ដំណើរ​ការសាងសង់​​​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ(TIA) ដំណាក់កាលទី១ កំពុង​ស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យ និង​វាយ​តម្លៃ​​លើ​ផ្នែក​បច្ចេក​ទេស​លើក​ចុង​ក្រោយ ដោយ​គ្រោង​​បើក​ដំណើរការ​​(មិនទាន់​បើក​សម្ពោធជាផ្លូវការ)​នៅ​ក្នុង​សប្តាហ៍​ទី​២ នៃ​ខែ​កក្កដា ខាង​មុខ​ជាមួយ​នឹង​សមត្ថភាព​អាច​ទទួល​បាន​ភ្ញៀវ​ទេសចរ​​បាន​ប្រមាណ ១៥ លាននាក់​ក្នុង​ ១​ឆ្នាំ​។​

គម្រោង​វិនិយោគ​លើ​អាកាសយានដ្ឋាន​អន្តរជាតិតេជោ បាន​បើកការដ្ឋាន​សាងសង់កាលពី​ថ្ងៃ​ទី​៧ ​ខែ​មករា ឆ្នាំ​២០២០ ដោយ​មាន​​ទុន​វិនិយោគ​ប្រមាណ ១,៥ពាន់លានដុល្លារ​(មិនគិត​បញ្ចូលតម្លៃដី) ដែល​ជា​ការវិនិយោគរវាង​រដ្ឋ​ និងឯកជន ដោយក្រុមហ៊ុនឯកជន OCIC មានភាគហ៊ុន ៩០ ភាគរយ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល(SSCA) ១០ ភាគរយ។ អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយានដ្ឋាន Greenfield ដែលមានផ្ទៃដីសរុប ២ ៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​រាជធានីភ្នំពេញ។

អាកាសយានដ្ឋានអន្តរជាតិខ្នាតធំ​លំដាប់ 4F នេះ​អាច​អនុញ្ញាត​ឱ្យ​​យន្ត​ហោះ​ប្រភេទ​ធុនធំៗ​ដូចជា Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ អាកាសយានដ្ឋាននេះរចនាឡើងជា​ ៣ ដំណាក់កាល ដោយ​​ដំណាក់កាល១ ពីឆ្នាំ២០២០ ដល់២០៣០ អាច​ទទួល​ភ្ញៀវ​បាន​ចំនួន ១៥ លាន​នាក់, ដំណាក់កាលទី ២ ឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ ​ទទួល​ភ្ញៀវ​បាន​ ៣០ លាន​នាក់ និងដំណាក់កាលពី ៣ ចាប់​ពីឆ្នាំ២០៥០ ​អាច​ទទួល​ភ្ញៀវបាន ៤៥ លាននាក់​។​


រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍​ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ព្រឹក​ថ្ងៃ​ទី​៥ ខែ​ឧសភា​ថា ​ដំណាក់​កាល​ទី​១ នៃ​ដំណើរការ​សាងសង់ និង​ការ​ត្រួត​ពិនិត្យ​ផ្នែក​បច្ចេក​ទេស​​​ផ្សេង​ៗ​ក្នុង​​គម្រោង​សាងសង់​​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ បាន​ឈាន​ដល់​​ដំណាក់​កាល​ចុង​ក្រោយ​ដែល​អាច​នឹង​ត្រូវ​បញ្ចប់​រួច​រាល់​​ក្នុង​ពេល​ឆាប់​ៗ។ ជា​រួម​​​​​គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ គឺ​អ្វីៗសម្រេច​បាន​ប្រមាណ ​៩៦ភាគរយ​។ បើគ្មានអ្វីប្រែប្រួលទេ អាកាសយានដ្ឋាន​អន្តរជាតិ​តេជោនឹងបើកដាក់ឱ្យដំណើរការអាជីវកម្ម​(មិនទាន់​បើក​សម្ពោធជាផ្លូវការ) នៅក្នុង​សប្តាហ៍​ទី​២ នៃ​​ខែកក្កដា ខាង​មុខ ដើម្បី​ទទួល​ស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោក​បាន​បន្ថែម​ថា កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ ក៏​បាន​ដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង និងសម្របសម្រួលដោះស្រាយការងាររៀបចំប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ​ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស​នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏ដូចជាថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការដឹកនាំ គ្រប់គ្រង និងសម្របសម្រួលដោះស្រាយការងាររៀបចំប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិតេជោ និងមន្ត្រីបច្ចេកទេសបុគ្គលិកពាក់ព័ន្ធ​ជាច្រើនរូប។ កិច្ច​ប្រជុំ​នេះ គឺ​ដើម្បី​ពិនិត្យ​លើ​វឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ និង​ការពិនិត្យបញ្ហាបច្ចេកទេសសំខាន់ៗមួយចំនួន ដើម្បីឈានទៅការបើកដំណើរការប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ។


លោក​បាន​ថ្លែង​ថា៖​«បើគ្មាន​អ្វីប្រែប្រួល អាកាសយានដ្ឋាន​​អន្តរជាតិតេជោនេះ នឹងដាក់ឱ្យដំណើរការនៅថ្ងៃទី​១០ ខែកក្កដា ឆ្នាំ ២០២៥។ ដំណើរការសាងសង់​​បាន​ឈាន​ដល់​​ដំណាក់ការត្រួតពិនិត្យចុងក្រោយ ពោលគឺគណៈកម្មការត្រូវ​ដឹកនាំ ពិនិត្យ វាយតម្លៃទៅលើភាពរួចរាល់នៃលក្ខខណ្ឌផ្ដល់វិញ្ញា​បនបត្រ និងលក្ខខណ្ឌបើកប្រតិបត្តិការ ថាតើជា​គោលការណ៍​កំណត់យកថ្ងៃទី ១០ ខែកក្កដា អាចសម្រេចបានទៅរលូន ឬយ៉ាងណា?»។

លោកបានបន្ថែមថា៖«​វឌ្ឍនភាពនៃការសាងសង់ស្ទើតែរួចរាល់​ទាំង​ស្រុង​ទៅ​ហើយ​ ប៉ុន្តែអ្វីដែលយើងនៅបន្តពិនិត្យតាមដាន គឺបញ្ហាពាក់ព័ន្ធទៅនឹងកិច្ចដំណើរការស្របទៅតាមភាពអនុលោមនៃលក្ខខណ្ឌបច្ចេកទេសក្នុងការផ្ដល់វិញ្ញាបនបត្រ និងលក្ខខណ្ឌ​បច្ចេកទេសនៃការដាក់ឱ្យប្រតិបត្តិការ»។

លោក ​ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន (CAIC) ​ធ្លាប់​បាននិយាយ​ថា នៅពេល​អាកាស​យានដ្ឋានអន្តរជាតិតេជោ​​ចាប់ផ្ដើមដំណើរការ​ គឺ​រាល់​ប្រតិបត្តិការ​នៅ​​អាកាស​យាន​ដ្ឋានអន្តរជាតិភ្នំពេញ​នឹង​ត្រូវ​ប្តូរ​​ទៅ​កាន់​​អាកាសយានដ្ឋានថ្មីទាំងអស់ ហើយ​ទីតាំង​​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​​នឹង​ត្រូវ​បិទដំណើរការ​។

ប្រធាន​សមាគម​ពាណិជ្ជករ​ដឹក​ជញ្ជូន និង​ខ្សែច្រវាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា លោក ជា ចាន់ដារ៉ា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អាកាសយានដ្ឋាន​អន្តរជាតិតេជោ នឹង​ចូល​រួម​ចំណែក​ជួយ​បង្កើន​​​បរិយាកាសងាយ​ស្រួល និង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ ព្រម​ទាំង​អ្នក​វិនិយោគ​បរទេស​ឱ្យ​ចូល​មក​កម្ពុជា​កាន់​តែ​ច្រើន​។ អាកាសយាន​ដ្ឋាន​ថ្មី ប្រាកដ​ជា​អាច​ទាក់​ទាញ​ចរន្ត​នៃ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​កើន​ឡើង​ ហើយ​ចំនួន​យន្តហោះធំៗ​នឹង​ចុះ​ចត​កាន់​តែ​ច្រើន​ជាង​មុន។ នៅ​ពេល​ការ​ដឹក​ជញ្ជូន​មាន​កាន់​តែ​ច្រើន តម្លៃ​ដឹក​ជញ្ជូន​ក៏​នឹង​ចុះ​ទាប​ជា​មុន​ដែរ។

លោក​លើក​ឡើង​ថា៖​«​ការ​ហោះហើរ​ត្រង់​ពី​គោលដៅ​ប្រទេស​ឆា្ងយៗ​ដែល​ប្រើ​ប្រាស់​យន្តហោះ​ធំៗ​មក​កម្ពុជា​នឹង​មាន​ចំនួន​កាន់​តែ​ច្រើន ហើយ​វិស័យ​ដឹកជញ្ជូន​ទំនិញ និង​មនុស្ស​នឹង​មាន​កាន់​តែ​ច្រើន»​។

របាយការណ៍​​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍ស៊ីវិល​កម្ពុជា ​ឱ្យ​ដឹង​ថា ​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង ៣ នៅ​​​កម្ពុជា(អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សៀមរាប និង​​​​ខេត្តព្រះសីហនុ) កាល​ពី​​ឆ្នាំ ២០២៤ បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ដោយ​ទទួល​បាន​​​ជើងហោះហើរចេញ-ចូល(ទ្វេទិស) សរុប ៥៨ ៣៥៤ កើន​ឡើង ១៤ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ​២០២៣ និង​​អ្នក​ដំណើរ​ឆ្លងកាត់ចេញ-ចូល(ទ្វេទិស) មាន​ចំនួន ៦ ២៤១ ៨៤២ នាក់ កើន​ឡើង​ ២២ ភាគរយ​។ ចំណែក​ទំនិញ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ចេញ-ចូល(ទ្វេទិស) មាន​ចំនួន​ ៧៧ ៧៥២​តោន កើន​ឡើង ៤០ ភាគរយ​៕​