
នាយករដ្ឋមន្ដ្រី៖ ការចល័តកម្លាំង និងអាវុធទៅព្រំដែន គឺជាការអនុវត្តផែនការបម្រុងរបស់កងទ័ពក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជា ដែលត្រូវត្រៀមជាស្រេចក្នុងករណីចាំបាច់ជាយថាហេតុណាមួយដែលអាចកើតឡើង។
ភ្នំពេញ៖ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃនឹងជួបជជែកនៅល្ងាចថ្ងៃទី២៩ ខែឧសភានេះដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែនត្រង់ចំណុចតំបន់មុំ ៣ នៃស្រុកជាំក្សាន្ដខេត្ដព្រះវិហារ ក្រោយទាហានកម្ពុជាម្នាក់បានស្លាប់អំឡុងពេលប៉ះទង្គិចគ្នាជាមួយទាហានថៃ ដែលបើកការវាយប្រហារមកកងទ័ពកម្ពុជា។
យោងតាមសំណេររបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត នាព្រឹកនេះ បានឱ្យដឹងថា៖ «សង្ឃឹមថាជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃនៅល្ងាចនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សាស្ថានភាពស្ងប់ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខរបស់យើងទាំងពីរដូចដែលបានធ្វើកន្លងមក»។
លោកបានបន្ដថា៖ «ខ្ញុំមិនចង់ឃើញមានការប្រយុទ្ធគ្នារវាងកងទ័ពនិងកងទ័ពដែលមិនផ្ដល់ផលចំណេញអ្វីសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរនោះទេ ជាពិសេសកងទ័ពដែលត្រូវប្រយុទ្ធគ្នាផ្ទាល់នៅសមរភូមិមុខ»។
យ៉ាងណាមិញ លោកនាយករដ្ឋមន្ដ្រី បានលើកឡើងថា ចំពោះការចល័តកម្លាំង និងអាវុធទៅព្រំដែន គឺជាការអនុវត្តផែនការបម្រុងរបស់កងទ័ពក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជា ដែលត្រូវត្រៀមជាស្រេចក្នុងករណីចាំបាច់ជាយថាហេតុណាមួយដែលអាចកើតឡើង។
លោកបានថ្លែងថា លោកធ្លាប់បានលើកក្នុងវេទិកាសាធារណៈកន្លងរួចមកហើយ កម្ពុជាមិនមានបំណងឈ្លានពានប្រទេសណាមួយនោះទេ ហើយកម្ពុជាចង់ឱ្យការដោះស្រាយបញ្ហាព្រំដែន ប្រព្រឹត្តទៅដោយផ្អែកលើមូលដ្ឋានបច្ចេកទេសនិងច្បាប់អន្តរជាតិ។
លោកបានសង្កត់ធ្ងន់ថា៖ «ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិនៅក្នុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានរំលោភលើបូរណភាពទឹកដីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ»។

ថ្វីដ្បិតតែលោកនាយករដ្ឋមន្ដ្រីមានបេសកកម្មផ្លូវរដ្ឋទៅក្រៅប្រទេសយ៉ាងណាក៏ដោយ ក៏លោកនៅតែបន្ដតាមដានស្ថានភាពនៅតាមបណ្ដោយព្រំដែន និងធ្វើការសម្រេចចិត្ដលើកិច្ចការជាតិនេះ។
លោកបានស្នើឱ្យប្រជាពលរដ្ឋកុំឱ្យមានការព្រួយបារម្ភដោយផ្អែកលើព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សាយដោយមិនមានប្រភពច្បាស់លាស់។
លោកនាយករដ្ឋមន្ដ្រីបានបញ្ជាក់ថា៖ «ខ្ញុំក៏សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើង ទប់ស្កាត់កុំឲ្យបញ្ហានេះទៅរីកធំរហូតក្លាយជាជម្លោះជាតិសាសន៍ និងសូមផ្ដល់ការទុកចិត្តចំពោះរាជរដ្ឋាភិបាល ក៏ដូចជាកងទ័ពរបស់យើងក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះដោយការទទួលខុសត្រូវខ្ពស់»។
លោកបានផ្ញើសារចែករំលែកទុក្ខគ្រួសារសពយុទ្ធជនពលីកម្ពុជា ដែលត្រូវបានទាហានថៃបើកការវាយប្រហារ។
លោកនាយករដ្ឋមន្ដ្រីបានសរសេរថា៖ «ការបាត់បង់ ព្រឹន្ទបាលឯក សួន រ៉ោន ជាការបាត់បង់នូវកូនប្រុស បងប្រុស ប្អូនប្រុសជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះ ក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស លោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាជនកម្ពុជានៃយើង»។
លោកបានភ្ជាប់ជាមួយរូបថតពីរសន្លឹក ដែលថតក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតំបន់ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របីកាលពីជាង១០ ឆ្នាំមុននៅឆ្នាំ២០០៨ និង ២០១១៕