុជា ត្រូវរងការទម្លាក់គ្រាប់បែកចង្កោមជិត៣០លានគ្រាប់បែក ក្នុងរយៈពេលជាង១០ឆ្នាំក្នុងសម័យសង្គ្រាមចន្លោះពីដើមទសវត្សរ៍១៩៦០ ដល់ពាក់កណ្តាលទសវត្សរ៍១៩៧០ ហើយមានការវាយប្រហារចំនួនជាង១០ ០០០ទីតាំងក្នុងក្របខណ្ឌទូទាំងប្រទេស៕


