
គម្របព្រៃឈើ ក្នុងសហគមន៍តំបន់ការពារធនធានធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី។ រូបថត ក្រសួងបរិស្ថាន/WCS
ភ្នំពេញៈ សហគមន៍មូលដ្ឋាន គឺជារនាំងការពារធនធានធម្មជាតិ តាមរយៈការចូលរួមទប់ស្កាត់បទល្មើស និងកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើធនធានព្រៃឈើ ដោយការផ្តល់ជម្រើសមុខរបរថ្មី។ ប៉ុន្តែសមាជិកសហគមន៍ មួយចំនួនកំពុងតែប្រព្រឹត្តផ្ទុយពីនេះទៅវិញ ដែលប្រឈមទៅនឹងវិធានការច្បាប់។
ក្រសួងបរិស្ថានកាលពីថ្ងៃទី៧ ខែឧសភា បានឱ្យដឹងថា សហគមន៍តំបន់ការពារធម្មជាតិមួយចំនួន បានយកព្រៃឈើ ក្នុងតំបន់គ្រប់គ្រងរបស់ខ្លួនទៅប្រើប្រាស់ ផ្ទុយពីច្បាប់។ ក្នុងនោះរួមមាន ការលក់ដូរ ជួល ផ្តួលរំលំឈូសឆាយ រុករានទន្ទ្រានព្រៃឈើ ដែលបម្រើឱ្យគោលបំណងផ្សេងទៀត។ នេះ«ជាហេតុធ្វើឱ្យបាត់បង់គម្របព្រៃឈើ និងជម្រកសត្វព្រៃ និងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ ធនធានធម្មជាតិរបស់ជាតិ»។
ក្រសួងបានជូនដំណឹងដល់សាធារណជន ជាពិសេសសមាជិក និងគណៈកម្មការគ្រប់គ្រង សហគមន៍តំបន់ការពារធម្មជាតិទាំងអស់ថា សកម្មភាពបែបនេះ គឺល្មើសទៅនឹងក្រមបរិស្ថាន និងធនធានធម្មជាតិត្រង់ មាត្រា៣៧២ ចំណុចទី១។ ចំណុចនេះបានចែងថា «សហគមន៍តំបន់ការពារ និង/ឬសមាជិកនៃសហគមន៍តំបន់ ការពារធម្មជាតិពុំមានសិទ្ធិកាប់គាស់ ឬឈូសឆាយដីព្រៃក្នុងសហគមន៍តំបន់ការពារ ធម្មជាតិ និងបង្វែរធ្វើជា ដីកសិកម្ម ឬធ្វើជាកម្មសិទ្ធិបុគ្គល ឬលក់ ប្តូរ ជួល បញ្ចាំ ធ្វើអំណោយ ប្រវាស់ បែងចែក ដោះដូរ ឬធ្វើការផ្ទេរ តំបន់គ្រប់គ្រងរបស់សហគមន៍តំបន់ការពារធម្មជាតិឱ្យបុគ្គលណាមួយបានឡើយ»។
ក្រសួងបានព្រមានថា៖«ក្រសួងនឹងចាត់វិធានការចំពោះបុគ្គល និងសហគមន៍ទាំងឡាយណា ដែលបានប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដោយគ្មានការលើកលែងឡើយ»។

ការផ្តល់ជម្រើសមុខរបរកសិកម្មថ្មី ដល់សហគមន៍មូលដ្ឋាន ក្នុងខេត្តមណ្ឌលគិរីដើម្បីកុំឲ្យពួកគាត់ពឹងផ្អែកទាំងស្រុងលើធនធានព្រៃឈើ។ រូបថត ក្រសួងបរិស្ថាន/WSC
សហគមន៍តំបន់ការពារធម្មជាតិសរុបចំនួន ១៩៣ ដែលមានផ្ទៃដី ៣៣២ ១០៨ ហិកតា ត្រូវបានបង្កើតឡើង គិតត្រឹម ឆ្នាំ២០២៤។ សហគមន៍ទាំងនោះ មានសមាជិកសរុបជាង៧ម៉ឺនគ្រួសារ ដែលកំពុងតែរស់នៅក្នុងខេត្តចំនួន១៥។ នេះបើយោងតាម អ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យា។
លោកបានប្រាប់ពីគោលបំណង នៃការបង្កើតសហគមន៍តំបន់ការពារធម្មជាតិថា គឺដើម្បីជំរុញឱ្យប្រជាសហគមន៍ទាំងនោះ ទទួលបានការយល់ដឹង ទាំងការប្រើប្រាស់ និងការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយចីរភាព។
កម្ពុជាមានផ្ទៃដីតំបន់ការពារធម្មជាតិជាង៧លានហិកតា ដែលស្មើនឹងជាង៤១ភាគរយ នៃផ្ទៃដីប្រទេស ប៉ុន្តែនាពេលបច្ចុប្បន្ននេះ មានមន្រ្តីឧទ្យានុរក្សតែជាង១ពាន់នាក់ប៉ុណ្ណោះ ក្នុងនោះមានស្ត្រី ៣៤នាក់ផងដែរ។
នេះគឺជាមូលហេតុមួយផងដែរ ដែលចាំបាច់ត្រូវមានការចូលរួមពីសហគមន៍មូលដ្ឋាន ដែលរស់នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិ ដើម្បីរួមគ្នា ជួយការពារបន្ថែមទៀត។
លោកបញ្ជាក់ថា៖«សហគមន៍តំបន់ការពារធម្មជាតិ គឺជារនាំងការពារធនធានធម្មជាតិរបស់យើង។ គាត់ចូលរួមអភិវឌ្ឍជីវភាពរបស់គាត់ គឺកាត់បន្ថយបានការចូលព្រៃ ដែលគាត់ធ្លាប់ពឹងពាក់ពីមុន១០០ភាគរយ តាមរយៈជម្រើសមុខរបរថ្មី ដូចជាចិញ្ចឹមសត្វ ដាំបន្លែ ឬក៏ផ្តល់នូវសេវាកម្មទេសចរណ៍ លក់ដូរជាដើម»។

ក្រសួងបានអំពាវនាវដល់គ្រប់សមាជិក និងគណៈកម្មការគ្រប់គ្រង សហគមន៍តំបន់ការពារធម្មជាតិទាំងអស់ ឱ្យចូលរួមអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន ពិសេសក្រមបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិដទៃទៀតជាធរមាន ទាក់ទងនឹងការគ្រប់គ្រង និង ប្រើប្រាស់តំបន់សហគមន៍តំបន់ការពារធម្មជាតិ ដើម្បីធ្វើយ៉ាងណា រក្សាការពារធនធានធម្មជាតិជាតិ និងប្រើប្រាស់ ឱ្យមាននិរន្តភាព និងរីកចម្រើនដល់ជីវភាពរស់នៅគ្រប់សមាជិកសហគមន៍។
លោកព្រេង សុខសារីប្រធានសហគមន៍តំបន់ការពារធម្មជាតិពូត្រុំ ក្នុងខេត្តមណ្ឌលគិរី បានអះអាងថា នៅក្នុងសហគមន៍លោកអត់មានសមាជិកណាប្រព្រឹត្តខុសទៅនឹងលក្ខន្តិកសហគមន៍ ឬក្រមបរិស្ថាន និងធនធានធម្មជាតិនោះទេ។ ប៉ុន្តែ កាលពីប៉ុន្មានខែកន្លងមកនេះ សហគមន៍បានរកឃើញដើមឈើប្រមាណជា៦ដើម ត្រូវបានអ្នកមកពីខាងក្រៅលួចកាប់។
លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី៨ ខែឧសភាថា៖«នៅក្នុងសហគមន៍ខ្ញុំ អ្នកដែលបំផ្លាញធនធានធម្មជាតិ ដូចជាកាប់ឈើ ទន្រ្ទានយកដី ឬជួញឈើ គឺអត់មានទេ។ ផ្ទៃដីសហគមន៍យើងតូច មានតែ៤៤៣ហិកតាប៉ុណ្ណោះ។ អ៊ីចឹងហើយ យើងគ្រប់គ្រងបានល្អ»។
ទោះយ៉ាងណា លោកបានលើកទឹកចិត្តដល់ក្រសួងបរិស្ថាន ក្នុងការអនុវត្តច្បាប់ចំពោះសមាជិកសហគមន៍ណា ដែលបានប្រព្រឹត្តផ្ទុយពីច្បាប់ ឬក្រមបរិស្ថាន និងធនធានធម្មជាតិ៕


