
លោក ហ៊ុន សែន ជួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ នៅទីក្រុងហ្សាការតា នៅថ្ងៃទី៥ ខែឧសភា។ SHS
ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងប្រាប់ទៅប្រធានាធិបតីឥណ្ឌូណេស៊ី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ថា កម្ពុជាមានសន្តិសុខស្បៀង ប៉ុន្តែ នៅខ្វះសន្តិសុខថាមពល។ ឥណ្ឌូណេស៊ីត្រៀមឲ្យមានកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនឯកជនផ្នែកនេសាទនិងឋាមពលនៃប្រទេសទាំងពីរ។
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ នៅទីក្រុងហ្សាការតា នៅក្នុងអំឡុងពេលទស្សនកិច្ចការងារនៅប្រទេសឥណ្ឌូណេស៊ី ហើយលោកត្រូវបានលោក ប្រាបូវ៉ូ ហៅថាជា «បុរសរដ្ឋដែលមានបទពិសោធន៍ដឹកនាំប្រទេសយូរឆ្នាំនៅតំបន់អាស៊ីអាគ្នេយ៍»។
លោក ហ៊ុន សែន បានអបអរសាទរចំពោះជោគជ័យនៃការបោះឆ្នោតកន្លងទៅរបស់លោក ស៊ី ប្រាបូវ៉ូ ដែលធ្វើឲ្យលោកបានក្លាយជាប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី។
ទំព័រហ្វេសប៊ុករបស់លោកបញ្ជាក់ថា៖ «សម្តេចប្រធានព្រឹទ្ធសភាកម្ពុជាលើកឡើងទៀតថា ថ្មីៗនេះ ឥណ្ឌូណេស៊ី បានក្លាយជាអធិរាជផ្នែកស្បៀង ហើយក៏ជាអធិរាជផ្នែកសន្តិសុខឋាមពលផងដែរ តែកម្ពុជាវិញ មានសន្តិសុខស្បៀង តែខ្វះសន្តិសុខឋាមពល។ សម្តេចតេជោ បន្តថា ប្រទេសយើងទាំងពីរមានសហប្រតិបត្តិការល្អ ហើយសម្តេចសង្ឃឹមថា ភាគីទាំងពីរនឹងអាចជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង ការហោះហើរឱ្យខ្លាំងក្លាថែមទៀត»។
លោក ប្រាបូវ៉ូ បានប្រាប់លោក ហ៊ុន សែន ថា ក្នុងរយៈពេល ៦ ខែ ដែលលោកឡើងកាន់អំណាចជាប្រធានាធិបតីឥណ្ឌូណេស៊ី ប្រទេសឥណ្ឌូណេស៊ី បានទទួលសមិទ្ធផល ខាងផ្នែកសន្តិសុខស្បៀង ជាមួយនឹងការយកចិត្តទុកដាក់សន្តិសុខឋាមពល ជាពិសេសជំរុញវិនិយោគផ្នែកសន្តិសុខឋាមពល។
បើតាមបណ្ដាញសង្គមរបស់លោក ហ៊ុន សែន បន្តថា «ឥណ្ឌូណេស៊ីចង់ឲ្យកម្ពុជាចុះអនុស្សារណៈនៃការយោគយល់គ្នា លើផ្នែកនេសាទ ហើយឥណ្ឌូណេស៊ី ត្រៀមឲ្យមានកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនឯកជនផ្នែកនេសាទនិងឋាមពលនៃប្រទេសទាំងពីរ»។
បច្ចុប្បន្ននេះ ការហោះហើរទៅឥណ្ឌូណេស៊ីមានតែជើងហោះហើររបស់ក្រុមហ៊ុន AirAsia Cambodia ដែលហោះហើរទៅកោះបាលី របស់ឥណ្ឌូណេស៊ី ឯក្រុមហ៊ុនឥណ្ឌូណេស៊ី ក៏កំពុងសិក្សាដើម្បីបើកជើងហោះហើរទៅខេត្តសៀមរាបផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ប្រាបូវ៉ូ។
លោក ហ៊ុន សែន និងលោក ប្រាបូវ៉ូ ក៏បានជជែកពីការសហការគ្នាដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន លើបទឆបោកតាមអនឡាញ និងបញ្ហាគ្រឿងញៀនផងដែរ។
ក្នុងឆ្នាំ២០២៤ ការដោះដូរទំនិញរវាងកម្ពុជា និងឥណ្ឌូណេស៊ី មានទឹកប្រាក់សរុប ១,១ ពាន់លានដុល្លារ កើន ១,៥ ភាគរយបើធៀបនឹងឆ្នាំ២០២៣ ដែលមាន ១,០៨ ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
ក្នុងចំនួនខាងលើគឺកម្ពុជានាំទៅឥណ្ឌូណេស៊ី ចំនួន ៩៤,៦៨ លានដុល្លារ ខណៈដែលឥណ្ឌូណេស៊ីនាំមកកម្ពុជា ១ ពាន់លានដុល្លារ។ បើផ្អែកលើទិន្នន័យនេះ ជញ្ជីងពាណិជ្ជកម្មកម្ពុជា មានឱនភាព ៩១៣ លានដុល្លារ។ ប្រទេសឥណ្ឌូណេស៊ី គឺជាដៃគូពាណិជ្ជកម្មធំទី៧ របស់កម្ពុជា ដែលនាំមុខដោយប្រទេសចិន អាមេរិក វៀតណាម ថៃ ជប៉ុន និងកាណាដា៕