
ក្រុមកាងារក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការបង្ហូរទឹកកខ្វក់ចូលប្រភពទឹកសាធារណៈ របស់រោងចក្រ សហគ្រាសមួយចំនួននាពេលកន្លងមក។ រូបថត ក្រសួងបរិស្ថាន
ភ្នំពេញៈ ប្រមុខរដ្ឋាភិបាលបានបញ្ហាឱ្យផ្អាកដំណើរការរោងចក្រ សហគ្រាសណា ដែលមិនមានប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ហើយបង្កឱ្យប៉ះពាល់ដល់ប្រភពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមបណ្តាខេត្ត ដែលជាប់ទន្លេ និងសមុទ្រ។
ការចេញបទបញ្ជានេះ ធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ ដែលមានតម្លៃកិច្ច សន្យាសរុបប្រមាណជាង ៩០លានដុល្លារអាម៉េរិក ក្នុងក្រុងតាខ្មៅ នាព្រឹកថ្ងៃអង្គារ ទី៦ ខែឧសភានេះ។
លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែតបានលើឡើងថា ការរៀបចំប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នេះ គឺជារឿងសំខាន់ នៅតាមរាជធានីខេត្ត ព្រោះថារោងចក្រ សហគ្រាសមួយចំនួនផលិតវត្ថុធាតុដើម មានសារធាតុគីមីខ្ពស់ ឬបង្ហូរទឹកកខ្វក់ចូលប្រភពទឹកសាធារណៈ ដែលទាមទារនូវ ក្របខណ្ឌបរិស្ថាន ឱ្យបានត្រឹមត្រូវ។
ប្រមុខរដ្ឋាភិបាលមានប្រសាសន៍ថា៖«អត់មានទុកឱ្យគាត់ថាមួយឆ្នាំ ឬប៉ុន្មានខែដើម្បីបង្ហូរទេ។ នៅតែបង្ហូរ ត្រូវផ្អាកដំណើរការរហូតទៅដល់ការដោះស្រាយ។ ដោះស្រាយហើយបានបើកឡើងវិញ បើមិនអ៊ីចឹងទេ ប៉ុន្មានខែ ដែលកំពុងតែសាងសង់ហ្នឹងគឺ មានបញ្ហា»។

ក្រុមកាងារក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការបង្ហូរទឹកកខ្វក់ចូលប្រភពទឹកសាធារណៈ របស់រោងចក្រ សហគ្រាសមួយចំនួននាពេលកន្លងមក។ រូបថត ក្រសួងបរិស្ថាន
លោកនាយករដ្ឋមន្រ្តីបន្តដូច្នេះថា៖«ព្រោះមុននឹងដំណើរការ ត្រូវធ្វើអាហ្នឹងឱ្យហើយ មិនមែនធ្វើហើយចាប់បាន បានសុំពេលដើម្បីធ្វើនោះទេ។ មុននឹងធ្វើត្រូវធ្វើឱ្យហើយ ប៉ុន្តែកន្លែងខ្លះ ពាក់ព័ន្ធនឹងពលរដ្ឋ ត្រូវផ្អាក ហើយដាក់កំណត់ ឆែកឱ្យច្បាស់លាស់។ ធ្វើហើយបង្ហូរចូលទឹកប្រើប្រាស់រួម មានបញ្ហា»។
លោកក៏បានលើកឡើងពីការបំពុលទឹកកខ្វក់របស់រោងចក្រ សហគ្រាសមួយចំនួនចូលស្ទឹងសង្កែ ក្នុងខេត្តបាត់ដំបង និងចូលសមុទ្រ ក្នុងខេត្តព្រះសីហនុផងដែរ។ លោកនាយករដ្ឋមន្រ្តីបានណែនាំឱ្យ មន្ទីរបរិស្ថាន មន្ទីរជំនាញពាក់ព័ន្ធ និងរដ្ឋបាលរាជធានីខេត្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការអនុវត្តកិច្ចការងារនេះ ដោយចុះត្រួតពិនិត្យឱ្យបានទៀងទាត់ និងច្បាស់លាស់។
លោកបានណែនាំថា៖«កិច្ចការងារនេះសុំឱ្យយកចិត្តទុកដាក់ឱ្យបានល្អ ជាពិសេសនៅតាមបណ្តាខេត្ត ដែលជាប់ទន្លេ និងសមុទ្រ។ ធ្វើយ៉ាងណា រោងចក្រសហគ្រាស ដែលនៅជិតទីតាំងនោះ ហើយត្រូវបង្ហូរទឹកចូល ត្រូវធ្វើយ៉ាងម៉េចឱ្យ ទឹកនេះត្រូវឆ្លងកាត់ការ ធ្វើប្រតិកម្មឱ្យបានស្អាត។ ត្រូវឆែកជាប្រចាំ ដោយមិនត្រូវមានការយោគយល់នោះទេ»។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត កាលពីខែមីនាកន្លងមក បានឱ្យដឹងថា រោងចក្រជាង១០០នៅកម្ពុជា គឺសុទ្ធតែមានលទ្ធភាពបញ្ចេញសារធាតុពុល។ ក្នុងនោះ ក្រសួងបានរកឃើញរោងចក្រ និងក្រុមហ៊ុនចំនួន២៨ទីតាំង ដែលបានបង្ហូរទឹកកខ្វក់បំពុលតំបន់ទឹកសាធារណៈ ដោយសារតែពុំមានអាងប្រព្រឹត្តកម្មសម្អាតសំណល់រាវ និងបានបង្កឱ្យមានការបំពុលទឹកសាធារណៈ ក្នុងឆ្នាំ២០២៤-២០២៥។

ទិដ្ឋភាពក្រោយការបង្ហូរទឹកកខ្វក់ចូលប្រភពទឹកសាធារណៈ របស់រោងចក្រ សហគ្រាសមួយចំនួន។ រូបថត ក្រសួងបរិស្ថាន
រោងចក្រ និងក្រុមហ៊ុនទាំងអស់នោះ គឺស្ថិតនៅ ខេត្តប៉ៃលិន កណ្តាល រាជធានីភ្នំពេញ កំពង់ស្ពឺ ខេត្តបាត់ដំបង ព្រះសីហនុ កំពត ចំនួន និងខេត្តត្បូងឃ្មុំ។
ក្រសួងបានឱ្យដឹងថា កន្លងមក ក្រសួងបានចាត់វិធានការច្បាប់ និងវិធានការបច្ចេកទេស ចំពោះរោងចក្រ និងក្រុមហ៊ុន ដែលបានប្រព្រឹត្តបទល្មើសបញ្ចេញសំណល់រាវ បំពុលតំបន់ទឹកសាធារណៈទាំងអស់នោះ ដើម្បីទប់ស្កាត់ការបំពុលតំបន់ទឹកសាធារណៈ។ ជាលទ្ធផល មានរោងចក្រ និងក្រុមហ៊ុន ចំនួន៧ ទីតាំង បានអនុវត្តវិធានការច្បាប់ និងវិធានការបច្ចេកទេសរួចរាល់។ ជាមួយគ្នានេះ រោងចក្រ សហគ្រាស និងក្រុមហ៊ុន ចំនួន១៦ ទីតាំង នៅមិនទាន់បានអនុវត្ត និងកំពុងអនុវត្តវិធានការច្បាប់ និងវិធានការបច្ចេកទេស៕

ក្រុមកាងារក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការបង្ហូរទឹកកខ្វក់ចូលប្រភពទឹកសាធារណៈ របស់រោងចក្រ សហគ្រាសមួយចំនួននាពេលកន្លងមក។ រូបថត ក្រសួងបរិស្ថាន