
កម្មការិនីម្នាក់បានស្លាប់ និងកម្មករកម្មការិនី ៤១នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល នៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយនៅព្រឹកថ្ងៃទី៧ ខែឧសភានេះ នៅលើផ្លូវជាតិលេខ៤៤ ស្ថិតនៅភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
យោងតាមក្រសួងការងារ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅវេលាម៉ោង ៦ និង ២០នាទីព្រឹក ដែលបណ្ដាលឲ្យមាន ជនរងគ្រោះជាកម្មករ កម្មការិនីសរុបចំនួន ៤២នាក់ ដែលធ្វើដំណើរនៅលើរថយន្តមួយគ្រឿង។ ក្នុងចំណោមជនរងគ្រោះទាំង ៤២នាក់ មានស្រី ៣៦នាក់ ដោយក្នុងនោះស្ត្រី ៥នាក់រងរបួសធ្ងន់ ខណៈដែល ៣៦នាក់ (ស្រី ៣០នាក់) របួសស្រាល។
បើតាមក្រសួងការងារដដែល ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកឧដុង្គ។ ដោយឡែកសពជនរងគ្រោះចំនួន ១នាក់ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារនៃសព ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី។

យោងតាមស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ មុនពេលកើតហេតុ រថយន្តដឹកកម្មករ កំពុងធ្វើដំណើរស្របជាមួយនឹងរថយន្តគ្រួសារម៉ាក Pickup Ford។ ប៉ុន្តែ ដល់ចំណុចកើតហេតុ រថយន្តម៉ាក Ford បានបត់ឆ្វេងដើម្បីឆ្លងផ្លូវ ហើយបណ្ដាលឲ្យគ្រោះថ្នាក់កើតឡើង ហើយរថយន្តដឹកកម្មករបានរេចង្កូតទៅបុកដើមឈើ បណ្ដាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរកើតឡើង។ សមត្ថកិច្ចកំពុងចាត់វិធានការលើករណីនេះ។
ក្រសួងការងារបញ្ជាក់ថា កម្មករនិយោជិតទាំងអស់បានទទួលការជួយសង្គ្រោះពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីបេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្រសួងការងារបញ្ជាក់ថា៖ «ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនកម្មករ កម្មការិនី និងក្រុមគ្រួសារទៅតាមគោលរបបសន្តិសុខសង្គម របស់បេឡាជាតិសន្តិសុខសង្គម»៕