
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា លោកអាណាតូលី បូរ៉ូវីក(ពាក់ក្រវាត់កពណ៌ក្រហម) និងមន្រ្តីស្ថានទូតដាក់ផ្កា នៅស្តូបអនុស្សាវរីយ៍ នៅក្នុងស្ថានទូត នាព្រឹកថ្ងៃពុធ ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធ និងវីរភាពអ្នកស្នេហាជាតិ។ រូបថត ផាក់ ស៊ាងលី
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានលើកឡើងថា រុស្ស៊ីប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីឱ្យគ្រប់ប្រទេសក្នុងពិភពលោក បានរស់ក្នុងស្ថានភាពសន្តិភាព ហើយប្រកៀកស្មាគ្នាជាមួយបណ្តាប្រទេសផ្សេងៗ ដែលស្នេហាសន្តិភាព ដើម្បីនឹងធានាកុំឱ្យមានផលវិបាកណាមួយកើតឡើងម្តងទៀត ដូចនៅក្នុងសង្រ្គាមលោកលើកទី២។
ការលើកឡើងរបស់លោកអាណាតូលី បូរ៉ូវីកនេះ ធ្វើឡើងនាព្រឹកថ្ងៃពុធ ទី៧ ខែឧសភា នៅក្នុងស្ថានទូត ក្នុងឱកាសប្រារព្ឋពិធីហែក្បួន «កងវរសេនាធំអមតៈ» (Immortal Regiment) ដែលជាពិធីរំលឹកវិញ្ញាណក្ខន្ធ អ្នកស្នេហាជាតិ ក្នុងសង្រ្គាមលោកលើកទី២។ ពិធីនេះបានក្លាយទៅជាប្រពៃណីដ៍មានសារៈសំខាន់មួយ ជាពិសេសនៅមុនថ្ងៃ នៃខួបលើកទី៨០ នៃជ័យជំនះរបស់ប្រជាជនសូវៀត ក្នុងសង្គ្រាមស្នេហាជាតិ ថ្ងៃទី៩ ឧសភា។ ព្រឹត្តិការណ៍នេះ មានគោលបំណងបន្តការចងចាំអំពីវីរភាពរបស់បុព្វបុរសរបស់រុស្ស៊ី ដែលបានឈរ ការពារមាតុភូមិរបស់ខ្លួន ប្រឆាំងនឹងពួកណាស៊ី។
លោកបានថ្លែងថា៖«ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាសកម្មភាពមួយ ដើម្បីរំលឹកដល់បុព្វបុរសរបស់យើង។ វាគឺជារូបភាពដ៏មានឥទ្ធិពល នៃរបៀប ប្រជាជនកំពុងកាន់រូបថតឪពុកម្តាយ ជីដូនជីតា និងជីដូនជីតាទូតរបស់ពួកគេ ដែលបានរួមចំណែកដល់ជ័យជំនះដ៏អស្ចារ្យ»។
លោកបានរំលឹកថា បុព្វបុរសរុស្ស៊ីបានពលីជីវិត ដើម្បីការពារមាតុភូមិរបស់ខ្លួន នៅក្នុងសង្រ្គាមលោកលើកទី២។ ប្រជាជនសូវៀតបានបាត់បង់ច្រើន ក្នុងសង្រ្គាមលោកលើកទី២ ដែលជាមហាសង្រ្គាមជាតិប្រឆាំងពួកណាស៊ី។ មនុស្សជាង២៦លាននាក់បានបាត់បង់ជីវិត បណ្តាទីក្រុង ភូមិ ឃុំត្រូវ បានបំផ្លាញចោលទាំងស្រុង។ នេះជាការបាត់បង់ដ៍ធំសម្បើម នៅក្នុងប្រវត្តិសាស្រ្ត នៃប្រទេសរុស្ស៊ី។

លោកថ្លែងថា៖«វាជាខួបអនុស្សាវរីយ៍មានសារៈសំខាន់ខ្ពស់បំផុត សម្រាប់ប្រជាជនរុស្សី។ យើងត្រូវតែនៅចាំជានិច្ច ជាជ័យជំនះនេះរបស់បុព្វបុរសយើង ដែលបានការពារមាតុភូមិយើង ហើយជាការរំលឹកម្តងទៀត នូវតម្លៃសន្តិភាព ដែលមានសារៈសំខាន់សម្រាប់គ្រប់ប្រទេស»។
ពិធីនេះមានការចូលរួមពីប្រជាជនរុស្ស៊ី នៅក្នុងប្រទេសកម្ពុជាប្រមាណ៨០នាក់ ដែលរួមមានទាំងសិស្សានុសិស្ស និងយុវជនវ័យក្មេងរបស់រុស្ស៊ីផងដែរ។ ពួកគេបានដាក់ផ្កា នៅស្តូបអនុស្សាវរីយ៍ ដើរហែក្បួន នៅក្នុងស្ថានទូត ដោយមានកាន់រូបថត នៃបុព្វបុរសរបស់ខ្លួន និងការថតរូបអនុស្សាវរីយ៍ជាដើម។
លោកឯកអគ្គរដ្ឋទូតបានថ្លែងថា ប្រទេសរុស្ស៊ីធ្វើយ៉ាងណាដើម្បី ប្រារព្ឋខួបលើកទី៨០ អនុស្សាវរីយ៍នៃ ជ័យជំនះ ក្នុងមហាសង្រ្គាមស្នេហាជាតិ ប្រឆាំងពួកណាស៊ី ហើយធ្វើយ៉ាងណា ដើម្បីទប់ស្កាត់កុំឱ្យ ឧត្តមគតិណាស៊ីនិយម ងើបឡើងវិញ។ កុំឱ្យឧត្តមគតិនេះ បង្កឧបសគ្គសម្រាប់មនុស្សជាតិ។
លោកបញ្ជាក់ដូច្នេះថា៖«ខាងប្រទេសយើងខ្ញុំ យើងបានប្រកាសថា យើងជាអ្នកស្នេហាសន្តិភាព យើងធ្វើយ៉ាងណាដើម្បីឱ្យ គ្រប់ប្រទេសក្នុងពិភពលោក បានរស់ក្នុងស្ថានភាពសន្តិភាព ហើយយើងប្រកៀកស្មាគ្នាជាមួយបណ្តាប្រទេស ដែលស្នេហាសន្តិភាព ដើម្បីនឹងធានាកុំឱ្យមានផលវិបាកនឹងសង្រ្គាមបែបលោកលើកទី២»។

រុស្ស៊ីប្រកាសមិនអាចអនុញ្ញាតឱ្យសង្គ្រាម ដែលបានបញ្ចប់កាលពី៨០ឆ្នាំមុនកើតឡើងម្តងទៀតទេ។ រុស្សីប្រឹងប្រែងបង្កើតប្រព័ន្ធសន្តិសុខ ដែលមិនអាចបំបែកបានសម្រាប់រដ្ឋទាំងអស់។ មានតែប្រព័ន្ធនេះទេ ដែលអាចផ្តល់សន្តិភាព ស្ថិរភាព និងវិបុលភាពដល់មនុស្សជាតិបាន៕




