រដូវកាល​បៃតង​(Green Season)​ នៃ​វិស័យ​ទេសចរណ៍​​កម្ពុជា​បាន​ចាប់​ផ្ដើម​ពី​ខែ​មេសា និង​បន្ត​រហូត​ដល់​ខែ​តុលា ដែល​ជា​រដូវ​កាល​​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិតិច​​ ​ដោយសារ​នៅ​តំបន់​អឺរ៉ុបជា​ពេល​​មនុស្ស​​ភាគ​ច្រើន​ត្រូវ​ធ្វើ​ការងារ​មមាញឹក និង​ការ​សិក្សាច្រើន​ដែល​​ជា​ទូទៅ​គេ​ហៅ​ថា Low Season។

ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុង​រដូវ​កាលបៃតង​​នេះ នាយក​រដ្ឋមន្ត្រី​​កម្ពុជា លោក ហ៊ុន ម៉ាណែត កាល​ពី​ខែ​​កុម្ភៈ ឆ្នាំ​២០២៥​ បាន​ប្រកាស​គាំទ្រ​ការ​ដាក់​ចេញ​នូវ​យុទ្ធនាការ​«រដូវកាល​បៃតង»​ជំនួស​ឱ្យ​ពាក្យ​រដូវ​កាល​ថយ​ភ្ញៀវ(Low Season)​នា​រដូវ​វស្សា។ គោល​ដៅ​នៃ​ការ​កំណត់​ឈ្មោះរដូវកាល​បៃតង​ គឺ​តាម​រយៈ​​​​ការ​ផ្តល់​ជូន​​អ្នក​ទេសចរ​​នូវ​បទពិសោធ​ទេសចរណ៍​ដ៏​សែន​ស្រស់​ស្រាយ និង​សម្រស់​ដ៏​ល្អ​ឯក​របស់​ប្រទេស​កម្ពុជា​នា​រដូវ​វស្សា ដែលជា​​ទេសភាព​ពោរពេញ​ដោយ​ពណ៌បៃតង ​អាកាសធាតុ​ត្រជាក់ និង​មាន​បរិយាកាស​ស្រស់ស្រាយ។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ហួត ហាក់ ​កាល​ពី​ថ្ងៃ​ទី៧ ខែឧសភា​ បាន​​ដឹក​នាំ​កិច្ចប្រជុំក្រុមការងារជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង ដោយ​​លោក​បានស្នើឱ្យ​វិស័យឯកជនត្រូវរួមគ្នាផ្សព្វផ្សាយ និង​លើក​កម្ពស់​វិស័យ​ទេសចរណ៍ តាម​រយៈ​ការ​បញ្ចុះតម្លៃស្នាក់នៅ ម្ហូបអាហារ ការពង្រឹងបដិសណ្ឋារកិច្ចឱ្យល្អ និងកក់ក្តៅ ជាពិសេសត្រូវរួមគ្នាបង្កើតព្រឹត្តិការណ៍ទេសចរណ៍នានានៅតាមបណ្តារាជធានីខេត្ត។


ក្នុងកិច្ចប្រជុំខាងលើ​​លោករដ្ឋមន្ត្រីក៏​បានស្នើ​ឱ្យ​មាន​ការ​​ចូលរួមពីសំណាក់ផ្នែក​ឯកជន និង​បងប្អូនក្រុមអ្នកផលិតមាតិកាទេសចរណ៍កម្ពុជាផងដែរ​។

លោក​បាន​លើក​ឡើង​ទៀត​​ថា​ ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២៥ នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិ​ដែលមកទស្សនាកម្ពុជា មានចំនួនជិត ២ លាននាក់ ពោលគឺកើនឡើងជាង ១៦ ភាគរយ​បើធៀបនឹងរយៈពេលដូចគ្នាក្នុង​ឆ្នាំ ២០២៤។ ទាំង​នេះ​​បញ្ជាក់ឱ្យឃើញពីសក្តានុពលទេសចរណ៍ កត្តា​សុខសន្តិភាព ស្ថិរភាពនយោបាយ និង​សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ជម្រើសការស្នាក់នៅ ម្ហូបអាហារដ៏មានឱជារស ការកម្សាន្តដ៏សម្បូរបែប ហេដ្ឋារចនាសម្ព័ន្ធមានការអភិវឌ្ឍ ដែលជំរុញឱ្យភ្ញៀវទេសចរ​ជ្រើសរើសការ​មកទស្សនា និងកម្សាន្ត​នៅ​កម្ពុជា​កាន់​តែ​ច្រើន​។


លោក​បាន​ថ្លែង​ថា៖​«​ដើម្បីពង្រឹងគុណភាពការធ្វើបដិសណ្ឋារកិច្ចភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងរដូវកាលបៃតង​(Green Season)​នេះ ខ្ញុំ​សូម​ស្នើផ្នែក​ឯកជនត្រូវរួមគ្នាបញ្ចុះតម្លៃស្នាក់នៅតាមសណ្ឋាគារ និងម្ហូបអាហារ ការពង្រឹងបដិសណ្ឋារកិច្ចឱ្យល្អ និងកក់ក្តៅ ជាពិសេសត្រូវរួមគ្នាបង្កើតព្រឹត្តិការណ៍ទេសចរណ៍នានានៅតាមបណ្តារាជធានីខេត្ត ដោយត្រូវរៀបចំជាលក្ខណៈយុទ្ធសាស្ត្រ និងប្រកបដោយភាពច្នៃប្រឌិត និងមានអត្តសញ្ញាណវប្បធម៌ខ្មែរ។ ការ​ពង្រឹក​កិច្ចសហការឱ្យកាន់តែ​សកម្ម និងផុសផុលពីបណ្តាភាគីពាក់ព័ន្ធទាំងអស់ គឺ​ជាជវភាពនៃតួអង្គតែមួយ​ដើម្បីរួមគ្នាសម្រេចឱ្យបាននូវកំណើនភ្ញៀវទេសចរបន្ថែមទៀតនាឆ្នាំ២០២៥ នេះ»។

ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា លោក ឌិន សុមេធារិទ្ធ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​៨ ខែ​ឧសភា​ថា រដូវកាល​បៃតង​ គឺ​ជា​ពេល​ដែល​អាកាស​ធាតុ​នៅ​ប្រទេស​កម្ពុជា​ចាប់​ផ្តើម​ល្អ​ប្រសើរ ​ព្រោះសីតុណ្ហភាព​មិន​​សូវ​ក្តៅ​ខ្លាំងដូច​ក្នុង​អំឡុង​ខែ​មីនា-មេសា និង​មាន​ភ្លៀង​ធ្លាក់​ផងដែរ។ ​សម្រាប់​ភ្ញៀវ​បរទេស​(តំបន់​អឺរ៉ុប)គឺពួក​គាត់​មិនធ្វើ​ដំណើរ​ឆ្ងាយ​នោះ​ទេ​នា​អំឡុង​ពេល​នេះ​​។ លោក​បន្ត​ថា ជា​ទូទៅ​រដូវ​កាល​​បៃតង គឺជា​ពេល​ដែល​​តម្លៃ​នៃ​ការ​ជួល​ស្នាក់​នៅ និង​ជួលកន្លែង​រៀបចំកម្មវិធីផ្សេងៗ​​មាន​តម្លៃ​ទាប​ជាង​ពេល​ធម្មតា ព្រោះ​មិន​សូវ​មាន​ភ្ញៀវ​មក​ពី​ក្រៅ​ប្រទេស។

បើ​តាម​លោក សុមេធារិទ្ធ ដោយ​សារ​ Green Season នៅ​កម្ពុជា​ចំពេល​ដែល​ភ្ញៀវអឺរ៉ុប​មិន​សូវ​ធ្វើ​ដំណើរ​ឆ្ងាយ ដូច្នេះ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​អាច​ងាក​ទៅ​ចាប់​អារម្មណ៍​ចំពោះ​ភ្ញៀវ​នៅ​ក្នុង​តំបន់​អាស៊ាន ក៏​ដូច​ជា ប្រទេស​ចិន ជប៉ុន និង​កូរ៉េ ជា​ដើម​។ ​រដូវកាល​បៃតងនៅ​កម្ពុជា ក៏អាច​ចាត់​ទុក​ជា​រដូវកាល​កសិ-ទេសចរណ៍ និង​ប្រមូល​ផល​ផ្លែឈើ​សម្រាប់​បរិភោគ​ផងដែរ ដូចជា ស្វាយ ក្រូច​ និង​ធុរ៉េន ជា​ដើម​។

លោក​បាន​ថ្លែង​ថា៖«​យើង​សង្ឃឹមថា​អ្វីៗ​នឹង​កាន់​តែ​​​ប្រសើរ ប្រសិន​បើ​យើង​រៀបចំ​​យុទ្ធសាស្រ្តបាន​ត្រឹម​ត្រូវ ខណៈ​​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ក៏​បាន​ស្នើ និង​​លើក​ទឹក​ចិត្ត​ឱ្យ​ខិតខំ​ផ្សព្វផ្សាយ​កាន់​តែ​ល្អ និង​ទូលំទូលាយ ដើម្បី​ឱ្យ​គេ​យល់​ថាអ្វី​ទៅ​ជា Green Season ហើយ Green Season នៅ​កម្ពុជាមាន​អ្វី​ពិសេសៗ​ខ្លះ​សម្រាប់​ទទួល​ភ្ញៀវ»។​​

ទោះយ៉ាង​ណាលោក​ក៏​បាន​​លើក​ឡើង​ ពី​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​​ធ្វើ​ដំណើរ​ទៅ​​តំបន់​អេកូ-ទេសចរណ៍​មួយ​ចំនួន​នៅ​​រដូវ​ភ្លៀង​ធ្លាក់​​ផងដែរ៕​