
ឈើជន្លង់ម្រេច ដែលមន្រ្តីបរិស្ថានរកឃើញ និងរឹបអូសកាលពីពេលថ្មីៗនេះ បន្ទាប់ពីត្រូវបាន កាប់ចេញពីក្នុងតំបន់ការពារធម្មជាតិ ដោយខុសច្បាប់។ រូបថត ក្រសួងបរិស្ថាន
មណ្ឌលគិរីៈ ឈើជន្លង់ម្រេចប្រមាណជា៤ពាន់ដើម ដែលជាប្រភេទឈើលេខ១ ក្នុងចំណោមឈើរាប់ម៉ឺនដើមត្រូវបានកម្លាំងចម្រុះខេត្តមណ្ឌលគិរី ធ្វើការរឹបអូស ក្នុងរយៈពេល៤ថ្ងៃនៃចុងខែមេសាកន្លងមក ក្រោយពីត្រូវបានកាប់ចេញពីក្នុងតំបន់ការពារធម្មជាតិ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យាបានឱ្យដឹងថា ចាប់តាំងពី ថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ មន្រ្តីអនុវត្តច្បាប់ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងមន្ត្រីការិយាល័យ នៃដែនជម្រកសត្វព្រៃស្រែពក-ណាមលៀ បានចុះបង្រ្កាប និងទប់ស្កាត់បទល្មើស ដឹកជញ្ជូនផល និងអនុផលធនធានធម្មជាតិ ដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តផ្ទុយនឹងច្បាប់ជាធរមាន។ ការបង្រ្កាបនេះធ្វើឡើងក្រោមកិច្ចសហការជាមួយ គណៈបញ្ជាការឯកភាព ស្រុកពេជ្រាដា ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី និងកងយោធពលខេមរភូមិន្ទ នៃបញ្ជាការដ្ឋានអនុសេនាធំលេខ១(ដេអេ)។
ជាលទ្ធផល កម្លាំងចម្រុះបានបង្រ្កាបករណីដឹកជញ្ជូនឈើអារ ពីដែនជម្រកសត្វព្រៃស្រែពក-ណាមលៀ ចំនួន៥កន្លែងផ្សេងគ្នាៗ។ ក្នុងនោះរួមមាន នៅក្នុងភូមិពូទឺត និងភូមិពូក្រូច ឃុំស្រែអំបួម, ភូមិ ប៊ូស្រា ឃុំប៊ូស្រា និងភូមិស្រែពូរ៉ាប៉ែត ឃុំក្រង់តេះ ស្រុកពេជ្រាដា។
លោកអាទិត្យាបានបញ្ជាក់នៅថ្ងៃចន្ទ ទី៥ ខែឧសភានេះថា៖«ក្នុងនោះ កម្លាំងសមត្ថកិច្ចបង្ក្រាបបានគោយន្តកែច្នៃ ចំនួន ១គ្រឿង រណាយន្តចំនួន ៣គ្រឿង ជន្លង់ម្រេចប្រមាណ ៤ ០០០ ជន្លង់។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច ក៏បានរកឃើញជន្លង់ម្រេច ចំនួនរាប់ម៉ឹនដើម ដែលបានទើបកាប់ និងដឹកជញ្ជូនថ្មីៗ ចេញពីព្រៃក្នុងតំបន់ការពារធម្មជាតិ នៅក្នុងដីអ្នកដាំម្រេចផងដែរ»។
ក្នុងចំណោមនោះ ក៏មានឈើជន្លង់ម្រេចរបស់ម្ចាស់ចំការម្រេចម្នាក់ឈ្មោះសឿន នឿន នៅក្នុងភូមិប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រាដាផងដែរ។ ការបង្រ្កាបនេះ ក៏បង្កឱ្យមានការរិះគន់ ជាពិសេសនៅតាមបណ្តាញសង្គមផងដែរ។

ទោះយ៉ាងណា លោកអាទិត្យា បានបំភ្លឺថា ឈើជង្លង់ម្រេច ដែលសមត្ថកិច្ចរឹបអូសនោះ ជាឈើផ្ចឹក ដែលជាប្រភេទលេខ១ ហើយត្រូវបានកាប់ និងដឹកចេញពីព្រៃ នៃដែនជម្រកសត្វព្រៃស្រែពក-ណាមលៀ។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានថ្លែងដូច្នេះថា៖«សមត្ថកិច្ចចម្រុះ បានចុះបង្ក្រាប និងទប់ស្កាត់បទល្មើសដឹកជញ្ជូន ប្រមូលធ្វើសន្និធិ ឬប្រមូលសន្និធិ ផល និងអនុផលធនធានធម្មជាតិ ដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តផ្ទុយពីក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា៨៥០ ដែលបានកំណត់ ត្រូវផ្តន្ទាទោសអ្នកប្រព្រឹត្ត ដាក់ពន្ធធានាគាពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០០ ដល់៥០០លានរៀល»។
សមត្ថកិច្ចក្រសួងបរិស្ថាន បានសហការជាមួយគណៈបញ្ជាការកងឯកភាពខេត្តមណ្ឌលគិរី ស្រាវជ្រាវយ៉ាងដិតដល់ ចំពោះបទល្មើសធនធានធម្មជាតិ និងបានធ្វើការបដិសេធចំពោះការលើកឡើង របស់បណ្តាញផ្សព្វផ្សាយមួយចំនួន ដែលស្រង់សំដី ពីឈ្មោះ សឿន នឿន។ ក្រសួងបានចាត់ទុកថា ការលើកឡើងទាំងនោះ គឺ មិនបានឆ្លុះបញ្ជាំងពីការពិតជាក់ស្តែង ហើយបានធ្វើឱ្យសាធារណជន មានការភាន់ច្រឡំ ចំពោះសមត្ថកិច្ចចម្រុះ នៃគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី ដែលខិតខំបំពេញតួនាទី និងភារកិច្ចដោយការទទួលខុសត្រូវ អនុវត្តវិធានការច្បាប់ នាពេលកន្លងមក។
ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពខេត្ត នឹងបន្តនីតិវិធីច្បាប់ ចំពោះបុគ្គល ដែលបានបកស្រាយខុសពីការពិត នាំឱ្យសាធារណជនមានការភាន់ច្រឡំ ចំពោះការអនុវត្តវិធានការច្បាប់របស់សមត្ថកិច្ចចម្រុះ។

លើសពីនេះ ក្រសួងក៏បានណែនាំឱ្យអ្នកពាក់ព័ន្ធបញ្ឈប់ការប្រមូលទិញឈើ យកមកធ្វើជាជន្លង់ម្រេច ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវតាមច្បាប់។ ក្រុមការងារចម្រុះ កំពុងបន្តស្រាវជ្រាវ រុករក ទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិបន្ថែមទៀត។
កាលពីថ្ងៃទី២ ខែឧសភានេះ រដ្ឋបាលស្រុកពេជ្រាដា ក៏បានបដិសេធផងដែរ ទាក់ទងទៅនឹងការចោទប្រកាន់ពីការទទួលយកប្រាក់ពីក្រុមអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ នៅ តំបន់អទ្រូង ភូមិពូជ្រៃចុងផាង ឃុំពូជ្រៃ នាពេលថ្មីៗនេះ ក្រោយពីមានសកម្មភាពក្រុមឈ្មួញអារឈើក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចរួចមក។
រដ្ឋបាលស្រុកបានលើកឡើងថា ករណីដែលមានក្រុមឈ្មួញអារឈើក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច កន្លងទៅ កម្លាំងគណៈ បញ្ជាការឯកភាពស្រុក បានធ្វើការទប់ស្កាត់ និងចុះបង្ក្រាបជារឿយៗ។ ជាក់ស្តែងកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៥ កម្លាំងគណៈបញ្ជាការឯកភាពស្រុក និងមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងកែរពៅ អូរខើញ ចុះល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងតំបន់ប្រតិបត្តិការត្រង់ចំណុច ជើងភ្នំ គងលង ក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច ឃុំពូជ្រៃ។ ក្នុងនោះ ពួកគេបានប្រទះឃើញជនសង្ស័យចំនួន៤នាក់ កំពុងធ្វើសកម្មភាពអារជ្រៀកឈើ លេខ១ ប្រភេទស្រឡៅ ហើយបាន ចាត់ការតាមនីតិវិធីច្បាប់៕
