
ជំងឺអង់ត្រាក់បង្ហាញរោគសញ្ញា ៣ សណ្ឋាន៖ ស្បែក ក្រពះពោះវៀន និងផ្លូវដង្ហើម ដែលរយៈពេលបង្ករោគមានចន្លោះពី១ ទៅ៧ថ្ងៃ ដោយអការៈកន្ទួលក្រហម រមាស់ វិវត្តទៅជាដំបៅខ្មៅ។ រូបភាព CDC
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានសេចក្តីប្រកាសព័ត៌មានដល់សាធារណជនឱ្យបានដឹងអំពីបញ្ហាគ្រោះថ្នាក់នៃជំងឺអង់ត្រាក់ និងការពារខ្លួនពីការឆ្លងបាក់តេរីអង់ត្រាក់ (Bacillus Anthracis) ដោយសារនាពេលថ្មីៗនេះមានការផ្ទុះឡើងនៅប្រទេសជិតខាង និងបណ្តាប្រទេសមួយចំនួន។
ជំងឺអង់ត្រាក់ ឬហៅថាពិសធ្យូង ដែលកើតលើមនុស្ស ឬវជំងឺអង់ត្រាក់ ឬជំងឺឈាមខ្មៅ ពេលវាកើតលើសត្វ បង្កឡើងដោយបាក់តេរីដែលបង្កើតស្ទ័រ (spore-forming bacillus anthracis)។
យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថា៖ «ជំងឺអង់ត្រាក់ ឬពិសធ្យូង ជាជំងឺដ៏កម្រ ប៉ុន្តែធ្ងន់ធ្ងរ ដែលអាចកើតមានឡើងជាចម្បងលើសត្វពាហនៈ និងសត្វព្រៃ។ លក្ខណ:ពិសេសនៃមេរោគអង់ត្រាក់ គឺអាចរស់នៅដោយស្រួល ក្រោមរូប ភាពជាគ្រាប់ស្ទ័រ ក្នុងបរិយាកាសខាងក្រៅ»។
ស្ទ័ររបស់បាក់តេរីអង់ត្រាក់ ធន់នឹងធាតុអាកាសខាងក្រៅបាន អាចសម្ងំដល់រាប់ឆ្នាំ (៣០-៤០ ឆ្នាំ) នៅក្នុងដី សាកសពសត្វ និងលាមកសត្វ។
សត្វស៊ីស្មៅ រួមមាន គោ ក្របី ចៀម ពពែ សេះ អាចឆ្លងមេរោគនេះ ចូលក្នុងខ្លួន បន្ទាប់មកគ្រាប់ស្ទ័រក្លាយជាមេរោគមានចលនា ហើយបញ្ចេញពិសរបស់វា ដែលមានគ្រោះថ្នាក់ដល់សុខភាព។
ក្រសួងបានបន្ដថា៖ «មនុស្សអាចឆ្លងមេរោគអង់ត្រាក់ តាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយសត្វឈឺ (ស្បែកមុតដាច់ជាច្រកចូលនៃមេរោគ) ការដកដង្ហើមចូលនូវធូលី ដែលមានស្ទ័រមេរោគអង់ត្រាក់ ការបរិភោគសាច់មានមេរោគអង់ត្រាក់ ការប្រើម្ជុលសឺរ៉ាំងរួមគ្នាជាមួយអ្នកមានជំងឺអង់ត្រាក់»។
មេរោគអង់ត្រាក់មិនមានភ័ស្តុតាងឆ្លងរាលដាលពីមនុស្សទៅមនុស្សនោះទេ ប៉ុន្តែដំបៅស្បែកលើអ្នកជំងឺ អង់ត្រាក់អាចឆ្លងខ្លាំង។
ជំងឺនេះបង្ហាញរោគសញ្ញា ៣ សណ្ឋាន៖ ស្បែក ក្រពះពោះវៀន និងផ្លូវដង្ហើម ដែលនីមួយៗមានរោគសញ្ញាផ្សេងៗគ្នាដែលរយៈពេលបង្ករោគមានចន្លោះពី១ ទៅ៧ថ្ងៃ។
ក្រសួងបានពន្យល់ថា៖ «ក្នុងករណីមានការឆ្លងមេរោគលើស្បែក យើងជាធម្មតាឃើញមានកន្ទួលក្រហម រមាស់ ដែលវិវត្តទៅជាដំបៅខ្មៅ»។
ក្រសួងបានបញ្ជាក់ថា៖ «រោគសញ្ញាក្រពះពោះវៀនប្រហាក់ប្រហែលនឹងការពុលអាហារ ប៉ុន្តែអាចកើនឡើងដល់ស្ថានភាពធ្ងន់ធ្ងរ រួមទាំងក្អួតឈាម និងរាគឈាម។ ការឆ្លងមេរោគផ្លូវដង្ហើម ទោះបីជាកម្រក៏ដោយ វាអាចគំរាមកំហែងដល់អាយុជីវិតបានយ៉ាងឆាប់រហ័ស ជាមួយនឹងរោគសញ្ញា ដូចជា គ្រុនក្តៅ ពិបាកដកដង្ហើម និងកកឈាមក្នុងបេះដូង»។
វិធានការបង្ការក៏រួមបញ្ចូលផងដែរនូវការកប់ ឬដុតសត្វងាប់ ដើម្បីការពារការចម្លងរោគបន្ថែមទៀត។ ក្រសួងបានឱ្យដឹងថា ជំងឺអង់ត្រាក់មានឱសថសម្រាប់ព្យាបាល និងវ៉ាក់សាំងសម្រាប់ចាក់បង្ការ។
ប្រសិនបើអ្នកសង្ស័យថាអ្នក ឬនរណាម្នាក់ផ្សេងទៀតអាចឆ្លងមេរោគ ត្រូវប្រញាប់បញ្ជូនអ្នកជំងឺសង្ស័យទៅកាន់មន្ទីរពេទ្យជាបន្ទាន់ដើម្បីទទួលការព្យាបាលឱ្យទាន់ពេលវេលា ឬទំនាក់ ទំនងមកលេខ ១១៥។
ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹង អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ តាមបណ្តាញសង្គមផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និង គេហទំព័រ www.cdcmoh.gov.kh។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ៕