
អភិបាលខេត្តពោធិ៍សាត់ចុះណែនាំពលរដ្ឋនាពេលថ្មីៗនេះ កុំឱ្យនេសាទខុសច្បាប់ ដើម្បីឱ្យមច្ឆាជាតិនៅតែសម្បូរតជំនាន់។ ការនេសាទខុសច្បាប់ ទទួលផលប្រយោជន៍រយៈពេលខ្លី តែខាតបង់ផលប្រយោជន៍រយៈពេលវែង។ រូបថត រដ្ឋបាលខេត្តពោធិ៍សាត់
ពោធិ៍សាត់ៈ ទិន្នផលត្រីក្នុងខេត្តពោធិ៍សាត់ហក់ឡើងប្រមាណជា២៦ភាគរយ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ក្រោយពីមានការចូលរួមសហការគ្នា រវាងអាជ្ញាធរមូលដ្ឋាន ថ្នាក់ជាតិ សហគមន៍ និងអង្គការដៃគូរជាច្រើន។
នេះជាការលើកឡើងរបស់ អភិបាលរងខេត្តពោធិ៍សាត់ លោកលឹមសុខតូ ប្រាប់ក្រុមប្រតិភូសហភាពអឺរ៉ុប អង្គការFAO និងក្រុមអ្នកសារព័ត៌មាន នៅក្នុងដំណើរទស្សនកិច្ចការអនុវត្តវិធី CAPFISH-Capture នៅសហគមន៍នេសាទស្រីចឹក ក្នុងស្រុកកណ្តៀង និងសហគមន៍នេសាទកំពង់ប្រាក់ ក្នុងស្រុកក្រគរ កាលពីសប្តាហ៍មុន។ ទស្សនកិច្ចនេះដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាផ្នែកមួយនៃការប្រារព្ឋទិវាភពផែនដី ដែលមានរយៈពេល៣ថ្ងៃ។
លោកបញ្ជាក់ថា៖«ក្នុងឆ្នាំ២០២០ ទិន្នផលត្រីយើងមានតែ៣៣ម៉ឺនតោន។ ដល់ឆ្នាំ២០២៤ក្រោយពីការចូលរួមសហការរវាង ដៃគូរទាំងអស់មានថ្នាក់ជាតិ សហគមន៍ និងអង្គការនេះ គឺទិន្នផលត្រីកើនឡើង ក្នុងអំឡុង៥ឆ្នាំដល់២០២៤ កើនឡើងដល់៤២ម៉ឺនតោន។ អ៊ីចឹងយើងមានការកើនឡើងប្រមាណជា២៦ភាគរយ»។
លោកអភិបាលរងខេត្តបានចាត់ទុកការកើនឡើងនេះថាជា«ជ័យជំនះ»មួយយ៉ាងធំធេង ដែលកើតចេញពីការសហការរួមគ្នាពីគ្រប់ភាគីទាំងអស់ ដែលមិនអាចខ្វះបាន នៅក្នុងការការពារ ធនធានជលផលឱ្យមានការរីកចំរើន និងនិរន្តរភាព។
លោកបានគូសបញ្ជាក់ថា ការល្បាត និងបង្រ្កាបបទល្មើសនេសាទ គឺសំខាន់ខ្លាំងណាស់ ដើម្បីការពារធនធានជលផលឱ្យមាននិរន្តរភាពនេះ។ ហេតុនេះ អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដា តែងតែយកចិត្តទុកដាក់ ហើយដឹកនាំកម្លាំងចុះបង្រ្កាបបទល្មើសលើផ្ទៃបឹងទន្លេសាបដោយផ្ទាល់តែម្តង។
លោកខួយ រីដាបានលើកឡើងថា ការទប់ស្កាត់បទល្មើសគឺជាការងាររួម ដែលត្រូវប្រើប្រាស់កម្លាំង និងមធ្យោបាយសរុប។ ប៉ុន្តែការងារនេះមិនអាចមានតែក្រសួងកសិកម្ម, ក្រសួងបរិស្ថាន, អាជ្ញាធរ ឬសហគមន៍តែឯងអាចអនុវត្តបានទៅដោយជោគជ័យនោះទេ បើទោះបីជាមានឆន្ទៈ ក្នុងការអនុវត្ត។

លោកបានលើកឡើងថា ក្នុងឆ្នាំនេះ ប្រមុខរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានកងទ័ពជើងគោក នៃក្រសួងការពារជាតិប្រមាណជា១ពាន់នាក់ ចូលរួម នៅក្នុងការទប់ស្កាត់បទល្មើសនេសាទនៅបឹងទន្លេសាបផងដែរ។ ដោយបូករួមទៅនឹងការចូលរួមរបស់សហគមន៍ ក្នុងការអនុវត្តតាមច្បាប់ជលផលរបស់ក្រសួងកសិកម្ម បានធ្វើឱ្យបទល្មើសមានការថយចុះជាច្រើន។ នេះបានធ្វើឱ្យទិន្នផលត្រីមានការកើនឡើងវិញយ៉ាងខ្លាំង។
លោកមានប្រសាសន៍ថា៖«ឆ្នាំនេះ យើងគិតទៅ ផលត្រីកើនជាង១ម៉ឺនតោន បើយើងប្រៀបធៀបការប្រមូលផលត្រីជារៀងរាល់ឆ្នាំ។ គឺគ្រាន់តែការបង្រ្កាបរយៈពេលប៉ុន្មានខែនេះ ពូជត្រីយើងកើនឡើងច្រើនមែនទែន។
យើងប្តេជ្ញាចិត្តធ្វើហើយ តែមិនទទួលបានជោគជ័យដូចពេលបច្ចុប្បន្ននេះទេ បើគ្មានការចូលរួម។ ការផ្លាស់ប្តូរទម្លាប់ឱ្យពលរដ្ឋយើងស្ម័គ្រចិត្តចូលរួម អនុវត្តតាមគោលការច្បាប់របស់ក្រសួងកសិកម្ម ដែលបានកំណត់នេះ នឹងធ្វើឱ្យពូជត្រីកើនឡើងកាន់តែច្រើនទៅថ្ងៃមុខ»។
លោកថ្លែងថា គោលបំណងធំ នៃការបង្រ្កាបនេះ មានតែមួយគាត់ គឺដើម្បីឱ្យប្រជាជនកម្ពុជា មានពូជធនធានមច្ឆាជាតិតកូនតចៅ ព្រោះពេលបច្ចុប្បន្ននេះ មនុស្សកើនឡើងច្រើន។ ហេតុនេះការការគ្រប់គ្រងធនធានធម្មជាតិត្រូវតែមានសុវត្ថិភាព និងតម្លាភាព។
លោកបញ្ជាក់ដូច្នេះថា៖«កាលណាគោរពច្បាប់ ត្រីមិនខ្វះទេ ពិសេសគឺក្រឡាមង។បើក្រឡាមងយើងញឹកដូចក្រឡាមុង មានន័យថា យើងហូបមួយថ្ងៃ តែប្រើក្រឡាមងយើងតាមកំណត់ដូចក្រសួងកសិកម្ម គឺយើងហូបតកូនតចៅ។ អត់បាត់ពូជមច្ឆាជាតិទាំងអស់នោះទេ។ អ៊ីចឹងគោលបំណងទាំងអស់នេះ គឺសម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋពីជំនាន់នេះ ទៅដល់ជំនាន់បន្តទៅទៀតនៅតែមានត្រីដដែល»។
ប្រជានេសាទ ក្នុងសហគមន៍នេសាទស្រីចឹក លោកមាំ រក្សា អាយុ៣៣ឆ្នាំ បានលើកឡើងថា ឧបសគ្គចំបងបំផុតក្នុងការអភិរក្សធនធានជលផល គឺការនេសាទខុសច្បាប់ក្នុងទ្រង់ទ្រាយធំ ដែលប្រព្រឹត្តដោយ អ្នកមកពីខាងក្រៅ។ ទោះយ៉ាងណា លោកបានសង្កេតឃើញថា ក្នុងមួយរយៈពេលចុងក្រោយនេះ ទិន្នផលត្រីរបស់ពួកគាត់មានការកើនឡើង ដែលមួយផ្នែកមកពីការបិទការនេសាទក្នុងទ្រង់ទ្រាយធំទាំងនោះ។
លោកបានឱ្យដឹងថា នៅឆ្នាំនេះ លោករកប្រាក់ចំណូលបានពី៣ ទៅ៤ម៉ឺនក្នុង១ថ្ងៃពីការនេសាទនៅក្នុងរដូវប្រាំងនេះ ហើយនៅក្នុងរដូវវស្សា លោកអាចរកចំណូលបាន១០ ទៅ២០ម៉ឺនរៀលឯនោះ។ ប៉ុន្តែកាលពីប៉ុន្មានឆ្នាំមុន លោករកបានតែពី១ ទៅ ២ម៉ឺនប៉ុណ្ណោះក្នុង១ថ្ងៃ ក្នុងរដូវប្រាំង។
លោកនិយាយថា៖«ខ្ញុំនេសាទបានច្រើនជាងរាល់ឆ្នាំ ឆ្នាំនេះ ដោយសារតែគេបិទការនេសាទធំៗខុសច្បាប់ជាច្រើន ដូចជាការអូសអួនធំៗ។ អ្នកនេសាទធំៗនោះ មកពីខាងក្រៅ មិនមែនអ្នកនៅខាងក្នុងនោះទេ»។
លោកបានអះអាងថា ក្នុងចំណោមអ្នកប្រព្រឹត្តបទល្មើសក្នុងទ្រង់ទ្រាយធំទាំងនោះ ក៏មានជនជាតិវៀតណាមផងដែរ។

មន្រ្តីរដ្ឋបាលជលផល និងកម្លាំងយោធាចុះបង្រ្កាបបទល្មើសនេសាទ ក្នុងទឹកដីខេត្តពោធិ៍សាត់ នាពេលកន្លងមក ដែលធ្វើឱ្យទិន្នផលត្រីមានការកើនឡើង។ រូបថត រដ្ឋបាលខេត្តពោធិ៍សាត់
នៅក្នុងការបង្រ្កាបបទល្មើសនេសាទក្នុងត្រីមាស១ឆ្នាំ២០២៥នេះកម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន៤៧៨នាក់ក្នុងនោះមានជនជាតិវៀតណាម៤៧នាក់។នេះបើយោងតាមគណៈបញ្ជាការដឹកនាំបង្រ្កាបបទល្មើសនេសាទខុសច្បាប់លើផ្ទៃបឹងទន្លេសាបរបស់កងទ័ពជើងគោក។
បន្ថែមពីនោះ ឡុកចំនួន៧២២៥គ្រឿង, ស្បៃមុងគ្រប់ប្រភេទជាង២លានម៉ែត្រ, ក្បាល(អ៊ុយ-ស្បៃមុង-បរ)ចំនួន១១៩៤ក្បាល,ឡុកនិងអ៊ុយចំនួន៧៤០៦មាត់/លបនិងបង្គោលចម្រឹងជាងកន្លះលានដើមក៏ត្រូវបានបំផ្លាញផងដែរ។
ប្រជាពលរដ្ឋចំនួន១ ១៨៧នាក់ត្រូវបានអប់រំពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់និងបានធ្វើកិច្ច សន្យាជាមួយប្រជានេសាទចំនួន៤៤១នាក់ដែលមានទូកចំនួន៩៨គ្រឿង។
ប្រជានេសាទត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវឧបករណ៍នេសាទមួយចំនួន។ ក្នុងនោះរួមមានរបាំងលបរ៉ាវប្រវែង២៥០ម៉ែតក្រឡា០,០៣ម៉ែត្រ, កាណូតអូសឬរុញលៀសដោយម៉ាស៊ីនកម្លាំង១៨សេះក្រឡាឈ្នាង០,០៣ម៉ែត្រនិងម៉ាស៊ីនរែងលៀសកំលាំង៦សេះហើយករណីមងរាយក្រឡា០,០២ម៉ែត្រប្រវែង២០០ម៉ែត្រ។ចុងក្រោយគឺមងអូសដោយដៃមានក្រឡា០,០១៥ម៉ែត្រប្រវែង១០០ម៉ែត្រប៉ុណ្ណោះ។
ការអនុញ្ញាតនេះគ្រាន់តែជាការសាកល្បងក្នុងអន្តរកាលនេះប៉ុណ្ណោះក្នុងអំឡុងពេលរង់ចាំច្បាប់ថ្មីស្តីពីជលផលចូលជាធរមាន និងដាក់ឱ្យអនុវត្តជាផ្លូវការនាពេលខាងមុខនេះ៕