ព្រះវិហារៈ កម្ពុជាមានវត្តមានសត្វទាព្រៃស្លាបសមិនដល់១០០ក្បាលផង ក្នុងចំណោមចំនួនសរុបប្រមាណជា៨០០ក្បាល នៅក្នុងពិភពលោក។ ការសិក្សាស្រាវជ្រាវរយៈពេល៣ថ្ងៃ នាពេលថ្មីៗនេះ បានរកឃើញសត្វទាព្រៃស្លាបស តែ១ក្បាលប៉ុណ្ណោះ ដែលបានត្រឡប់មកដើមឈើ ដែលជាទ្រនុំរបស់វា។

ក្រុមហ៊ុនសំ វាសនាបានសហការជាមួយអង្គការសមាគមសត្វព្រៃពិភពលោក(WCS) បានចុះធ្វើការសិក្សាស្រាវជ្រាវទៅលើប្រភេទ ទាព្រៃស្លាបស នៅទីតាំង ដែលធ្លាប់មានវត្តមានរបស់វា ស្ថិតក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងខេត្តព្រះវិហារ ចាប់ពីថ្ងៃទី ២១ ដល់២៣ ខែឧសភានេះ។ នេះបើយោងតាមក្រុមហ៊ុនសំ វាសនា នាថ្ងៃទី២៩​ខែឧសភា។

ការចុះអង្កេត និងតាមដានផ្ទាល់នៅទីតាំងនេះ ពួកគេបានបែងចែកជា២ក្រុម  ដែលក្នុងមួយក្រុមមានស​មាជិក៥នាក់។ ក្នុងការតាមដានរយៈពេល ៣ថ្ងៃនេះ គឺមានទាព្រៃស្លាបសចំនួន១ក្បាល បានត្រឡប់មកដើមឈើ ដែលជាកន្លែងដេករបស់វា ចំនួន២យប់ជាបន្តបន្ទាប់។ ប៉ុន្តែគួរឱ្យសោកស្តាយ ដោយសារ តែពេលវាត្រឡប់បកដល់ទ្រនុំ គឺយប់បាត់ទៅហើយ និង ពេលដែលវាចេញពីទ្រនុំ នៅពេលព្រលឹមវិញ គឺមិនទាន់នៅមានពន្លឺនៅឡើយទេ។


ទោះជាយ៉ាងណាក៏ដោយ ការបំពេញបេសកកម្មក្នុងរយៈពេល៣ថ្ងៃនេះ បានបង្ហាញឱ្យឃើញថា យ៉ាងហោចណាស់មានទាព្រៃស្លាបសចំនួន១ក្បាល នៅតែត្រឡប់ មករកដើមឈើដែលជាទ្រនុំរបស់វា។ នេះបញ្ជាក់ឱ្យឃើញថា ដើមឈើទាល ដែលដុះនៅតាមមាត់ស្ទឹង ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់បក្សីដែលជិតដាច់ពូជ ដូចជាទាព្រៃស្លាបសនេះ។

ទាព្រៃស្លាបសរស់នៅតំបន់ព្រៃត្រូពិច ដែលមានប្រព័ន្ធស្ទឹង និងប្រលាយទឹកដែលមានទឹកហូរយឺតៗ និងចូលចិត្តរកស៊ីនៅតាមតំបន់ដីសើម ត្រពាំង ដែលស្ងាត់ៗនៅក្នុងព្រៃ។


ទាព្រៃស្លាបស ធ្វើសំបុកនៅតាមរន្ធឈើខ្ពស់ៗ ក្នុងព្រៃក្បែរ ស្ទឹង ព្រែក អូរ បឹង និងត្រពាំងជាដើម។ រូបថត ក្រសួងបរិស្ថាន

ក្រុមហ៊ុនបានឱ្យដឹងថា​ ទាព្រៃស្លាបស ភាគច្រើនមានវត្តមាន នៅភាគខាងជើងនៃប្រទេសកម្ពុជា​ ជាពិសេសគឺស្ថិតនៅខេត្តព្រះវិហារ។ ដោយសារកត្តាគំរាមគំហែងពីសកម្មភាពមនុស្ស ការបរបាញ់ និងដាក់អន្ទាក់ខុសច្បាប់ ការបាត់បង់ទីជម្រក ការពង្រីកដីកសិកម្ម និងភូមិដ្ឋានជាដើម ជាពិសេស គឺអត្រាបង្កកំណើតទាប ទើបធ្វើឱ្យចំនួនទាព្រៃស្លាបស ក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោក មានចំនួនតិចតួចបំផុត។

ស្ថាប័នទាំង២បានអំពាវនាវប្រជាជន ដែលរស់នៅក្នុងតំបន់ទាំងនោះ គួរបញ្ឈប់សកម្មភាព ទាំងឡាយណា ដែលបង្កផលប៉ះពាល់ ទៅដល់ទាព្រៃស្លាបស ពីព្រោះថាចំនួនរបស់វា មានមិនដល់១០០ ក្បាលទេ នៅក្នុងប្រទេសកម្ពុជា។

ទាព្រៃស្លាបស ដែលមានឈ្មោះវិទ្យាសាស្ត្រ Asarcomis scutulata ជាប្រភេទសត្វជិតផុតពូជ នៅលើពិភពលោក ដែលបានចុះក្នុងបញ្ជីក្រហមរបស់អង្គការIUCN។

ក្រសួងបរិស្ថានបានឱ្យដឹងថា ទាព្រៃស្លាបស មានតែប្រមាណជា ៨០០ក្បាលប៉ុណ្ណោះ នៅទូទាំងពិភពលោក និងត្រូវបានគេកត់ត្រាថា មានវត្តមានរស់នៅ និងបន្តពូជ ក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តព្រះវិហារ។

វាមានវត្តមានពេញមួយឆ្នាំនៅប្រទេសកម្ពុជា ដែលភាគច្រើននៅខេត្តព្រះវិហារ និងភូមិភាគឦសានប្រទេស។ សត្វប្រភេទនេះ ច្រើនតែរស់នៅតាមដងទន្លេ បឹង អូរ ត្រពាំង ក្នុងព្រៃពាក់កណ្ដាលស្រោង និងព្រៃស្រោងជាដើម។

ទាព្រៃស្លាបស ជួនកាលវារកស៊ីពេលយប់ ដេកលើទ្រនំខ្ពស់ៗ និងធ្វើសំបុកនៅតាមរន្ធឈើក្នុងព្រៃក្បែរ ស្ទឹង ព្រែក អូរ បឹង ត្រពាំង ហើយតែងតែជម្រុះរោមនៅដើមរដូវប្រាំងជារៀងរាល់ឆ្នាំផងដែរ៕