ភ្នំពេញ៖ វរសេនីយ៍ទោ សោម លា​ងអ៊ី​ មេបញ្ជាការកងអនុសេនាតូចភស្ដុភារ នៃកងអនុសេនាធំវិស្វកម្មព្រលានយន្ដហោះលេខ ៩២៧ ផ្ដល់​បទពិសោធ​​ក្នុងនាម​ជា​មេបញ្ជាការ​អង្គភាព​ស្ត្រី​ដំបូង​គេ​របស់​កម្ពុជា​ដែល​ត្រូវបាន​បញ្ជូនទៅ​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​នៅសាធារណរដ្ឋម៉ាលី​។​

ក្នុង​វ័យ​ ៣៣ ឆ្នាំ​ ការធ្វើដំណើរ​របស់ លាង​អ៊ី ពី​ភូមិតូច​មួយ​នៃ​ប្រទេស​កម្ពុជា​ទៅកាន់​ការដឹកនាំ​បុគ្គលិក​ចំនួន ១៨០ នាក់ រួមទាំង​ស្ត្រី ៣៨ នាក់​ផងដែរ បង្ហាញ​ពី​សមត្ថភាព​​ចំពោះ​តួនាទី​ដែល​កំពុង​វិវត្តន៍​របស់​ស្ត្រី​ក្នុងការ​ថែរក្សា​សន្តិភាព និង​ការដឹកនាំ​យោធា​។

ចាប់តាំងពី​ឆ្នាំ ២០១៨​ មក អ្នកនាង លាង​អ៊ី​ បាន​បម្រើ​ក្នុង​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​ចំនួន ៥ នៅ​ទូទាំងប្រទេស​ម៉ាលី និង​លី​បង់ ដោយ​ទទួលបាន​ការគោរព​តាមរយៈ​ភាព​ធន់​ និង​ភាពជា​អ្នកដឹកនាំ​នៅក្នុង​បរិស្ថាន​ដែល​គ្រប់គ្រង​ដោយ​បុរស​។


រឿងរ៉ាវ​​របស់​អ្នកនាង​​បន្ទាប់មក​ត្រូវបាន​ចុះផ្សាយ​នៅក្នុងព្រឹត្ដិបត្រ​ UN Women ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១០​ ​ជា​អង្គភាព​របស់​អង្គការសហប្រជាជាតិ​ដែល​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី​នៅ​ទូទាំង​ពិភពលោក​។​

ការតែងតាំង​លោកស្រី​នៅ​ឆ្នាំ ២០២៤​ ជា​មេបញ្ជាការ​កងឯកភាព​ក្នុងអំឡុងពេល​វេន​ទី ១៤​ របស់​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​លី​បង់​បានកត់សម្គាល់​នូវ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​មិន​ត្រឹមតែ​សម្រាប់​ប្រទេស​របស់​ខ្លួន​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ស្ត្រី​ក្នុងការ​ថែរក្សា​សន្តិភាព​ទូទាំង​ពិភពលោក​ផងដែរ​។​


យោងតាម​អង្គការ UN Women បាន​ឱ្យដឹងថា វិធីសាស្ត្រ​នៃ​ភាពជា​អ្នកដឹកនាំ​របស់​យុវតី​កម្ពុជា​​រួមបញ្ចូល​គ្នា​នូវ​ការយល់​ចិត្ត ការអត់ធ្មត់ និង​ការសម្រេចចិត្ត គុណសម្បត្តិ​ដែល​ប្រឈម​នឹង​គំរូ​អំពី​តួនាទី​របស់​ស្ត្រី​នៅក្នុង​ប្រតិបត្តិការ​យោធា។​

អ្នកនាង​ លាង​អ៊ី បាន​និយាយថា៖ «​​ស្ត្រី​សម​នឹង​ទទួលបាន​តួនាទី​ជា​អ្នកដឹកនាំ​។ យើង​នាំមក​នូវ​ការយល់​ចិត្ត និង​ការអត់ធ្មត់ ប៉ុន្តែ​យើង​ក៏​អាចមាន​ភាពរឹងមាំ​ផងដែរ។

អ្នកនាងបាន​​សង្កត់ធ្ងន់​ទៅលើ​តុល្យភាព​ដែល​ស្ត្រី​នាំមក​ជូន​នូវ​បេសកកម្ម​ដ៏​ស្មុគស្មាញ​។​ ​ដោយ​ដឹកនាំ​ក្រុម​ធំ និង​ចម្រុះ​នៅក្នុង​តំបន់​ជម្លោះ​ដែលមាន​សម្ពាធ​ខ្ពស់ អ្នកនាង លាងអ៊ី​ បាន​ប្រឈមមុខ​នឹង​បញ្ហា​​ពីរ​ក្នុងការ​បង្ហាញ​ពី​សមត្ថភាព​​ និង​យកឈ្នះ​លើ​ការសង្ស័យ​ដំបូង​។​

អ្នកនាង​​បាន​ពន្យល់ថា​៖ «​ប្រសិនបើ​ខ្ញុំ​បរាជ័យ​ក្នុងនាម​ជា​អ្នកដឹកនាំ​ស្ត្រី មនុស្សម្នា​​អាច​នឹង​និយាយថា ​ឃើញ​ទេ​ស្ត្រី​មិនអាច​ធ្វើ​វា​បានទេ​។ នោះ​អាច​បិទឱកាស​សម្រាប់​អ្នកដទៃ»​។​

ប៉ុន្តែ​តាមរយៈ​ការអនុវត្ត​ប្រកបដោយ​ស្ថិរភាព និង​ការប្រាស្រ័យ​ទាក់ទង​ច្បាស់លាស់ អ្នកនាង លាងអ៊ី ​បាន​ជំរុញឱ្យ​មាន​ទំនុកចិត្ត និង​ការគោរព​ក្នុងចំណោម​កងទ័ព​​​។

មេបញ្ជាការ​អង្គភាព​របស់​ UN រូបនេះ បានបន្ដថា​៖ «​​គ្រប់​គ្នា​បាន​បំពេញ​តួនាទី​របស់​ពួកគេ ហើយ​ពួកគេ​បាន​សង្កេតមើល​​សកម្មភាពខ្ញុំ​​។ យូរៗ​ទៅ​គ្មាន​ការរើសអើង​ទេ​។ ​តាមពិត ពួកគេមានតែ​​លើកទឹកចិត្ត​ខ្ញុំ»​។​

បទពិសោធន៍​របស់ លាងអ៊ី ក៏​គូសបញ្ជាក់​អំពី​អត្ថប្រយោជន៍​ដ៏​ទូលំទូលាយ​ដែល​ស្ត្រី​នាំយកមក​ក្នុងការ​ថែរក្សា​សន្តិភាព​។​

ឈរ​​លើ​បេសកកម្ម​ផ្ទាល់ខ្លួន អ្នកនាង​​បានលើកឡើង​ពី​សមត្ថភាព​របស់​ស្ត្រី​ក្នុង​ការកសាង​ទំនាក់ទំនង​ដ៏​រឹងមាំ​ជាមួយ​សហគមន៍​មូលដ្ឋាន ដែលជា​កត្តា​សំខាន់​សម្រាប់​ការប្រមូល​ព័ត៌មាន​ប្រកបដោយ​ប្រសិទ្ធភាព និង​ការកាត់បន្ថយ​ជម្លោះ​។​

លាងអ៊ី ​បាន​និយាយថា​៖ «​ស្ត្រី​បង្កើត​ទំនាក់ទំនង​រឹងមាំ​ជាមួយ​សហគមន៍ កាត់បន្ថយ​ជម្លោះ និង​ដើរតួនាទី​សំខាន់​ក្នុងអំឡុងពេល​ស្ថានការណ៍​តានតឹង​»​។​

ការដឹកនាំ​របស់​អ្នកនាង​​គឺជា​ផ្នែក​មួយ​នៃ​ការជំរុញឱ្យ​កាន់តែ​ទូលំទូលាយ​នៅក្នុង​កងយោធពល​ខេមរភូមិន្ទ និង​អង្គការសហប្រជាជាតិ ដើម្បី​បង្កើន​ការចូលរួម​របស់​ស្ត្រី​ក្នុង​ប្រតិបត្តិការ​សន្តិភាព​។​

ការវាយតម្លៃ​ឧបសគ្គ​ដែល​ធ្វើឡើង​នៅ​ចន្លោះ​ឆ្នាំ ២០២២ និង​ឆ្នាំ ២០២៤​ ដែល​ត្រូវបាន​គាំទ្រ​ដោយ UN Women និង​មូលនិធិ Elsie Initiative បានកំណត់​ឱកាស​ដើម្បី​ពង្រឹង​ការជ្រើសរើស និង​ការអនុវត្ត​ការងារ​ដែល​ឆ្លើយតប​នឹង​យេនឌ័រ​នៅក្នុង​ប្រទេស​កម្ពុជា​។

កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​បាន​បង្កើន​សមាមាត្រ​នៃកងកម្លាំង​​ស្ត្រី​​​នៅក្នុង​កង​រក្សា​សន្តិភាព​របស់​ប្រទេស​កម្ពុជា​រួច​ហើយពី ១៦,៥​ ភាគរយ​ក្នុង​ឆ្នាំ ២០២២ ដល់ ២០ ភាគរយ​នៅ​ឆ្នាំ ២០២៤។​

យោងតាម UN Women អ្នកនាង លាងអ៊ី ​បន្ត​ផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស​តាមរយៈ​គម្រោង​ក្នុង​តំបន់​ដែល​លើកកម្ពស់​ការចូលរួម​ដ៏​មាន​អត្ថន័យ​របស់​ស្ត្រី​ក្នុង​សន្តិភាព និង​សន្តិសុខ​នៅ​ទូទាំង​អាស៊ាន​។​

អង្គការ​នេះ​បាន​ឱ្យ​ដឹង​ថា៖ «​​ភាពជា​ដៃគូ​នេះ​ឆ្លុះបញ្ចាំង​ពី​ការទទួលស្គាល់​ជា​អន្តរជាតិ​ដែល​កំពុង​កើនឡើង​ថា​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី​មាន​សារៈសំខាន់​មិន​ត្រឹមតែ​សម្រាប់​សមធម៌​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​ប្រសិទ្ធភាព​នៃ​បេសកកម្ម​រក្សា​សន្តិភាព​ផងដែរ​»។

ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ពេលនេះ វរសេនីយ៍ទោ លាងអ៊ី​ មាន​តួនាទី​ជា​មន្ត្រីរដ្ឋបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម (NPMEC) ដែលអ្នកនាង​​ជួយ​ណែនាំ និង​រៀបចំ​កងកម្លាំង​រក្សា​សន្តិភាព​ជំនាន់​ក្រោយ​។​

ការដឹកនាំ​របស់ លាងអ៊ី​ ទទួលបាន​មេដាយមាស​ពី​កងយោធពល​ខេមរភូមិន្ទ និង​មេដាយ​អង្គការសហប្រជាជាតិ​។​

ចំពោះ​យុវនារី​ដែល​ប្រាថ្នា​ចង់ទៅ​លើផ្លូវ​ស្រដៀង​គ្នា​នេះ អ្នកនាង លាងអ៊ី ​បានផ្តល់​ការ​ណែនាំ​​សាមញ្ញៗ ប៉ុន្តែ​មាន​ឥទ្ធិពល​ថា​៖ «​សូម​ជឿជាក់​លើ​ខ្លួនឯង​។ មាន​ភាពក្លាហាន​ដើម្បី​ជំនះ​ឧបសគ្គ​។ ចងចាំ​ជានិច្ច​ថា ​ស្ត្រី​អាចធ្វើ​កិច្ចការ​ដូច​បុរស​ដែរ​»​។​

រឿងរ៉ាវ​​របស់ លាងអ៊ី​ បង្ហាញថា ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី​ក្នុងការ​ថែរក្សា​សន្តិភាព មិនមែន​គ្រាន់តែ​ជា​និមិត្តរូប​នៃ​វឌ្ឍនភាព​នោះទេ វា​គឺជា​កម្លាំង​ជាក់ស្តែង​សម្រាប់​ការកសាង​សន្តិភាព និង​ការជឿទុកចិត្ត​នៅក្នុង​តំបន់​ជម្លោះ​។​

ដូចដែល UN Women បានកត់សម្គាល់ ការបង្កើន​តំណាង​របស់​ស្ត្រី​ក្នុងតួនាទី​សន្តិភាព និង​សន្តិសុខ​ពង្រឹង​ប្រសិទ្ធភាព និង​និរន្តរភាព​នៃ​ប្រតិបត្តិការ​រក្សា​សន្តិភាព​នៅ​ទូទាំង​ពិភពលោក​។​

អ្នកនាង​ លាងអ៊ី បាន​បញ្ជាក់​ថា​៖ «​នៅពេល​ស្ត្រី​ចូលរួម យើង​កសាង​សន្តិភាព​»​។​

ដោយ​មើល​ឃើញពី​សមត្ថភាព​របស់ស្ដ្រី​ និង​ជាពិសេស​ស្ដ្រី​កម្ពុជា លោក Dominic Williams  ឯកអគ្គរាជ​ទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា​ បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គមរបស់​លោកថា​ លោករីករាយដែល​ចក្រ​ភព​អង់គ្លេស​គាំទ្រ​​នូវ​គម្រោង UN Women Asia and the Pacific៕