
ហេង ម៉ាលីតា មានបទពិសោធការងារលើយន្ដហោះជាមួយក្រុមហ៊ុនចំនួនពីរ និងបានក្លាយទេពធិតាសង្ក្រាន្ដ។ រូបថត សហការី
ភ្នំពេញ៖ ហេង ម៉ាលីតា ឬ ហេង រិនសុម៉ាលីតា ជាកូនខ្មែរមួយរូបបានចាប់យកតួនាទីជាបុគ្គលិកលើយន្តហោះលំដាប់ផ្កាយប្រាំ ថែមទាំងមានអាជីពជាតារាភាពយន្ត អ្នករាំ អ្នកចម្រៀង ទេពធិតាសង្ក្រាន្ដ និងម៉ូដែលផលិតផលផងដែរ។
ដោយមានចំណង់ចំណូលចិត្តទាំងសិល្បៈសម្ដែង និងការហោះហើរ ធ្វើឱ្យអ្នកនាងមានតុល្យភាពក្នុងអាជីពជាច្រើនមុខ។
ថ្មីៗនេះ ម៉ាលីតា បានប្រឡងជាប់នៅក្រុមហ៊ុនអាកាសចរណ៍លំដាប់ថ្នាក់ពិភពលោក ហើយកំពុងត្រៀមខ្លួនចូលរួមជាមួយក្រុមហ៊ុនអាកាសចរណ៍ Emirates ជាជោគជ័យដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន។
ម៉ាលីតា បាននិយាយថា៖ «ខ្ញុំចូលបម្រើការងារជា Cabin Crew តាំងពីឆ្នាំ២០១៨ គឺមុនពេលខ្ញុំប្រឡងជាប់ធិតាឯកសង្ក្រាន្ដទៅទៀត។ ពេលខ្ញុំទទួលការងារសិល្បៈអី វាស្រ័យលើ schedule ការងារជាអូតេស បើវាជាន់ការងារគោលនេះ ខ្ញុំមិនអាចទទួលការងារសិល្បៈទេ។ ប៉ុន្ដែជាទូទៅ ផលិតករថតកុន តែងតែសម្របសម្រួលទៅតាមការងារខ្ញុំដែរ»។
យ៉ាងណាមិញ អំឡុងពេលត្រៀមខ្លួនបោះជំហានទៅកាន់យន្ដហោះខ្នាតពិភពលោក អ្នកនាង ម៉ាលីតា បានសម្រេចផ្អាកពីវិស័យសិល្បៈ ដោយសារតួនាទីថ្មីនេះអាចត្រូវហោះហើរឆ្ងាយ និងត្រូវសម្រាកនៅតាមគោលដៅនីមួយៗ។
ការចាប់យកអាជីពគោលជាក់ស្ដែង វាប្រែផ្ទុយស្រឡះពីក្ដីស្រមៃពីកុមារភាព ដែល ម៉ាលីតា មានដុង និងយកលំនាំតាមម្ដាយជាអ្នកសិល្បៈ ដោយសារកុមារីរូបនេះចូលចិត្ដសប្បាយ រាំ និងការសម្ដែងតាំងពីតូច។

ហេង ម៉ាលីតា ត្រៀមខ្លួនចូលបម្រើការងារនៅលើយន្ដហោះលំដាប់ផ្កាយប្រាំ។ រូបថត សហការី
បុគ្គលិកបម្រើការលើយន្ដហោះរូបនេះ បានឱ្យដឹងថា៖ «ម៉ាក់ខ្ញុំផ្ទាល់គាត់ជាអ្នករបាំ។ វាធ្វើឱ្យចង់ក្លាយជាអ្នកសិល្បៈដែរ ប៉ុន្ដែពេលធំឡើង ខ្ញុំអត់បានទៅរៀនរបាំដូចម៉ាក់ទេ ខ្ញុំក៏ស្រឡាញ់សិល្បៈខាងច្រៀង និងរាំ ខ្ញុំបានទៅដាក់ពាក្យនៅធិតាឯកសង្ក្រាន្ដ ហើយប្រឡងជាប់ ដោយចាប់ផ្ដើមហ្វឹកហាត់ច្រៀង រាំ និងសម្ដែង»។
ដោយសារការងារសិល្បៈជាក្ដីស្រឡាញ់ វាមិនបង្កជាការលំបាករបស់ធិតាឯកសង្ក្រាន្ដរូបនេះទេ។ ជាមួយការសម្ដែងបែបល្ខោនភាគស្ដីពីជីវិតនៅប្លេតហ្វមកម្សាន្ដលើកម្មវិធីឌីជីថល និងបន្ដទៅសម្ដែងក្នុងល្ខោនភាគទូរទស្សន៍។
ជាមួយសម្រស់ និងជំនាញផ្នែកទំនាក់ទំនង ក៏ដូចជាការងារជាក្រុម បានជួយ ម៉ាលីតា សម្រួចសមត្ថភាពជា Cabin Crew ដែលត្រូវមានការប្រាស្រ័យទាក់ទងអន្ដរជាតិសាសន៍។
អ្នកនាងបានឱ្យដឹងថា៖ «ខ្ញុំតែងតែចូលចិត្ដធ្វើការងារជាក្រុមច្រើន។ ខ្ញុំមានបទពិសោធផ្នែកនេះស្រាប់ ខ្ញុំមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន។ ការងារពីរនេះខុសគ្នាត្រង់មួយយើងសម្ដែងបែបជាសិល្បៈ ហើយការងារមួយទៀត យើងត្រូវបម្រើភ្ញៀវផ្ទាល់»។
ចំពោះការចូលរួមជាមួយអាកាសចរណ៍ Emirates ម៉ាលីតា បានឱ្យដឹងថា វាអាចជាការធ្វើតេស្ដលំបាក និងមិនលំបាក។ ប៉ុន្ដែអ្នកនាងនិយាយថា ចំពោះអ្នកមិនមានបទពិសោធលើវិស័យនេះ ពួកគេប្រាកដជាលំបាក។
ម៉ាលីតា បានប្រាប់ភ្នំពេញប៉ុស្ដិ៍អំពីអារម្មណ៍ផ្ទាល់ខ្លួនថា៖ «ខ្ញុំពិតជាស្រឡាញ់ការងារនេះ ហើយខ្ញុំនៅមានអារម្មណ៍រាងភ័យ ដោយសារខ្ញុំអត់ដែលធ្វើការនៅលើយន្ដហោះធំ ខ្នាតអន្ដរជាតិលំដាប់ផ្កាយប្រាំទេ។ កន្លងមក ខ្ញុំហោះទៅកាន់ប្រទេសផ្សេងៗ តែមិនបាន lay over នៅទីនោះ គឺហោះត្រឡប់មកវិញ»។
អ្នកនាងបានបន្ដថា៖ «ពេលខ្ញុំទៅធ្វើការលើយន្ដហោះអន្ដរជាតិលំដាប់ផ្កាយប្រាំ ខ្ញុំគិតថា វាអាចនឹងពិបាក ដោយសារយើងត្រូវជាប់ភ្ញៀវច្រើន ការហ្វឹកហាត់រាងពិបាកជាងមុន និងអ្នកធ្វើការជាមួយគ្នាប្លែកមុខរាល់ថ្ងៃចម្រុះជាតិសាសន៍»។
ជាមួយការសម្ភាសបុគ្គលិកបម្រើការងារនៅ Emirates ម៉ាលីតា បានឱ្យដឹងថា មួយវគ្គនេះជាប់បុគ្គលិកខ្មែរ ៤នាក់ ស្រី ៣ នាក់ និងបុរសម្នាក់។
ថ្វីដ្បិតតែមានបុគ្គលិកជាខ្មែរ ៤នាក់យ៉ាងណាក៏ដោយ ក៏ការហ្វឹកហាត់ពួកគេមិនត្រូវបានរៀបចំឱ្យនៅជុំគ្នានោះទេ ដោយក្រុមហ៊ុនមានគោលបំណងឱ្យពួកគេបានស្គាល់បុគ្គលិកជាជនជាតិដទៃទៀត។
ម៉ាលីតា មើលឃើញការចូលបម្រើការងារនៅលើយន្ដខ្នាតយក្សនេះ គឺជាជោគជ័យមួយសម្រាប់ខ្លួនឯង និងប្រទេសជាតិផងដែរ ដោយជាក់ស្ដែង នៅ Emirates មិនទាន់មានបុគ្គលិកខ្មែរនោះទេ។
អ្នកនាងបាននិយាយថា៖ «ពេលគេបានឮថា យើងជាខ្មែរ យើងបានធ្វើការនៅលើយន្ដហោះលំដាប់ពិភពលោក យើងមិនអន់នោះទេ»។
ក្រៅពីបទពិសោធផ្ទាល់ ម៉ាលីតា បានលើកឡើងនូវអ្វីដែលខ្លួនឯងបានដឹងថា នៅ Emirates ផ្ដោតលើភាសាអង់គ្លេសខ្លាំងបំផុត និងការផ្ដល់សេវាកម្ម (customer service)។
អ្នកនាង បានបញ្ជាក់ថា យុវតីខ្មែរដែលមានក្ដីស្រមៃខ្ពស់ ត្រូវមានជំនឿចិត្ដ មានសេចក្ដីទុកចិត្ដចំពោះខ្លួនឯង ដោយមិនទម្លាក់តម្លៃខ្លួនឯង និងព្យាយាមបន្ដ ទោះជាប់បរាជ័យ។
ម៉ាលីតា បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ខ្ញុំមានក្ដីស្រមៃតាំងពីតូចទាំងផ្នែកសិល្បៈ និងធ្វើការលើយន្ដហោះ។ ប៉ុន្ដែខ្ញុំមិននឹកស្មានថាអាចបានធ្វើលើយន្ដហោះលំដាប់ផ្កាយប្រាំនេះទេ»។
ឱកាសក្លាយជាបុគ្គលិកលើយន្ដហោះលំដាប់ផ្កាយប្រាំបានមកដល់សម្រាប់ប្រជាជនកម្ពុជា ដោយបេក្ខជនឆ្នើម នឹងត្រូវបានអញ្ជើញឱ្យចូលរួមថ្ងៃជ្រើសរើសបុគ្គលិក នៅថ្ងៃទី ៧ ខែឧសភា។
បេក្ខជនមៗ គឺជាបេក្ខជននឹងត្រូវធ្វើការដឹកនាំដោយទំនុកចិត្ត និងកាន់ការងារទាក់ទងជាមួយការគ្រប់គ្រងសេវាកម្មលើយន្តហោះ ប្រកបដោយសុវត្ថិភាព និងនីតិវិធីសុវត្ថិភាព។

សម្រាប់ប្រជាជនកម្ពុជាដែលចង់តំណាងប្រទេសរបស់ខ្លួននៅលើឆាកអន្តរជាតិ នេះអាចជាអាជីពមួយជីវិត៕ រូបថត សហការី
យោងតាម Emirates បានឱ្យដឹងថា៖ «ក្នុងនាមជាផ្នែកសំខាន់នៃគ្រួសារ Emirates សមាជិកនាវិកកាប៊ីននឹងធ្វើការជាមួយក្រុមអន្តរជាតិ ដោយបម្រើអ្នកដំណើរលើយន្តហោះដ៏ទំនើបរបស់ក្រុមហ៊ុនអាកាសចរណ៍ រួមទាំងយន្តហោះ Boeing 777 និងយន្តហោះ Airbus A380 ដ៏ល្បីល្បាញ»។
បេក្ខជនទទួលឱកាសការងារដ៏ល្អប្រសើរ ជាមួយនឹងកន្លែងបណ្តុះបណ្តាលដ៏ល្អ និងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពដ៏ទូលំទូលាយសម្រាប់បុគ្គលិករបស់ខ្លួន។
អ្នកបម្រើការលើយន្តហោះមានមូលដ្ឋាននៅទីក្រុងឌូបៃ និងទទួលបានអត្ថប្រយោជន៍ការងារដ៏ល្អ ដូចជា ប្រាក់ខែដែលមិនកាត់ពន្ធ កន្លែងស្នាក់នៅឥតគិតថ្លៃដែលផ្តល់ដោយក្រុមហ៊ុន ការដឹកជញ្ជូនដោយឥតគិតថ្លៃទៅនិងមកពីកន្លែងធ្វើការ កញ្ចប់សេវាធានារ៉ាប់រងសុខភាពដ៏ល្អ ក៏ដូចជាការបញ្ចុះតម្លៃពិសេសលើទំនិញ និងសកម្មភាពកម្សាន្តជាច្រើននៅទីក្រុងឌូបៃ។
ការហោះហើរជាសកលកំពុងរីកចម្រើន ផ្តល់នូវឱកាសធ្វើដំណើរជាច្រើនដែលមាននៅតាមបណ្តាញរបស់ក្រុមហ៊ុននៅទូទាំងទ្វីបទាំងប្រាំមួយ។
ការជំរុញជ្រើសរើសបុគ្គលិកមិនមែនគ្រាន់តែជាឱកាសការងារប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដើម្បីក្លាយជាផ្នែកមួយនៃក្រុមពិភពលោកដែលតំណាងឱ្យ ១៤៨ សញ្ជាតិ។
សម្រាប់ប្រជាជនកម្ពុជាដែលចង់តំណាងប្រទេសរបស់ខ្លួននៅលើឆាកអន្តរជាតិ នេះអាចជាអាជីពមួយជីវិត៕