
លោក ហង្ស សំណាង ដែលជាអ្នកសារព័ត៌មាន និងមនុស្សពីរនាក់ទៀត ត្រូវបានឃាត់ខ្លួនដោយអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ FB
អ្នកសារព័ត៌មាន ហង្ស សំណាង និងមនុស្សពីរនាក់ទៀតត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងការសម្ដែងជាការសម្ភាសអំពីភាពខុសគ្នារវាងទាហានការពារទឹកដីដែលមានស័ក្តិទាប និងទាហាននៅទីក្រុងដែលមានស័ក្តិខ្ពស់ ខណៈដែលបញ្ហាព្រំដែនមានភាពតានតឹងក្រោយឧប្បត្តិហេតុប៉ះទង្គិចគ្នានៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក ហង្ស សំណាង ដែលជាចាងហ្វាងសារព័ត៌មានអនឡាញដែលដាក់តាមឈ្មោះរបស់ខ្លួនត្រូវបានរាយការណ៍ថាត្រូវបានឃាត់ខ្លួនដោយសមត្ថកិច្ចនៃអធិការដ្ឋានស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងនៅថ្ងៃនេះ រួមជាមួយនឹងមនុស្ស២នាក់ទៀត ដែលជាតួសម្ដែងធ្វើជាទាហាន។
យោងតាមវីដេអូឃ្លីបដែលលោកបានផុសរួចលុបវិញ លោកបានឲ្យបុរសចំណាស់ម្នាក់អាយុជាង ៦០ឆ្នាំ និង បុរសម្នាក់ទៀតអាយុជាង ៣០ឆ្នាំ ស្លៀកពាក់ជាទាហាន ហើយបានសួរអំពីបទពិសោធន៍របស់ពួកគេ។ បុរសចំណាស់ថាលោកស័ក្តិ១ តែមានទឹកចិត្តការពារជាតិ ការពារទឹកដី ចំណែកបុរសអាយុជាង៣០ឆ្នាំថា លោកបានហាត់ទាហានតែមិនដែលបានទៅសមរភូមិទេ នៅតែជាមួយមេ។
ការចេញវីដេអូនេះត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកចាត់ទុកថាខុសក្រមសីលធម៌ ដោយយកកងកម្លាំងមកលេងសើសស្របពេលដែលកម្ពុជាកំពុងមានបញ្ហាជាមួយប្រទេសជិតខាង ខណៈដែលអ្នកខ្លះចាត់ទុកទង្វើនេះជាការបញ្ចេញព័ត៌មានដែលប៉ះពាល់ដល់សន្តិសុខជាតិ។
ក្រោយពេលប្រតិកម្ម លោក ហង្ស សំណាង បានលុបវីដេអូនោះចោល ហើយព្រឹកនេះលោកបានចេញមុខសុំទោសជាសាធារណៈដោយលើឡើងពីកម្រិតយល់ដឹងទាបរបស់លោក ប៉ុន្តែ វាយឺតពេលទៅហើយ។
ពាក់ព័ន្ធនឹងរឿងនេះ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងថា ក្រសួងព័ត៌មានកំពុងតាមដានព័ត៌មាននេះ។
លោក ទេព អស្នារិទ្ធ៖ «ក្រសួងព័ត៌មានកំពុងពិនិត្យលើករណីនេះយ៉ាងយកចិត្តទុកដាក់ ហើយយើងនឹងឈរលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងច្បាប់សារព័ត៌មាន ចំពោះករណីដែលគាត់បានសម្ភាសនេះ។ យើងនឹងពិនិត្យលើករណីនេះឲ្យច្បាស់បន្ថែមទៀត»។
លោក ណុប វី ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ថ្លែងថា អ្នកសារព័ត៌មានគឺជាអ្នកនាំសារដ៏សំខាន់ដែលត្រូវបង្ហាញអ្វីជាបញ្ហាពិត អ្វីជាព័ត៌មានពិតនៅក្នុងសង្គម។
លោកថ្លែងថា៖ «ដូច្នេះ ការធ្វើសេចក្ដីរាយការណ៍ព័ត៌មាន មិនមែនជាការរៀបចំទុកមុនទេ វាមិនមែនជារឿងដែលយើងត្រូវបង្កើតតួសម្ដែង ឬក៏ធ្វើសកម្មភាពផ្សេងៗដើម្បីថត ដើម្បីបង្ហាញជាព័ត៌មានទេ។ ដូច្នេះ ខ្ញុំថាករណីនេះពាក់ព័ន្ធនឹងការអនុវត្តក្រមសីលធម៌»។
លោក ណុប វី ទទូចឲ្យអ្នកសារព័ត៌មានទាំងអស់រក្សាគុណតម្លៃរបស់អ្នកសារព័ត៌មាន គោរពក្រមសីលធម៌វិជ្ជាជីវៈ រាយការណ៍ព័ត៌មានពិត ហេតុការណ៍ពិត ចៀសវាងការបញ្ចេញបញ្ចូលគំនិតរបស់ខ្លួននៅក្នុងព័ត៌មាន ឬមួយការសម្ដែងដែលធ្វើឲ្យមានការយល់ច្រឡំថាជាព័ត៌មាន។ លោកថា ការធ្វើបែបនេះធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តអ្នកអានឬអ្នកទស្សនា និងគុណតម្លៃរបស់អ្នកសារព័ត៌មាន៕