ពោធិ៍សាត់ៈ ដើមឈើចម្រុះប្រមាណជា១២ម៉ឺនដើមត្រូវបានចាប់ផ្តើមដាំ នៅតំបន់អន្ទង់អាំង ឬភ្នំ១៥០០ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ នៅលើផ្ទៃដីជាង២០០ហិកតា ក្នុងស្រុកវាលវែង ដើម្បីស្តារបរិស្ថានធម្មជាតិបៃតងឡើងវិញ ក្រោយពីការរុះរើលំនៅដ្ឋានរបស់អ្នកដែលជំទាស់មិនព្រមចាកចេញ ត្រូវបានបញ្ចប់។

ការដាំឡើងវិញនេះ គឺជាដំណាក់កាលទី២ ក្រោមកិច្ចសហការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីក្រុមហ៊ុន Renaissance Minerals (Cambodia) Limited។ ដំណាក់កាលទី១ ដើមឈើចំនួន៥ម៉ឺនដើម ត្រូវបានដាំ កាលពី ខែសីហា ឆ្នាំ២០២៤កន្លងទៅ នៅលើផ្ទៃដី៤៥ហិកតា។

អភិបាលខេត្តពោធិ៍សាត់ លោកខួយ រីដាមានប្រសាសន៍ថា៖«ឥលូវនេះយើងចាប់ផ្តើមដាំហើយ។ កន្លែងហ្នឹងគឺត្រូវកែប្រែមុខមាត់ឡើងវិញទាំងអស់ ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្អ សម្រាប់ខេត្តពោធិ៍សាត់ និងស​ម្រាប់ពលរដ្ឋទូទាំងប្រទេសទាំងមូល»។


លោកបានលើកឡើងថា គម្រោងដាំនេះ គឺធ្វើឡើងមានរបៀបរៀបរយ តាមជួរ តាមបន្ទាត់ត្រឹម ដែលមិនមែនចេះតែនឹកឃើញដាំឱ្យរួចតែពីដៃនោះទេ។ បើមិនដូច្នេះទេ នោះគ្រាន់តែជានិមិត្តរូប នៃការដាំដើមឈើប៉ុណ្ណោះទេ។


ក្រៅពីនោះ ក៏មានការគិតគូរពីការជ្រើសប្រភេទដើមឈើ ដែលត្រូវយកទៅដាំលម្អផ្លូវនោះថែមទៀតផងដែរ។ ក្នុងនោះ នៅជួរទី១ តម្រូវឱ្យដាំ ដើមក្ងោក ត្របែកព្រៃ បូរព្រឹក និងលឿងរាជ ដែលមានគម្លាតពីផ្លូវកៅស៊ូ១០ម៉ែត្រ។

ការដាំគម្លាតពីផ្លូវចម្ងាយ១០ម៉ែត្រនេះ គឺដើម្បី ចៀសវាងប៉ះពាល់ដល់ដើមឈើទាំងនេះ ក្នុងពេលអនាគត នៅពេលដែលមានការជួសជុលផ្លូវ ហើយនៅចំណុចភ្នំដែលត្រងោលៗ ក៏ត្រូវដាំឡើងវិញទាំងអស់ផងដែរ។

ប្រជាពលរដ្ឋប្រមាណជា ៩៨​គ្រួសារ បានចូលទៅ​រស់នៅ​តំបន់​អន្ទង់អាំងដោយខុសច្បាប់។ ក្នុងនោះពលរដ្ឋភាគច្រើនបានយល់ព្រមចាកចេញទៅកាន់ទីតាំងថ្មី តាមការដោះស្រាយគោលនយោយបាយរបស់អាជ្ញាធរ។ ប្រជាពលរដ្ឋប្រមាណជា១៩គ្រួសារ ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែងបានជំទាស់មិនព្រមចាកចេញ។ អាជ្ញាធរបានចាប់ផ្តើមរុះរើលំនៅដ្ឋានទាំងនោះ កាលពី ថ្ងៃទី១៨ ខែមីនា កន្លងមក ក្រោយពីផុតឱសានវាទ។

លោកអភិបាលខេត្តបានឱ្យដឹងថា ការរុះរើបានបញ្ចប់ ហើយ អាជ្ញាធរក៏បានជួយដឹកទ្រព្យសម្បត្តិរបស់ពលរដ្ឋ និងជួយផ្តល់សម្ភារសំណង់ផងដែរ។

លោកអះអាងថា៖«ខ្វះអីយើង ជួយហ្នឹង។ ខ្វះខ្សាច់ ថ្ម ស័ង្កសី ឥដ្ឋ គឺយកទៅដាក់ឱ្យ។ យើងកំពុងតែសិក្សាថា ការរុះរើខូចស័ង្កសីអីប៉ុន្មាន ទំហំផ្ទះប៉ុន្មាន ខ្ញុំទិញសង្កសីយកទៅជួយគាត់ទាំងអស់។ ជួយស្បៀងរយៈពេល១ឆ្នាំទៀត។ និយាយទៅគ្រប់ជ្រុងជ្រោយសម្រាប់គាត់ ដែលលើកពីទីតាំងចាស់ មកទីតាំងថ្មី»។

ទីតាំង​ថ្មី ដែលត្រូវបានរៀបចំសម្រាប់ពលរដ្ឋ​ចាក​ចេញ​ពី​តំបន់​អន្ទង់​អាំងនោះ មាន​ទំហំ​ជាង១៥០​ហិកតា ដែល ស្ថិត​នៅ​ជិត​ទី​ប្រជុំជន ទីរួម​ស្រុក​វាលវែង។ អាជ្ញាធរបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវចាក់កៅស៊ូ អគ្គិសនី និងទឹក ជាដើមជូនពលរដ្ឋផងដែរ។

លោកអភិបាលខេត្តមានប្រសាសន៍ថា៖«កន្លែងថ្មីនេះរៀបចំឱ្យទៅជាទីប្រជុំជន មិនឱ្យគាត់ខកចិត្តទេ កិច្ចការងារទាំងអស់នេះ។ ដំបូងរាងអន្តរកាលបន្តិចហើយ តែបន្តិចទៀតទៅ កន្លែងហ្នឹង [ទីតាំងថ្មី]កាន់តែមានតម្លៃមែនទែន ព្រោះខ្ញុំរៀបនេះ នៅជិតទីប្រជុំជនស្រុក។ កុំឱ្យយើងយកគាត់ទៅដាក់ម៉ាមេឃ ម៉ាដីពិបាកទាំងមករៀន មកអី»៕