
ការរាយការណ៍ស្តីពីបញ្ហាសន្តិសុខជាតិ ចាំបាច់ណាស់ត្រូវតែធ្វើឡើងដោយផ្អែកលើ និងត្រូវយកព័ត៌មានពីប្រភពផ្លូវការរបស់ក្រសួងស្ថាប័ន សមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធក្នុងវិស័យនេះ។ រូបថត បញ្ញាសិប្បនិម្មិត
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មានបានក្រើនរំឭកជាថ្មីចំពោះអ្នកផ្សព្វផ្សាយព័ត៌មាន មិនថា ជាអាជីព និងមិនអាជីព ឬប្រើប្រាស់បណ្ដាញសង្គមទាំងអស់ចៀសវាងការផ្សព្វផ្សាយព័ត៌មានបង្កមហន្តរាយដល់សន្តិសុខជាតិ មហន្តរាយដល់ទំនាក់ទំនងជាមួយប្រទេសដទៃ និងគ្រោះថ្នាក់ដល់មន្ត្រីដែលអនុវត្តច្បាប់ ឬត្រូវបំពេញបេសកកម្មរបស់ខ្លួន។
លោក ទេព អស្នារិទ្ធ បានឱ្យដឹងថា យោងតាមច្បាប់ស្តីពីរបបសារព័ត៌មាន អ្នកសារព័ត៌មានមានសិទ្ធិទទួល ផ្សាយព័ត៌មាន ដែលមិនប៉ះពាល់ដល់ចំណុចខាងលើ និងប្រកបដោយវិជ្ជាជីវៈ។
លោកបានថ្លែងកាលពីថ្ងៃទី ២៩ ខែឧសភាម្សិលមិញថា៖ «ក្នុងន័យនេះ ការរាយការណ៍ស្តីពីបញ្ហាសន្តិសុខជាតិ ដោយសារព័ត៌មានអាជីពក្តី មិនអាជីពក្តី ឬការចែកចាយព័ត៌មានលើបណ្តាញសង្គមក្តី ចាំបាច់ណាស់ត្រូវតែធ្វើឡើងដោយផ្អែកលើ និងត្រូវយកព័ត៌មានពីប្រភពផ្លូវការរបស់ក្រសួងស្ថាប័ន សមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធក្នុងវិស័យនេះ និងត្រូវផ្សាយដោយគោរពក្រមសីលធម៌វិជ្ជាជីវៈយ៉ាងម៉ត់ចត់»។
ការលើកឡើងនេះ ទំនងជាចង់សំដៅលើការរាយការណ៍នានាទាក់ទងនឹងហេតុការណ៍ប៉ះទង្គិចរវាងទាហានខ្មែរ និងថៃ នៅតំបន់មុំ ៣ នៃស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ ដែលបង្កឱ្យយុទ្ធជនកម្ពុជាម្នាក់បាត់បង់ជីវិត។
លោក អស្នារិទ្ធ បានបន្ដថា៖ «ចេញពីព្រឹត្តិការណ៍ថ្មីៗនេះ អ្នកសារព័ត៌មានគ្រប់រូបត្រូវដើរតួនាទីសំខាន់ខ្លាំងឡើងក្នុងការធានាថា ការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនមិនបង្កឱ្យមានការភាន់ច្រឡំសាធារណៈ ដោយសារការផ្តល់ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ឬមិនបានស្រង់ព័ត៌មានពីប្រភពផ្លូវការរបស់ក្រសួង សា្ថប័ន និងសមត្ថកិច្ចពាក់ព័ន្ធនោះ»។
លោកបានបញ្ជាក់ថា ការរាយការណ៍លើប្រធានបទសន្តិសុខជាតិ ត្រូវឈរលើមូលដ្ឋាននៃភាពច្បាស់លាស់ ផ្តល់ព័ត៌មានមានភាពប្រកដប្រជា មានក្រមសីលធម៌ត្រឹមត្រូវ ហើយត្រូវព្យាយាមសហការស្វែងរកការបញ្ជាក់ និងផ្តល់ព័ត៌មានពីក្រសួងស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាភាពអាចជឿទុកចិត្តបានសម្រាប់សាធារណៈជន។
លើសពីនេះ វាត្រូវធានាថាមិនបង្កបញ្ហាដល់ប្រជាជន សង្គមជាតិ តែត្រូវចូលរួមបញ្ចៀសរាល់ហានិភ័យនានាដែលអាចបង្កឱ្យមានទំនាស់ទាំងផ្ទៃក្នុងប្រទេស ឬជាមួយប្រទេសដទៃដែលយើងត្រូវរក្សាទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការយូរអង្វែង។
អ្នកនាំពាក្យក្រសួងព័ត៌មានទទួលស្គាល់ថា អ្នកសារព័ត៌មាន មានសិទ្ធិក្នុងការរាយការណ៍ ផ្តល់ព័ត៌មានជូនប្រជាជន តែអ្នកសារព័ត៌មានក៏មានករណីកិច្ចចាំបាច់ និងកាតព្វកិច្ចផងដែរ ក្នុងការត្រូវធ្វើតុល្យភាពរវាងការផ្សាយព័ត៌មានជូនសាធារណៈជន និងភាពចាំបាច់នៃការការពារព័ត៌មានពាក់ព័ន្ធនឹងសន្តិសុខជាតិ ដែលជាតួនាទីអ្នកសារព័ត៌មានត្រូវចូលរួម។
អ្នកសារព័ត៌មានត្រូវរាយការណ៍ដោយឈរលើភាពសុចរឹត ស្មោះត្រង់ ភាពត្រឹមត្រូវ មិនលម្អៀង និងជៀសវាងការផ្សព្វផ្សាយពាក្យចចាមអារាម ឬការនិយាយ ចែកចាយតៗគ្នា ឬការស្មានៗ ដោយគ្មានប្រភពច្បាស់លាស់ ជាពិសេសនៅពេលរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងការងារស៊ើបការណ៍ ការអង្កេត ប្រតិបត្តិការយោធា អាយុជីវិតរបស់យោធា ឬប្រភេទព័ត៌មានសម្ងាត់ជាតិ។
លោកបន្ថែមថា៖ «ការរាយការណ៍ទាំងអាជីព និងមិនមែនអាជីព ត្រូវធ្វើឡើងដោយមានការទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមក្នុងការធានាសណ្តាប់ធ្នាប់ ស្ថិរភាព និងសន្តិសុខសង្គម ដោយចៀសវាងការបំផ្លើស បំភ្លៃ ឬការកាឡៃព័ត៌មានប្រាសចាកពីការពិត»។
អ្នកសារព័ត៌មាន អ្នកព័ត៌មានអាជីព មិនមែនអាជីព អ្នកចែកចាយព័ត៌មានលើបណ្តាញសង្គម បង្កើនការទទួលខុសត្រូវក្នុងការផ្សព្វផ្សាយ ចែកចាយព័ត៌មាន ដោយជានិច្ចជាកាលត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវមានមនសិកាទទួលខុសត្រូវ ស្រឡាញ់ប្រទេសជាតិ ប្រជាជន និងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅពេលរាយការណ៍ព័ត៌មានស្តីពីសន្តិសុខជាតិ។
ពាក់ព័ន្ធនឹងសន្តិសុខជាតិ លោក អស្នារិទ្ធ បានអំពាវនាវឱ្យបង្កើនការសហការដើម្បីស្វែងរកការផ្តល់ព័ត៌មាន និងការបញ្ជាក់ពីប្រភពផ្លូវការត្រឹមត្រូវ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានជាមុន និងមិនត្រូវឱ្យមានការបែកធ្លាយព័ត៌មានជាតិ ឬការសម្ងាត់ជាតិដោយប្រការណាមួយឡើយ ព្រោះវានឹងបណ្តាលឱ្យកើតមាននូវព្យសនកម្ម និងមហន្តរាយដល់ប្រជាជន សន្តិសុខ និងសង្គមជាតិទាំងមូល៕