
ឆ្កែយន្តដែលត្រូវបានប្រើនៅក្នុងសមយុទ្ធនាគមាស កាលពីឆ្នាំ២០២៤។ ក្រសួងការពារជាតិចិន
កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន សរុបជាង ២០០០នាក់នឹងចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាមិត្តភាព កម្ពុជា-ចិន «នាគមាស-២០២៥» ដោយប្រើប្រាស់ទាំងគ្រឿងយន្តទំនើបៗ ដូចជាមនុស្សយន្ត និងឆ្កែយន្ត នាវាចម្បាំង ដ្រូន និងសព្វាវុធជាច្រើនប្រភេទទៀត។
សមយុទ្ធនេះត្រូវបានដាក់ឈ្មោះថា «ប្រតិបត្តិការប្រឆាំងភេរកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា។ នេះបើតាមអ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដែលបានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី៦ ខែឧសភានេះ។
បើតាមសេចក្ដីប្រកាសព័ត៌មាន សមយុទ្ធនេះមានទាំងនៅលើអាកាស លើសមុទ្រ និង នៅលើគោក។ សមយុទ្ធនឹងធ្វើឡើនៅ២ទីតាំងផ្សេងគ្នារ រួមមាន សមយុទ្ធសមុទ្រ និងអាកាស នៅលើផ្ទៃសមុទ្រ និងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ និង សមយុទ្ធលើគោក និងអាកាស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ដូច្នេះថា៖ «សមយុទ្ធមិត្តភាព កម្ពុជា-ចិន «នាគមាស-២០២៥» លើប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដៃគូ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍ ការពង្រឹងទស្សនៈ សន្តិសុខដែលមានលក្ខណៈរួមគ្នានិងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្តែងរវាងកងទ័ពប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម»។
កម្លាំងទ័ពរបស់ភាគីកម្ពុជាដែលនឹងចូលរួម មានចំនួន ១,៣៣១នាក់ ចំណែកភាគីចិនចំនួន ៨៤៥នាក់។
ក្នុងសមយុទ្ធនេះ ភាគីកម្ពុជានឹងមានសព្វាវុធ គ្រឿងបំពាក់ចូលរួមសមយុទ្ធភាដូចជា ប្រើប្រាស់កាំភ្លើងធំ, កាំភ្លើងត្បាល់, រថពាសដែក, រថយន្ត សង្គ្រោះ, នាវា, ឧទ្ធម្ភាគចក្រ, និងអាវុធមួយចំនួនទៀត។
ចំណែកភាគីចិនវិញនឹងប្រើប្រាស់កាំភ្លើងធំ ប្រតិកម្មលើរថយន្ត, កាំភ្លើងត្បាល់, យន្តយុទ្ធកង់កៅស៊ូ, រថពាសដែកកង់ច្រវ៉ាក់, រថយន្តដឹកនាំបញ្ជា C5, គ្រឿងយន្តគ្មានមនុស្សបើក មនុស្សយន្តប្រភេទវះកាត់, ឆ្កែយន្ត, ឧទ្ធម្ភាគចក្រ, នាវាចម្បាំង, នាវាបុកឡើងគោក, ដ្រូនស៊ើបការណ៍, ដ្រូនវាយលុក, អាវុធធុនស្រាល, រួមនឹងបរិក្ខារស៊ើបការណ៍ បរិក្ខារសុខាភិបាល សម្ភារបំផ្ទុះ និងគ្រាប់រំសេវ មួយចំនួនទៀត៕