
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត ថ្លែងក្នុងពិធីសម្ពោធគម្រោងកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ ស្ដីពីការកាត់បន្ថយឧស្ម័នមេតាន។ រូបថត ក្រសួងបរិស្ថាន
ភ្នំពេញៈ គម្រោងកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ ស្ដីពីការកាត់បន្ថយឧស្ម័នមេតាន (AKCMM) ដែលមានថវិកា២០លានដុល្លារអាមេរិក ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដើម្បីជួយកម្ពុជាដោះស្រាយបញ្ហាឧស្ម័នមេតាន ដែលជាឧស្ម័នផ្ទះកញ្ចក់ដ៏គ្រោះថ្នាក់ ហើយរួមចំណែកធ្វើឱ្យមានការឡើងកម្តៅផែនដី។
ពិធីសម្ពោធនេះ ធ្វើឡើងដោយក្រសួងបរិស្ថាន នាថ្ងៃទី៦ ខែឧសភានេះ ក្រោមអធិបតីភាពរបស់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារបច្ចេកទេសស្តីពីការប្រែប្រួលអាកាសធាតុ នៃប្រទេសកម្ពុជា ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា និងអង្គការGGGI ប្រចាំនៅកម្ពុជា។
គម្រោងAKCMM ដែលជាគំនិតផ្ដួចផ្ដើមថ្នាក់តំបន់ និងទទួលបានការគាំទ្រពីមូលនិធិកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េ (AKCF) នឹងត្រូវអនុវត្តរយៈពេល ៣ឆ្នាំ នៅក្នុងបណ្ដារដ្ឋជាសមាជិកអាស៊ានចំនួន ៩ រួមទាំងកម្ពុជាផងដែរ។ គម្រោងនេះមានគោលបំណងត្រួសត្រាយផ្លូវសម្រាប់ប្រទេសកម្ពុជា ដើម្បីជំរុញសកម្មភាពលើការកាត់បន្ថយការបញ្ចេញឧស្ម័នមេតាន ដែលជាឧស្ម័នផ្ទះកញ្ចក់ដ៏មានឥទ្ធិពលបំផុតមួយ ដែលរួមចំណែកធ្វើឱ្យមានការឡើងកម្តៅផែនដី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួម ស្តីពីការប្រកាសដាក់ឱ្យដំណើរការគម្រោងនេះ។
គម្រោងនេះនឹងផ្តល់ឱកាសដ៏មានតម្លៃក្នុងការចែករំលែកចំណេះដឹង កសាងសមត្ថភាពបច្ចេកទេស និងអនុវត្តដំណោះស្រាយជាក់ស្តែង ដែលសម្របទៅនឹងបរិបទជាតិរបស់កម្ពុជា ក្នុងគោលដៅរួមឆ្ពោះទៅរកការក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ លើសពីនេះ ក៏គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអនុវត្តមាត្រា ៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីទាក់ទាញហិរញ្ញប្បទានកាបូន និងជំរុញការចូលរួមពីវិស័យឯកជន ព្រមទាំងធានាបាននូវសុចរិតភាពបរិស្ថាន។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត ថ្លែងក្នុងពិធីសម្ពោធគម្រោងកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ ស្ដីពីការកាត់បន្ថយឧស្ម័នមេតាន។ រូបថត ក្រសួងបរិស្ថាន
លោករដ្ឋមន្រ្តីបានលើកឡើងថា៖«កម្ពុជាបានមើលឃើញនូវការកើនឡើងគួរឱ្យកត់សម្គាល់នៃការបញ្ចេញឧស្ម័នមេតាន ជាពិសេសពីវិស័យកសិកម្ម (ការដាំដុះស្រូវ និងការចិញ្ចឹមសត្វ) និងវិស័យកាកសំណល់។ វិស័យទាំងនេះមិនត្រឹមតែសំខាន់សម្រាប់សេដ្ឋកិច្ច និងជីវភាពរស់នៅប៉ុណ្ណោះទេ ថែមទាំងជាផ្នែកដែលការអនុវត្តវិធានការឆ្លាតវៃ និងធន់នឹងអាកាសធាតុ អាចនាំមកនូវផលប្រយោជន៍ច្រើនយ៉ាង ដូចជាការកាត់បន្ថយការបញ្ចេញឧស្ម័ន ការលើកកម្ពស់សុខភាពសាធារណៈ និងការបង្កើនភាពធន់សម្រាប់សហគមន៍»។
គម្រោងនេះ ដែលដឹកនាំការអនុវត្តដោយវិទ្យាស្ថានអភិវឌ្ឍន៍បែតងសកល GGGI មានគោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នមេតាន តាមរយៈវិស័យ ដោយកំណត់នូវការអន្តរាគមន៍ជាយុទ្ធសាស្ត្រចំនួន៤។ ក្នុងនោះរួមមាន ការអភិវឌ្ឍគោលនយោបាយ និងស្ថាប័នគាំទ្រ, ការកែលម្អការវាស់វែងការបញ្ចេញឧស្ម័នមេតាន, ការរៀបចំផែនការ ហិរញ្ញប្បទាន និងអនុវត្តគម្រោងកាត់បន្ថយឧស្ម័នមេតាន និងចុងក្រោយគឺ ការលើកកម្ពស់កិច្ចសន្ទនា និងភាពជាដៃគូថ្នាក់តំបន់។
លោករដ្ឋមន្រ្តីសុផល្លែតបានមានប្រសាសន៍ថា ក្នុងនាមជាប្រទេសហត្ថលេខីនៃកាតព្វកិច្ចមេតានសកល (Global Methane Pledge) ប្រទេសកម្ពុជាប្ដេជ្ញាចិត្តខ្ពស់ក្នុងការចាត់វិធានការនានា ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នមេតាន។ ការចាប់ផ្ដើមអនុវត្តគម្រោង AKCMM នេះតំណាងឱ្យកាលានុវត្តភាពជាយុទ្ធសាស្ត្រសម្រាប់កម្ពុជា ដើម្បីបន្ស៊ីកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិជាមួយនឹងការប្ដេជ្ញាចិត្តថ្នាក់តំបន់ និងសកលលោក។
លោករដ្ឋមន្រ្តីបញ្ជាក់ថា៖«គំនិតផ្ដួចផ្ដើមនេះនឹងមិនត្រឹមតែជួយយើងពង្រឹងសមត្ថភាព និងទទួលបានហិរញ្ញប្បទានអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជំរុញការបង្កើតថ្មីនៅក្នុងវិស័យកសិកម្ម ដែលជាប្រភពដ៏សំខាន់នៃការបញ្ចេញឧស្ម័នមេតាន»។

អនុប្រធានបេសកកម្ម នៃស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា លោកហ៊ុនស៊ូ គីម (Hyunsoo Kim) បានលើកឡើងថា គម្រោងនេះ គឺធ្វើឡើងទាន់ពេលវេលា ដោយធ្វើឱ្យទំនាក់ទំនងរបស់សាធារណរដ្ឋកូរ៉េជាមួយរដ្ឋជាសមាជិកអាស៊ាន រួមទាំងកម្ពុជា កាន់តែស៊ីជម្រៅ។
លោកមានប្រសាសន៍ថា៖«សាធារណរដ្ឋកូរ៉េបានប្ដេជ្ញាបង្កើនវិភាគទានរបស់ខ្លួនដល់មូលនិធិកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េ រហូតដល់ ៣២លានដុល្លារ ត្រឹមឆ្នាំ២០២៧ ដែលនឹងជួយជំរុញកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លាបន្ថែមទៀតទៅលើការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព និងការការពារបរិស្ថាន»។
កញ្ញាស៊ូមី គីម (Shomi Kim) តំណាងអង្គការ GGGI ប្រចាំនៅកម្ពុជា បានថ្លែងថាគម្រោងនេះនឹងស្វែងយល់ និងវាយតម្លៃពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងបរិស្ថានរបស់គម្រោងតាមរយៈការអនុវត្ត និងសក្តានុពល នៃការប្រើប្រាស់ ដូចជា ការឆ្លាស់គ្នារវាងសំណើមនិងសម្ងួត (Alternate Wetting and Drying-AWD) ពូជដំណាំនិរន្តរភាព និងការគ្រប់គ្រងសំណល់កសិកម្មជាដើម។
កញ្ញាបន្តថា៖«គម្រោង AKCMM ផ្តល់កាលានុវត្តភាពសម្រាប់កម្ពុជាដើម្បីបញ្ចេញសក្តានុពលរបស់ខ្លួន បង្ហាញឱ្យកាន់តែច្បាស់ពីភស្តុតាងនៃគោលគំនិត និងសម្រួលដល់ការផ្តល់ហិរញ្ញប្បទានកាបូន ដើម្បីពង្រីកវិសាលភាពការងាររបស់ខ្លួនផងដែរ»។

ក្រសួងបរិស្ថានក៏បានឱ្យដឹងផងដែរថា កម្ពុជាបានរៀបចំ និងដាក់ស្នើផែនទីចង្អុលផ្លូវសម្រាប់ការកាត់បន្ថយឧស្ម័នមេតានថ្នាក់ជាតិទៅកាន់វិទ្យាស្ថានយុទ្ធសាស្ត្របរិស្ថានសកល និងក្រុមចម្រុះអាកាសធាតុ និងខ្យល់ស្អាត កាលពីខែឧសភា ឆ្នាំ២០២៥នេះ។ កម្ពុជាបានក្លាយជាប្រទេសដំបូងគេមួយក្នុងចំណោមប្រទេសមានការអភិវឌ្ឍន៍តិចតួច ដែលបានដាក់ស្នើផែនទីចង្អុលផ្លូវនេះ។ នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដើរតួនាទីជាគំរូក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព៕
