ក្រុមហ៊ុន​ Sotheby’s ​ដែល​ជា​ក្រុមហ៊ុន​ដេញ​ថ្លៃ​ដ៏​ល្បី​មួយ​​លើ​វត្ថុ​សិល្បៈ​ វត្ថុ​បុរាណ គ្រឿង​អលង្ការ និង​វត្ថុ​ផ្សេងៗ​ទៀត​ បាន​ផ្អាក​ការ​ដេញ​ថ្លៃ​វត្ថុ​សក្ការៈ​ព្រះពុទ្ធ ​និង​ត្បូង​ជាង ​៣០០ ដុំ​ បន្ទាប់​ពី​មាន​ការ​តវ៉ា​ពី​រដ្ឋាភិបាល​ឥណ្ឌា​ និង​ពុទ្ធសាសនិក​ទូទាំង​ពិភព​លោក រួម​ទាំង​ពី​កម្ពុជា​ផង​ដែរ។

សេចក្ដី​ថ្លែងការណ៍​របស់ Sotheby’s ថ្លែង​ដូច្នេះ​ថា៖ «ដោយ​ពិចារណា​លើ​បញ្ហា​ដែល​លើក​ឡើង ដោយ​រដ្ឋាភិបាល​ឥណ្ឌា និង​ជាមួយ​ការ​យល់​ព្រម​ពី​អ្នក​ដាក់​ដេញ​ថ្លៃ​ ការ​ដេញ​ថ្លៃ​ត្បូង​ Piprahwa ដែល​ជាប់​ព័ន្ធ​នឹង​ប្រវត្តិ​របស់​ព្រះពុទ្ធ​ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​៧ ​ឧសភា ត្រូវ​បាន​ពន្យារ​ពេល»។

ក្រសួង​វប្បធម៌​ឥណ្ឌា​បាន​សម្តែង​ក្តី​រីករាយ​ចំពោះ​ការ​ផ្អាក​ការ​លក់​នេះ ដោយ​បាន​ថ្លែង​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «យើង​រីករាយ​នឹង​ជម្រាប​ជូន​សាធារណជន​ថា បន្ទាប់​ពី​ការ​អន្តរាគមន៍​របស់​ក្រសួង​វប្បធម៌ ​របស់​រដ្ឋាភិបាលឥណ្ឌា ​ក្រុមហ៊ុន​ Sotheby’s ​ហុងកុង​បាន​ពន្យារ​ពេល​ការ​ដេញ​ថ្លៃ​វត្ថុ​សក្ការៈ​ព្រះពុទ្ធ Piprahwa ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី៧ ឧសភា ២០២៥»។


កាល​ពី​ថ្ងៃ​ទី៥ ក្រសួង​វប្បធម៌​ឥណ្ឌា​ស្នើ​ឲ្យ​ក្រុមហ៊ុន​នេះ​ផ្អាក​ការ​លក់​ដេញ​ថ្លៃ និង​ទាមទារ​ឲ្យ​ប្រគល់​វត្ថុ​ទាំង​នេះ​ទៅ​ឥណ្ឌា​វិញ។​

វត្ថុ​សក្ការៈ​ទាំង​នេះ​ត្រូវ​បាន​ជីក​កកាយ​នៅ​ឆ្នាំ​១៨៩៨ ពីស្តូប ​Piprahwa បច្ចុប្បន្ន​ស្ថិត​នៅ​រដ្ឋ Uttar Pradesh។ ត្បូង និង​វត្ថុបុរាណ​ទាំង​នេះ​ត្រូវ​បាន​កប់​ជាមួយ​នឹង​អដ្ឋិធាតុ​ព្រះ​ពុទ្ធ​កាល​ពី​ជាង ២,០០០ ឆ្នាំ​មុន​នៅ ​Piprahwa ​ដែល​ជា​ទីតាំង​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីកន្លែង​កំណើត​របស់​ព្រះពុទ្ធ ​គឺ​នៅ​ឧទ្យាន​លុមពិនី ប្រទេស​នេប៉ាល់។


វត្ថុទាំង​នេះ​រួម​មាន ត្បូង​ ផ្កាថ្ម ត្បូង​កណ្តៀង គុជ​ខ្យង គ្រីស្តាល់​ថ្ម សម្បក​ខ្យង និង​មាស ដែល​ខ្លះ​ត្រូវ​បាន​ច្នៃ​ធ្វើ​ជា​គ្រឿង​អលង្ការ និង​ខ្លះ​ទៀត​នៅ​សភាព​ដើម។ វត្ថុ​ទាំង​នេះ​ត្រូវ​បាន​ជីក​កកាយ​ដោយ​វិស្វករ​អង់គ្លេស William Claxton Peppé ​នៅឆ្នាំ ​១៨៩៨ និង​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​លក់​ក្នុង​ជិត ១៣ លានដុល្លារ​នៅ​ទីក្រុង​ហុងកុង។

ក្រោយ​ពេល​ជីក​បាន អាណានិគម​អង់គ្លេស​បាន​ទាមទារ​វត្ថុ​ទាំង​នេះ​ក្រោម​ច្បាប់ ​Indian Treasure Trove Act ​ឆ្នាំ​ ១៨៧៨ ប៉ុន្តែ បាន​អនុញ្ញាត​ឲ្យ​លោក Peppé ​រក្សា​ប្រហែល​មួយ​ភាគ​ប្រាំ​នៃ​ត្បូង​សរុប​ប្រមាណ​ ១,៨០០ គ្រាប់ ដោយ​ត្បូង​ដែល​នៅ​សេសសល់​ត្រូវ​បាន​បញ្ជូន​ទៅ​សារមន្ទីរ​អាណានិគម​នៅ​ទីក្រុង​កុលកាតា (Kolkata)។

ព្រះសង្ឃ​ខ្មែរ​ល្បី​ឈ្មោះ ​គឺ​ព្រះតេជគុណ យ៉ន​ សេង យ៉ាត ដែល​ជា​សកលវិទ្យាធិការ​នៃ​សកលវិទ្យាល័យ​ព្រះសីហនុរាជ​ និង​ជា​អនុប្រធាន​លេខាធិការដ្ឋាន​គណៈ​សង្ឃ​នាយក គណៈ​មហានិកាយ ​ក៏​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​លក់​ដេញ​ថ្លៃ​លើ​វត្ថុ​ទាក់​ទង​នឹង​ព្រះពុទ្ធ​នេះ​ដែរ។

ព្រះអង្គ​មាន​សង្ឃដីកា​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា៖ «ការ​លក់​វត្ថុ​សក្ការៈ​របស់​ព្រះ​ពុទ្ធមិន​មែន​គ្រាន់​តែ​ជា​បញ្ហា​ផ្លូវ​ច្បាប់ ឬ​ពាណិជ្ជកម្ម​នោះ​ទេ វា​ជា​ការ​បរាជ័យ​ខាង​សីលធម៌។ វា​ប្រមាថ​ដល់​ប្រពៃណី​នៃ​វិញ្ញាណ​ជា​សកល និង​មិន​អើពើ​នឹង​ការ​ឯកភាព​គ្នា​ដែល​ថា បេតិកភណ្ឌ​ជា​ទី​សក្ការៈ​គួរ​តែ​ជា​កម្មសិទ្ធិ​របស់​សហគមន៍​ដែល​ផ្តល់​តម្លៃ​ដល់​វា​បំផុត»។

ព្រះតេជគុណ កត់សម្គាល់​ថា វត្ថុ​សក្ការៈ​ទាំង​នេះ​មិន​មែន​ជា​វត្ថុបុរាណ​ធម្មតា​នោះ​ទេ ប៉ុន្តែ​ជា​វត្ថុ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ព្រះពុទ្ធ។ ​ការ​លក់​វត្ថុ​ទាំង​នេះ​អាច​បណ្តាល​ឱ្យ​មាន​ទុក្ខព្រួយ​នៅ​ក្នុង​ចិត្ត និង​ជា​ការ​ក្បត់​នូវ​​ឱវាទ​របស់​ព្រះពុទ្ធ​ស្តី​ពី​ក្តី​មេត្តា និង​ការ​មិន​លុះ​ដោយ​សម្ភារៈ​និយម។

ព្រះ​អង្គ​បន្ត​ថា៖ «វត្ថុ​សក្ការៈ​ទាំង​នេះ​គួរ​តែ​នៅ​ក្នុង​កន្លែង​សក្ការៈ​សម្រាប់​ការ​គោរព​បូជា មិនមែន​សម្រាប់​ការ​ដេញ​ថ្លៃ​នោះ​ទេ។ អាត្មា​មិន​យល់​ស្រប​ចំពោះ​សកម្មភាព​អសីលធម៌​បែប​នេះ​ទេ»៕